(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជារបស់នាយករដ្ឋមន្រ្តីរឿងរថយន្តកែច្នៃស៊ីផ្លេរខុសបច្ចេកទេស, លោក ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ​ បាន​ប្រជុំ​បន្ទាន់ដើម្បីត្រួតពិនិត្យលើ និងទប់ស្កាត់ ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដែលបង្កឡើងដោយការ​កែច្នៃ​យានយន្ត​គ្រប់​ប្រភេទ ជាពិសេសបំពាក់ស៊ីផ្លេរខុសទាំងនេះ។

កិច្ចប្រនេះជុំបានធ្វើឡើងនារសៀលថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៤​នេះ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនៅគោលការណ៍ ៣ចំណុច៖

ទី១-ណែនាំដល់អ្នកដែលបានប្រើប្រាស់ស៊ីផ្លេ ឬបំពង់ស៊ីមុំាងខុសបច្ចេកទេ ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ។
ទី២-ណែនាំដល់ម្ចាស់អាជីវកម្មលក់ដូរបំពង់ស៊ីមុំាង និងស៊ីផ្លេដែលខុសបច្ចេកទេសត្រូវបញ្ឈប់ការលក់ដូរ។
ទី៣-ណែនាំដល់ម្ចាស់យាន្តដ្ឋាននានា ក្នុងរាជធានីភ្នំពេញត្រូវបញ្ឈប់ ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេស ដើម្បីកុំឱ្យរងការផាកពិន័យ ឬឈានទៅបិទអាជីវកម្ម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹង នាពេលដ៏ខ្លីខាងមុខ។

លោក ឃួង ស្រេង បានថ្លែងថា ការប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេសនេះ គឺបានបង្កការរំខានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណនៅតាមដងផ្លូវ ដែលសមត្ថកិច្ចត្រូវតែពង្រឹងការផាក ពិនិត្យឱ្យបានម៉ឹងម៉ាត់ជាទីបំផុត។

នាឱកាសនោះ លោកអភិបាលរាជធានី ក៏បានណែនាំឱ្យចេញសារចរណែនាំមួយ ដោយហាមអ្នកលក់ដូរទាំងអស់ ត្រូវបញ្ឈប់ការលក់ដូរ បំពង់ស៊ីមុំាងកែច្នៃ និងស៊ីផ្លេខុសបច្ចេកទេស ហើយបើមិនអនុវត្តតាម នឹងត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយប្រមូលរបស់របរខុសចប្ចេកទេសទាំងនោះទៅរក្សាទុក និងអាចឈានទៅបិទអាជីវកម្មតែម្តង។

បន្ថែមពីលើនេះទៀត ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង សេ្រងក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ត្រួតពិនិត្យឡើងវិញ ចំពោះអាជីវកម្មក្លឹបកំសាន្ត ក៏ដូចជាបៀរហ្គាឌិន ជាដើម ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋដែរ។ ដោយឡែកចំពោះ ល្បែងស៊ីសងគ្រប់ប្រភេទ ក៏ត្រូវតែបង្ក្រាបអោយដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ការបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីឱ្យក្រសួងជំនាញ និងសមត្ថកិច្ចត្រួតពិនិត្យ លក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្តជាបន្ទាន់នេះ បន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។

ជាមួយគ្នានេះដែរ សម្ដេចធិបតី បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរដាក់ស៊ីផ្លេរដើមវិញ ព្រមទាំងណែនាំដល់ឱ្យបញ្ឈប់សកម្មភាពនេះ។

ដើម្បីឱ្យការអនុវត្តវិធានការនេះ កាន់តែមានប្រសិទ្ធភាព និងកាន់តែទូលំទូលាយ សម្ដេចធិបតី បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។

ជាពិសេសសម្ដេចធិបតី សូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ៕