(ភ្នំពេញ)៖ អនុវត្តតាមចំណារសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យដំណើរ ការជាបណ្តោះអាសន្នហើយនូវ ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីព្រះមុនីវង្សស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ ។

តាមសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើ ប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ បានឱ្យដឹងថា ស្ពានអាកាស «មរតកតេជោ» កម្ពស់ពីរជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌ មានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ជាអ្នកទទួលការសាងសង់។

បច្ចុប្បន្នការសាងសង់ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ចំពោះមុខដើម្បីជួយសម្រួលដល់លំហូរចរាចរ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាត ឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ៕