(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ខ្លូនពាក់ព័ន្ធក្នុងករណីគ្រឿងញៀន នាម៉ោង២៖៣០នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី ម៉ន វុធី ជាអធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន បានឲ្យដឹងថា មុនឈានទៅដល់ធ្វើការឃាត់ខ្លួន កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ ក្រោមការណែនាំផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ រហូតឈានទៅការឃាត់ខ្លួនបានម្នាក់ខណៈជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន តាមផ្លូវចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ដោយនាំយកថ្នាំទៅជាមួយផងដែរ ទើបធ្វើឲ្យមន្ដ្រីជំនាញដកហូតបានតែសម្ភារៈប្រើប្រាស់តែប៉ុណ្ណោះ។
លោកវរសេនីយ៍ត្រី បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ រៀម បូរី អាយុ១៦ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមាន មានស្រុកកំណើតនៅ ភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងស្វែងរកបក្ខពួកម្នាក់ទៀត ដើម្បីយកមកចាត់ការតាមច្បាប់។
គួរបញ្ជាក់ផងដែរថា មួយរយៈនេះ កម្លាំនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោយការណែនាំផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានធ្វើស្រាវជ្រាវ តាមចាប់ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន បានជាបន្តបន្ទាប់ ថ្វីបើបទល្មើសជាទ្រង់ទ្រាយតូចក៏ពិតមែន តែជាមោទនមួយផងដែរ៕