(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះជួបសំណេះសំណាលសួសុខទុក្ខ នាយនាវី នាយនាវីរង ពលនាវី និងក្រុមគ្រួសារទ័ព នៅលើកោះពូលូវ៉ៃលេខ៥។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការដ្ឋាន ការពារកោះឆ្នេរ អភិបាលរងខេត្ត- ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ ស្នងការនគរបាលខេត្ត គណប្រតិភូ បណ្តាអ្នកវិនិយោគក្នុងខេត្តជាច្រើនរូបផងដែរ។

លោក ម៉ម ម៉េត មេបញ្ជាការ ការពារកោះឆ្នេរពូលូវ៉ៃលេខ៥ ថ្លែងប្រាប់ពីភូមិសាស្ត្រខ្លះៗរបស់កោះពូលូវ៉ៃដល់ថ្នាក់ដឹកនាំ ក្នុងទឹកដីកោះពូលូវ៉ៃលេខ៥ មានចំនួន២កោះ គឺកោះតា និងកោះយាយ ក្នុងតំបន់សមុទ្រនៅកោះពូលូវៃនៃព្រះរាជាណាចក្រកម្ពុជា ខាងជើង ឈៀងខាងលិចមានព្រុំប្រទល់ជាប់សមុទ្រប្រទេសថៃឡង់ និងខាងត្បូង ឈៀងខាងកើត ជាប់សមុទ្រប្រទេសវៀតណាម។ ណែកឯសភាពការណ៍នៃតំបន់កោះពូលូវ៉ៃវិញនោះ ការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញគ្រប់ប្រភេទក្នុងតំបន់ និងធ្វើចរាចរណ៍ឆ្លងកាត់អាចធ្វើឱ្យមានអសន្តិសុខ ពិសេសដូចជា៖ ការនេសាទខុសច្បាប់ ការដឹកជញ្ជូនទំនិញគេចពន្ធ មនុស្សឆ្លងដែន ជួញដូរគ្រឿងញៀន ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ មានជនមិនស្គាល់មុខបានយកគ្រឿងញៀនមកផ្លុងចោលចំនួន២៤បាវ ស្មើ៤៩១គីឡូក្រាម។

លោកបានបន្ថែមថា ស្ថានភាពប្រជាពលរដ្ឋដែលរស់នៅបួនខេត្តជាប់មាត់សមុទ្រ និងតាមតំបន់កោះមានប្រមាណជា៤០% ប្រកបមុខរបរនេសាទចិញ្ជឹមជីវិតជាចម្បង។ ការធ្វើអាជីវកម្មនេសាទតែងតែធ្វើឡើងពីតំបន់មួយទៅតំបន់មួយទៀតតាមរដូវកាលដោយឡែកនៅតំបន់កោះពូលូវ៉ៃនេះ មានប្រជាជនភាគច្រើនជាអ្នកនេសាទមកពីខេត្តកំពត និងខេត្តព្រះសីហនុ។

ក្នុងឱកាសដ៏ពិសេសពិសាលនេះលោក ម៉ម ម៉េត យើងទាំងអស់គ្នាជានាយនាវី នាយនាវីរង ពលនាវី និងក្រុមគ្រួសារទ័ពទូទាំងអង្គភាពកោះទាំងមូលសូមថ្លែងអំណគុណចំពោះអភិបាលខេត្តព្រះសីហនុ ដែលឆ្លៀតឱកាសនូវពេលវេលាដ៏មមាញឹកមានតម្ល អញ្ជើញចុះមកសំណេះសំណាលសាកសួរសុខទុក្ខ យើងខ្ញុំទាំងអស់គា្ននាឱកាសឆ្នាំថ្មី ឆ្នាំ២០២៤នេះ។

លោក គួច ចំរើន បានស្ងើចសរសើរដល់មេបញ្ជាការ និងកម្លាំងពលនាវីទាំងអស់ មិនត្រឹមតែការពារដែនទឹកឱ្យមានសុខសុវត្ថិភាពជូនជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមគ្នាក្នុងកសាងនូវសមទ្ធផលនានាលើកោះពូលូវ៉ៃ ដើម្បីទុកជាការប្រើប្រាស់ និងជាមរតកសម្រាប់កោះពូលូវ៉ៃយើងនេះផងដែរ។

