(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្សសង្រ្គោះជាតិ បានរកឃើញ មានជនជាតិវៀតណាម ជាង៤០០នាក់ ចុះឈ្មោះបោះឆ្នោត នៅរាជធានីភ្នំពេញ ដោយមិនប្រក្រតី។ លោកថា ករណីនេះ គណបក្សសង្រ្គោះជាតិ នឹងដាក់ពាក្យបណ្តឹងទៅ គ.ជ.ប។
ការអះអាងរបស់ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើឡើងនៅក្នុងវេទិកាស្តីពី «ការបោះឆ្នោត» ដែលរៀបចំធ្វើនៅទីស្នាក់ការ គណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា រហូតមកដល់ពេលនេះ គ.ជ.ប នៅមិនទាន់ទទួលបាន ពាក្យបណ្តឹងរបស់គណបក្សសង្រ្គោះជាតិ នៅឡើយទេ។ តែលោកបានបញ្ជាក់ថា បើមានពាក្យបណ្តឹងនេះទៅដល់ គ.ជ.ប ហើយមានភស្តុតាងជាក់ស្តែង និងគ្រប់គ្រាន់ គ.ជ.ប នឹងចាត់ការលើបណ្តឹងនេះភ្លាម តែប្រសិនជាមិនមាន ភស្តុតាងគ្រប់គ្រាន់ទេនោះ គ.ជ.ប ក៏នឹងចុះទៅត្រួតពិនិត្យជាក់ស្តែង ដើម្បីប្រតិបត្តិការឲ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់។
លោកបានបន្តថា យ៉ាងណាក៏ដោយ គ.ជ.ប សាទរដែលគណបក្សប្រឆាំង បានខិតខំរាយការណ៍ និងបង្ហាញពីភាពមិនប្រក្រតីនៅអំឡុងការចុះឈ្មោះបោះឆ្នោត នាពេលនេះ។ គ.ជ.ប សន្យាថា នឹងខិតខំដោះស្រាយបញ្ហានៃភាពមិនប្រក្រតីឲ្យបានល្អបំផុត។
តែយ៉ាងណាក៏ដោយ គ.ជ.ប បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការចុះឈ្មោះបោះឆ្នោតមិនថា ជនបរទេស ឬប្រជាពលរដ្ឋខ្មែរឡើយ ឲ្យតែមានឯកសារគ្រប់គ្រាន់នោះ គ.ជ.ប នឹងអនុញ្ញាតឲ្យចុះឈ្មោះបោះឆ្នោត ខណៈដែលដំណើរការនៃការចុះឈ្មោះបោះឆ្នោត បាននិងកំពុងធ្វើឡើង អំឡុងថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើតាមរបាយការណ៍របស់ គ.ជ.ប រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នោះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរ ២,១៧៨,០៣២នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈដែល ពលរដ្ឋជាង៩.៦លាននាក់ កំពុងគ្រប់អាយុត្រូវបោះឆ្នោត៕
អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប