(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីចូលរួមការពារ និងលើកស្ទួយវប្បធម៌របស់ជាតិ គឺទាមទារឲ្យយុវជនត្រូវមានចំណេះដឹង ឬត្រូវយល់ដឹងឲ្យបានល្អ អំពីសិល្បៈវប្បធម៌ជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ រួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ពាក្យថា «គោរពស្រឡាញ់វប្បធម៌ជាតិ» ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែដើម្បីឲ្យមានការគោរពស្រឡាញ់ពិតប្រាកដ ទាមទារនូវការយល់ដឹងឲ្យបានច្បាស់លាស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ពាក្យថា «គោរពស្រឡាញ់វប្បធម៌ជាតិ» ជាពាក្យងាយស្រួលនិយាយ, ប៉ុន្តែដើម្បីឲ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវមានចំណេះដឹង ត្រូវយល់ដឹងឲ្យបានល្អ អំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌ជាតិយើង»។
ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ និងការបញ្ជ្រៀបការយល់ដឹងបង្កើនឱកាសនៃការចូលរួម បង្កើតឲ្យមានភាពទាក់ទាញកាន់តែខ្លាំងដល់មហាជនទូទៅ ជាពិសេសយុវជន និងពង្រឹងសេចក្ដីគោរពស្រលាញ់មកលើវប្បធម៌ទាំងរូបីយ៍ និងអរូបីយ៍របស់ប្រទេសជាតិ។
សម្ដេចធិបតី ក៏បានលើកឡើងដែរថា សុភាសិតខ្មែរ «ទំពាំងស្នងឫស្សី» ដែលត្រូវបានប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ បានបន្តក្លាយជាគោលការណ៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ហើយនៅនីតិកាលទី ៧ នៃរដ្ឋសភានេះ បញ្ចកោណយុទ្ធសាស្ត្រទី ១ នៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» បានកំណត់ច្បាស់ពីការបន្តផ្តោតអាទិភាព ទៅលើការអភិវឌ្ឍធនធានមនុស្ស ដែលជាលក្ខខណ្ឌស្លាប់រស់សម្រាប់ជំរុញផលិតភាព, ពិពិធកម្មសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា វិស័យសិល្បៈ និងវប្បធម៌ ជាផ្នែកមួយនៃអាទិភាពរបស់រាជរដ្ឋាភិបាល ដែលម្យ៉ាងសំដៅទៅដល់កិច្ចការការពារអត្តសញ្ញាណជាតិ និងប្រជាជន។ សម្ដេចថា តម្រូវការនៃការចូលរួមរបស់យុវជន ក្នុងវិស័យសិល្បៈវប្បធម៌ ដើម្បីសេដ្ឋកិច្ចសង្គម និង ការទប់ស្កាត់អំណាចនៃការឆ្លងរាលដាលរបស់វប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់លក្ខណៈដើមនៃវប្បធម៌យើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៀតថា ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែមានសេចក្តីគោរពស្រឡាញ់ ប៉ុន្តែការយល់ដឹងមិនគ្រប់ជ្រុងជ្រោយ ងាយនឹងនាំទៅដល់សកម្មភាពនានា ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សិល្បៈវប្បធម៌ជាតិ ដោយមិនដឹងខ្លួន។ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនជា សិល្បករ សិល្បការិនី ត្រូវបន្តកិច្ចខិតខំរួមគ្នា បង្កើតឲ្យបាននូវអត្ថបទ រូបភាព ក៏ដូចជាភាពយន្តខ្លីៗ ដែលបង្កប់ដោយការអប់រំ និងភាពទាក់ទាញចំពោះការយល់ដឹងរបស់យុវជន៕