(អារ៉ាប៊ីសាអូឌីត)៖ ពិធីបុណ្យហាជ គឺជាសក្ការៈបូជាមួយនៅក្នុងចំណោមសក្ការៈបូជាទំាង៥ នៃសាសានាឥស្លាម ទៅចំពោះអល់ឡោះជាម្ចាស់ ដែលទ្រង់បានបង្គាប់បញ្ជាមកលើជនមូស្លីមគ្រប់រូប។ សក្ការៈបូជាទំាង ៥នៃ សាសនាឥស្លាម រួមមាន ការទទួលស្គាល់អល់ឡោះជាម្ចាស់ និងមហំាម៉ាត់ ជាអ្នកនំាសាររបស់ព្រះ (Shahadah), ការថ្វាយបង្គំមួយថ្ងៃយប់ប្រំាដង (Salat), ការផ្ដល់វិភាគទាន (Zakat) ការតមអាហារ ក្នុងខែរ៉ាម៉ាដន (Sawm) និងពិធីបុណ្យហាជនេះតែម្ដង។
ពិធីបុណ្យហាជ (Hajj) ត្រូវប្រារព្ធ នៅឯទីសក្ការៈបូជា ក្នុងទីក្រុងម៉េកកា (Mecca) នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត។ ពិធីបុណ្យនេះចាប់ផ្ដើមឡើង នៅថ្ងៃទី៨ ខែស៊ុលហិចជាស់ រហូតដល់ថ្ងៃទី១៣ ក្នុងខែដដែលនេះ (គិតតាមកាលបរិច្ឆេទ មហាមំាម៉ាត់ សករាជ ឬចន្ទគតិ) ហើយបើគិតជាគ្រឹស្តសករាជ គឺត្រូវចាប់ផ្ដើមធ្វើឡើងចាប់ពីថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះ រហូតដល់ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នំា២០១៦។ ប៉ុន្តែអ្នកកាន់សាសនាឥស្លាមនៅកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា ស្អែកនេះ។
ពិធីបុណ្យហាជ អាចនិយាយបានថា វាជាកាតព្វកិច្ចចំពោះជនមូស្លីម ដែលមានទ្រព្យសម្បត្តិ សមត្ថភាព និងលទ្ធភាព ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា គេក៏ត្រូវគិតផងដែរពីជីវភាពគ្រួសាររបស់ខ្លួន ជាឧទាហរណ៍ បើសិនជាយើងខ្វះខាតលុយកាក់ ឬមានត្រឹមតែលទ្ធភាពសម្រាប់ធ្វើដំណើរនោះ កាតព្វកិច្ចមួយនេះមិនត្រូវតម្រូវឱ្យធ្វើនោះទេ ឬត្រូវរង់ចំានៅពេលក្រោយដែលយើងមានលទ្ធភាព។
ដោយឡែកបើនិយាយអំពីប្រវត្តិពិធីបុណ្យហាជ មានតំាងតែពីសម័យអ្នកនំាសាររបស់ព្រះជាម្ចាស់ឈ្មោះ អាដំា មកម្ល៉េះរហូតដល់ មហំាម៉ាត់ ដែលជាអ្នកនំាសារចុងក្រោយ ហើយគោលបំណងនៃពិធីបុណ្យនេះគឺ អល់ឡោះ ចង់សាកល្បង លើគោលជំនឿរបស់អ្នកកាន់សាសនាឥស្លាមគ្រប់រូប ក៏ដូចជាបង្ហាញពីភាពជាបងប្អូន របស់ជនមូស្លីមក្នុងពិភពលោក ដែលមានវប្បធម៌ ភាសា ពណ៌សម្បុរខុសៗគ្នាមកជួបជុំគ្នា តាមការបង្គាប់បញ្ជាពី អល់ឡោះជាម្ចាស់។
ពិធីបុណ្យហាជ គឺជាកាតព្វកិច្ចសម្រាប់បុគ្គលជាអ្នកកាន់សាសនាឥស្លាម គ្រប់ៗរូបត្រូវអនុវត្តលើកលែងតែ អ្នកស្លាប់ និងចាស់ជរា ឬក៏ពិការតែប៉ុណ្ណោះ ទើបអាចឱ្យអ្នកដទៃធ្វើជំនួសខ្លួនបាន ពោលគឺមិនមែនមានន័យថា នៅពេលសមាជិកគ្រួសារណាម្នាក់ទៅធ្វើបុណ្យហាជ ហើយសមាជិកដទៃក្នុងគ្រួសារនោះរួចខ្លួននោះទេ។
សូមជំរាបថា កាលពីឆ្នាំ២០១៥ នៅក្នុងពិធីបុណ្យហាជ នៅឯទីក្រុងម៉េកកា (Mecca) នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត មានហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនានេះ បណ្តាលឲ្យមនុស្សជាង ៧១៧នាក់ និងរបួសជាង៨៦០នាក់។ ហេតុការណ៍រត់ជាន់គ្នានេះបានកើតឡើង ខណៈមនុស្សប្រមាណ ២លាននាក់មកពីជុំវិញពិភពលោក បានមកចូលរួមនៅក្នុងពិធីបុណ្យ Hajj ជាពិធីបុណ្យដ៏ធំមួយ របស់សាសនិកឥស្លាម ហើយហេតុការណ៍នេះ គឺជាហេតុការណ៍សម្លាប់មនុស្សយ៉ាងច្រើនជាងគេបំផុត នៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ នៃពិធីបុណ្យរបស់សាសនិកឥស្លាម។ កន្លែងកើតហេតុការណ៍នេះ គឺស្ថិតនៅចម្ងាយប្រហែល ៥គីឡូម៉ែត្រពីវិហារឥស្លាម៕
ខាងក្រោមនេះជាវិដេអូនៃពិធីបុណ្យហាជ នៅអារ៉ាប៊ីសាអូឌីត៖