(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី បានបន្តចុះផ្សព្វផ្សាយស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ឈានឆ្ពោះអបអរខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានការអញ្ជើញចូលរួមពី លោកបណ្ឌិត អុឹង រតនា សាកលវិទ្យាធិការរង តំណាងលោកបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាស្រ្តាចារ្យ និងនិស្សិត សរុបចំនួន ២៥០នាក់។
មានមតិសំណាល លោក យូ ឡាណា អគ្គលេខាធិការរងទី២ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និស្សិត ប្រកបដោយក្តីរីករាយយ៉ាងក្រៃលែង។
ជាមួយគ្នានេះ លោកជម្រាបជូនថា កាកបាទក្រហមកម្ពុជា ការប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយថែទាំសុខភាពតាមសហគមន៍ និងពង្រឹងភាពធន់នឹងអាកាសធាតុ ដែលចូលរួមក្នុងការដោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចុះវិធានការគន្លឹះដើម្បីពង្រឹងសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល លើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។
ទិសដៅសំខាន់នៃប្រធានបទនេះ គឺការកសាងសហគមន៍នានាឱ្យទៅជាសហគមន៍ដែលមានសម្ថភាពដែលអាចធន់បានទៅនឹងបញ្ហាប្រឈមនានា ដែលជារួមទាក់ទងនិងសុខភាព ផ្លូវកាយ ផ្លូវចិត្ត ជាប្រចាំថ្ងៃដែលបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចនៅលើពិភពលោក ការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងនិងមិនឆ្លងប្រកបដោយគ្រោះថ្នាក់។ តាមរយៈការសិក្សាស្រាវជ្រាវ បានឱ្យដឹងថាជំងឺមិនឆ្លងនៅតែជាបញ្ហាប្រឈមខ្ពស់សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋនិងខាតបង់ថវិកាជាច្រើន ដូចហេតុនេះហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់ទម្លាប់រស់នៅប្រកបដៅសុខភាពល្អ និងជៀសបាននូវជំងឺមិនឆ្លងទាំងបួនប្រភេទរួមមាន ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម ដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី»។
ជួសមុខឱ្យថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាពិសេសឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ដែលបានសម្របសម្រួលបង្កើតឱ្យមានក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យកសិកម្ម អនុញ្ញាតឱ្យយុវជនឱ្យចូលរួមចំណែកជាមួយការងារមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់កាកបាទក្រហមកម្ពុជា ក្នុងន័យវប្បធម៌ចែករំលែក ជាក់ស្តែងសាកលវិទ្យាល័យបានឧបត្ថម្ភថវិកាចូលរួមទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានចំនួន១០លើករួចមកហើយគឺចាប់តាំងពីឆ្នាំ២០០៥ មក។
ឆ្លៀតក្នុងឱកាសនោះដែរ បណ្ឌិត អុឹង រតនា តំណាងឱ្យឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ក្រុមការងារចុះផ្សព្វផ្សាយពីខ្លឹមសារ ៨ឧសភា ២០២៤ ក្រោមមូលបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដើម្បីឆ្លើយតប ក្នុងនាមសាកលវិទ្យាល័យភូមិន្ទកសិកម្មបានរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសហគមន៍មានសុខភាពល្អ នឹងមានភាពធន់នឹងអាកាសធាតុ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ជូនដល់និស្សិតឱ្យមានជំនាញច្បាស់លាស់ពិតប្រាកដក្នុងការផលិតដាំដុះកសិកម្មដែលត្រូវតាមស្តង់ដាបច្ចេកទេស ជួយកាត់បន្ថយជាអតិបរមានូវការប្រើសារធាតុគីមី និងការបំពុលបរិស្ថានជាដើម។
បន្ទាប់ពីធ្វើបទបង្ហាញរួចមកលោក យូ ឡាណា អគ្គលេខាធិការរងទី២ រួមជាមួយក្រុមការងារអញ្ជើញទស្សនកិច្ចក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ៕