(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើសុំទៅគណបក្សសង្គ្រោះជាតិទាំងមូល កុំការពារនូវទង្វើខុសច្បាប់របស់បុគ្គល និងសុំកុំយកមហាជនបិទបាំងកំហុសផ្ទាល់ខ្លួន របស់លោក កឹម សុខា ឬក្រុមដែលប្រព្រឹត្តផ្ទុយពីច្បាប់។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «គណបក្សសង្គ្រោះជាតិ មិនគួរយកបញ្ហាបុគ្គលរបស់លោក កឹម សុខា មកបិតបាំងកំហុសរបស់មេដឹកនាំរបស់ខ្លួននោះឡើយ»។
ការលើកឡើងរបស់លោកអភិបាលក្រុងខាងលើនេះ ខណ:ដែលលោក បានប្រាប់ក្រុមអ្នកកាសែត ក្រោយបញ្ចប់បេសកកម្មចុះពិនិត្យភូមិសាស្ត្រ ដែលត្រូវអភិវឌ្ឍន៍ នៅសាងខាងផ្លូវរថភ្លើងចាស់ គិតចាប់ពីចំណុចផ្លូវលេខ៧០ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រហូតដល់ចំណុចគីឡូម៉ែត្រលេខ៦ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសជាក់ស្តែង ក្នុងករណីអ្នកតំណាងរាស្ត្ររូបនេះ បដិសេធដីការកោះហៅរបស់តុលាការ ក្នុងការចូលខ្លួនធ្វើជាសាក្សីពាក់ព័ន្ធរឿងសញ្ចារកម្មជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ហើយបទល្មើសមួយនេះ នឹងត្រូវធ្វើការកាត់ទោសនៅថ្ងៃទី៩ ខែកញ្ញានេះ។
លោក ប៉ា សុជាតិវង្ស បានថ្លែងថា «វាជារឿងគណបក្ស ប៉ុន្តែគេពុំគម្បីយករូបភាពមហាជនទៅការពារបុគ្គល! ចឹងយើងនៅតែអំពាវនាវចង់ឲ្យបុគ្គល លោក កឹម សុខា ត្រូវតែមានការទទួលខុសត្រូវជាមួយមុខច្បាប់ ហើយត្រូវខិតខំអនុវត្តតាមច្បាប់ និង មិនត្រូវគិតថា ការប្រមូលកម្លាំងដើម្បីបង្កើតឲ្យមានចលនាមួយប្រឆាំងច្បាប់! ដែលបញ្ហានេះ ជាកំហុស! ខ្ញុំគិតថា លោក កឹម សុខា ក៏ដូចជាគណបក្សសង្គ្រោះជាតិ នឹងពិចារណាបញ្ហានេះឡើងវិញ ព្រោះថា យើងជាម្ចាស់នយោបាយ យើងជាតំណាងរាស្ត្រ ជាសមាជិករដ្ឋសភា យើងគួរតែយល់ គួរតែធ្វើគំរូដល់ប្រជាពលរដ្ឋ ដើម្បីជាអ្នកឈានមុខគេក្នុងការអនុវត្តច្បាប់»។
លោកអភិបាលបន្តថា អ្នកនយោបាយត្រូវតែគោរពច្បាប់ ដូចជាប្រជាពលរដ្ឋសាមញ្ញា ដើម្បីកុំឲ្យផ្ទុយនឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវប្រទេសប្រកាន់យក និងអនុវត្ត។ លោកបញ្ជាក់ថា បុគ្គល ឬក្រុមដែលប្រព្រឹត្តខុស គឺមានច្បាប់ជាអ្នកកាត់តម្រឹម។
តុលាការចាត់ទុកបទល្មើសរបស់លោក កឹម សុខា ដោយយោងតាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅឲ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ១លានរៀល»។
ក្នុងរឿងស្នេហាក្រៅតម្រានេះ តុលាការក៏បានធ្វើការចោទប្រកាន់ មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់ឲ្យនាង ស្រីមុំ បង្ហាញសក្សីកម្មក្លែងក្លាយផងដែរ៕