(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកថា គម្រោងដាក់ញត្តិរបស់គណបក្សសង្រ្គោះជាតិ ស្វែងរកការអន្តរាគមន៍ពីប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងបារីស ដើម្បីជួយដល់មេដឹកនាំរបស់ខ្លួននោះ គឺជារឿងអស់សំណើចបំផុត។ លោកថា ប្រទេសទាំងនោះ មិនមានសមត្ថកិច្ច ក្នុងលូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជានោះទេ។
លោក សុខ ឥសាន បានលើកឡើងថា «វាជារឿងគួរឱ្យអស់សំណើចណាស់ ព្រោះអត់យល់អ្វីទាំងអស់! គេដាក់ក្នុងកិច្ចព្រមព្រៀងនេះ គឺនៅពេលណា ដែលមានការរំលោភដល់អធិបតេយ្យភាព ឯករាជភាព និងបូរណភាពទឹកដីពីខាងក្រៅមក ដែលធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដី និងឯករាជភាពរបស់កម្ពុជា ដែលជារដ្ឋមិនអាចបំបែកបាន»។
ការអះអាងរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានប្រកាសជាសាធារណៈថា ក្នុងការដោះស្រាយស្ថានភាពបច្ចុប្បន្ន គណបក្សប្រឆាំងមួយនេះ នឹងដាក់ញត្តិទៅកាន់ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស ដើម្បីបើកផ្លូវឲ្យថ្នាក់ ដឹកនាំទាំង២រូប ធ្វើនយោបាយដោយបើកចំហរ។
ក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី០២ ខែកញ្ញានេះ លោក អេង ឆៃអ៊ាង បានលើកឡើងថា «ប្រទេសកម្ពុជា ពេលបច្ចុប្បន្ននេះ កំពុងឃ្លាតចាកពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទាក់ទងនឹង ដំណើរការនៃការអនុវត្តគោលការណ៍លទ្ធិប្រជាធិតេយ្យ សេរីពហុបក្ស»។
លោក សុខ ឥសាន បានបន្ថែមទៀតថា លិខិតរបស់គណបក្សសង្រ្គោះជាតិ នឹងអត់ប្រសិទ្ធភាព ដោយសារតែធ្វើខុសទិសដៅ។ លោកថា «ឥឡូវវាមាននរណា មកឈ្លានពានយើង? មាននរណាមករំលោភយើង ដូច្នេះមិនអាចមានករណីហ្នឹងកើតឡើងទេ ទោះបីជាដាក់លិខិត១០ទៀត ក៏មិនមានរឿងអ្វីកើតឡើងដែរ អញ្ចឹងខ្ញុំយល់ថា ខុសទិសហើយ វាមិនត្រូវនឹងសមត្ថកិច្ច នៃកិច្ចព្រមព្រៀងក្រុងបារីសទេ»។ លោកថា «ខ្ញុំយល់ថា បើយកលិខិតនោះទៅ គេនឹងមិនទទួលផង ហើយបើគេទទួល ក៏អត់មានចំណាត់ការអ្វីដែរ»។
កិច្ចព្រមព្រៀងទីក្រុងបារីស ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដោយមានប្រទេសចំនួន១៩ ជាហត្ថលេខី ក្នុងនោះក៏មានកម្ពុជាផងដែរ។ កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ឬហៅថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនោះ គឺជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រទី២ សម្រាប់ប្រទេសកម្ពុជា អនុវត្តយករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជន បានបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងបារីស នឹងលែងមានឥទ្ធិពលសម្រាប់ប្រទេសកម្ពុជាទៀតហើយ ក្រោយពេលដែលកម្ពុជារៀបចំការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ដែលបង្កើតបានជារដ្ឋធម្មនុញ្ញថ្មីមួយ បង្កើតរាជរដ្ឋាភិបាលថ្មីមួយដែលកើតចេញពីការបោះឆ្នោត ហើយប្រទេសកម្ពុជាក៏ក្លាយជាប្រទេសមួយដែលឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដីច្បាស់លាស់៕