(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រៀបប្រដូចការធ្វើបាតកម្ម របស់គណបក្សសង្រ្គោះជាតិកន្លងមកថា ជាការបង្កាត់ភ្លើងឲ្យឆាបឆេះ នាំទុក្ខដល់ប្រជាពលរដ្ឋ ហើយចុងក្រោយ បែរជាគ្មានសមត្ថភាព ក្នុងការពន្លត់ភ្លើងវិញ។
ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស បានធ្វើឡើង ក្រោយពីគណបក្សសង្រ្គោះជាតិ កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួន នឹងធ្វើមហាបាតកម្ម ទ្រង់ទ្រាយធំនៅពេលខាងមុខនេះ ដើម្បីទាមទារ ឲ្យមានដំណោះស្រាយនយោបាយ និងតវ៉ាដោយបដិសេធ មិនទទួលយកការសម្រេចរបស់តុលាការ។
លោក ប៉ា សុជាតិវង្ស បានលើកឡើងបែបនេះ ខណៈលោក ចូលរួមក្នុងការបើកការដ្ឋានស្ថាបនា ជញ្ជាំងបេតុងប្រឡាយបឹងសាឡាង និងផ្លូវបេតុងអមសងខាងមាត់ប្រឡាយ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ឲ្យដឹងថា «ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គេបានធ្វើបាតុកម្ម ប៉ុន្តែចុងក្រោយធ្វើបានដើម្បីអី ដើម្បីប្រជាពលរដ្ឋណាដែលទទួលបានផលប្រយោជន៍ ពីបាតុកម្មនោះ មានទេ គឺអត់មានទេ គេអាចអូជភ្លើងបង្កាត់ភ្លើងឲ្យឆេះបាន ប៉ុន្តែគេគ្មានសមត្ថភាពពន្លត់អគ្គិសនីបានទេ រឿងនេះមិនមែនជារឿងប្ចចុប្បន្នភាពទេ ប្រវត្ថិសាស្រ្តរបស់កម្ពុជាយើង ធ្លាប់ជួបប្រទះមិនលំបាក ដើម្បីញ៉ុះញង់ មនុស្សឲ្យចូលរួមបាតុកម្មប្រឆាំងបែបនេះ បែបនោះ ប៉ុន្តែពេលបាតុកម្មវាឆេះហើយ អគ្គិភ័យឆេះហើយ អ្នកណាជាអ្នកពន្លត់ មិនច្បាស់ថា អ្នកដែលបង្កាត់ភ្លើងឲ្យឆេះហើយពន្លត់បាននោះទេ សង្រ្គាមឆ្នាំ៧០ សិប វាច្បាស់ហើយ ហើយបាតុកម្មជាបន្តបន្ទាប់នៅក្នុងការបញ្ឆេះការតវ៉ាផ្សេងៗ ធ្វើឲ្យកម្ពុជាបែកបាក់ ធ្វើឲ្យកម្ពុជាទទួលរងទុក្ខសោកនាដកម្ម គ្រប់គ្រាន់ហើយ ប្រវត្ថិបង្ហាញថាមិនគប្បី ឲ្យត្រលប់ ទៅរកការឈឺចាប់ថ្មីទៀតបានឡើយ»។
សម្រាប់គម្រោងរៀបចំមហាបាតុកម្មនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមាន មិនអនុញ្ញាតជាដាច់ខាត ហើយសម្តេចបានបញ្ជាឱ្យ កងកម្លាំងប្រដាប់អាវុធត្រៀម ខ្លួនទប់ទល់ និងកម្ចាត់មហាបាតុកម្មនោះផងដែរ បើទោះបីក្នុងតម្លៃណាក៏ដោយ៕