លោកបន្តថា សម្រាប់សមទ្ធផលដែលបានកើតឡើងនៅលើកោះនេះ ប្រើប្រៀបធៀបទៅហ្នឹងដីគោកមានការអភិវឌ្ឍន៍ក៏ពិតមែន ប៉ុន្តែចាត់ទុកថាល្អប្រសើរ ព្រោះនៅពីក្រោយការសាងសង់នេះគឺធ្វើឡើងដោយកម្លាំងកាយចិត្តចូលរួមសាមគ្គី ពោលគឺនៅលើកោះមិនមានគ្រឿងចក្រណាយកមកដើម្បីជួយសម្រួលដល់ការសាងសង់នោះទេ គឺប្រើកម្លាំងរបស់កងទ័ពជើងទឹកទាំងស្រុង។

អភិបាលខេត្តបានគូសបញ្ជាក់ថា សក្តានុពលនៃកោះពូលូវ៉ៃ ពិតជាមានសារសំខាន់ខ្លាំងសម្រាប់ជាតិមាតុភូមិ ជាពិសេសគឺទីតាំងសម្រាប់កងទ័ពជើងទឹករបស់ឈជើងដើម្បីការពារដែនទឹក ដូច្នេះការអភិវឌ្ឍ ព្រមទាំងការចូលរួមចំណែកបរិច្ចាគ និងជួយជ្រុមជ្រែងពីសប្បុរសធម៌កន្លងមក និងនៅថ្ងៃមុខពិតជាមានគុណតម្លៃខ្លាំងណាស់ចំពោះកោះមួយនេះ។

លោក គួច ចំរើន បានបន្ថែមថា បើលើទឹកដីកោះពូលូវ៉ៃមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ វាក៏ជាការចូលរួនចំណែកការការពារនៅអធិបតីភាពឱ្យកាន់តែរឹងមាំតទៅមុខទៀត បើនៅទីនេះមិនមានការអភិវឌ្ឍអ្វីសោះនោះ បងប្អូននៅទីនេះនឹងជួបការលំបាក ការការពារនឹងមិនរឹងមាំសម្រាប់កោះមួយនេះនោះទេ។

អភិបាលខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់កងកម្លាំងទ័ពជើងទឹកទាំងអស់ខិតខំបន្តប្រឹងប្រែងកសាងជំរុំ ហេដ្ឋារចនាសម្ព័ន្ធនៅទីនេះបានសមរម្យហើយ ក៏សូមឱ្យយកចិត្តដាក់រួមគ្នាទប់ស្កាត់អំពើខុសច្បាប់ទាំងឡាយដែលកន្លងមកគេធ្លាប់បានប្រើប្រាស់ទឹកដីជាកន្លែងជួញដូរ និងអំពើទុចរិត។ លោកជឿជាក់ថាបងប្អូនកងកម្លាំងនៅទីនេះធ្វើបានល្អប្រសើរទៅរហូត។

ក្នុងឱកាសនេះដែរ លោក គួច ចំរើន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ឧបត្ថម្ភជូន៖ បញ្ជាការដ្ឋានការពារកោះឆ្នេរ ថវិកា ១០,០០០,០០០រៀល, កងការពារកោះពូលូវៃលេខ៥ ថវិកា ១០,០០០,០០០រៀល និង ៣,០០០ដុល្លារ, នាយនាវី នាយនាវីរង សរុប ៧៧នាក់ ក្នុង ១នាក់ ថវិកា ១០០,០០០រៀល, ប្រជាពលរដ្ឋ សរុប ៩ នាក់ ក្នុង ១នាក់ ថវិកា ១០០,០០០រៀល, ឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូន កងការពារកោះពូលូវៃលេខ៥ រួមមាន៖ ត្រីឆ្អើរចំនួន១០០ គីឡូ, ត្រីងៀតចំនួន ១០០ គីឡូ, ប្រហុកចំនួន ៥០ គីឡូ, ផ្អកចំនួន ៥០ គីឡូ, ទឹកភេសជ្ជកីឡា V-ACTIVEចំនួន ៥០ កេស, ស្រាបៀគ្រុឌចំនួន ៥០ កេស,ត្រីខកំប៉ុង ៥ កេសធំ, មីកំប៉ុង ១០កេសធំ,នំធុញ្ញជាតិ ៥០កេស ,នំកញ្ចប់ផ្សេងៗ ២ កេសធំ,ឱសថសម្រាប់ព្យាលបាលផ្សេងៗចំនួន ១៦ មុខ និងផ្លែស៉ាវម៉ៅស្រស់ ២៥០ គីឡូ, ក្នុងនោះថវិកាសរុបចំនួន ៤០,០៤២,៥០០៛ និង ៣,០០០$៕