(ភ្នំពេញ)៖ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ បានបញ្ជេញសារមួយដោយ បង្ហាញជំហរថា គណបក្សប្រឆាំងមួយនេះ នឹងដាក់ញត្តិទៅកាន់ប្រទេស ហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងបារីស និង បណ្តា ប្រទេសអាស៊ាន ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំទាំង២រូប ធ្វើនយោបាយដោយបើកចំហរ។ គណបក្សសង្រ្គោះជាតិ គ្រោងនឹងដាក់ញត្តិ នៅតាមបណ្តាប្រទេសពាក់ព័ន្ធទាំងអស់នោះ នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។
លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នាព្រឹកថ្ងៃទី០២ ខែកញ្ញានេះ នៅទីស្នាក់ការ កណ្ដាលគណបក្សសង្គ្រោះជាតិ មុនដំណើរការ វេទិកានយោបាយ ស្ដីពី «ដំណើរការបោះឆ្នោត»។
លោក អេង ឆៃអ៊ាង បញ្ជាក់ថា «ខ្លឹមសារញត្តិបង្ហាញប្រាប់ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស និងបណ្តាប្រទេសអាស៊ាន ឲ្យបានជ្រាបច្បាស់ថា ប្រទេសកម្ពុជា ពេលបច្ចុប្បន្ននេះ កំពុងឃ្លាតចាកពី ស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញាតនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទាក់ទងនឹង ដំណើរការនៃការអនុវត្តគោលការណ៍លទ្ធិប្រជាធិតេយ្យ សេរីពហុបក្ស បោះឆ្នោត ដោយសេរី និងយុត្តិធម៌ យន្តការបោះឆ្នោត ដែលគ្រប់ភាគី ទទួលយកបាន ក្នុងនោះរួមមានការចុះឈ្មឡបោះឆ្នោត យុទ្ធនាការបោះឆ្នោត បរិយាកាសនយោបាយ ដែលអត់មានការចាប់ចង ចោទប្រកាន់ ប្រព័ន្ធតុលាការ គាប់សង្កត់ និង ធ្វើឲ្យមេដឹកនាំទាំងពីររូប អាចធ្វើនយោបាយដូចមុនបាន»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមតំណាងរាស្រ្តបក្សប្រឆាំងនេះ Fresh News នឹងសុំការបំភ្លឺពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីគណបក្សកាន់អំណាច នៅពេលបន្តិចទៀតនេះ។
ជាការកត់សំគាល់ឃើញថា ស្ថានភាពថ្នាក់ដឹកនាំគណបក្សគណបក្សសង្រ្គោះជាតិទាំងពីរនោះ នាពេលបច្ចុប្បន្ននេះហាក់ដូចជា មិនល្អប្រសើរឡើយ។ មិនល្អប្រសើរ ដោយសារតែ លោក សម រង្ស៊ី បានក្លាយជាទណ្ឌិត ហើយកំពុងតែនិរទេសខ្លួនរស់នៅក្រៅប្រទេស ចំណែក លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិវិញ កំពុងតែស្ថិតនៅតាមការឃ្លាំមើលរបស់សមត្ថកិច្ច ក្រោយមានដីកាចេញតាមចាប់ខ្លួនរួចមក។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ គឺគេមើលមិនឃើញថា តើថ្នាក់ដឹកនាំ គណបក្សគណបក្សសង្រ្គោះជាតិទាំងពីររូប លោក សម រង្ស៊ី និង លោក កឹម សុខា នឹងចូលប្រឡូកក្នុងការបោះឆ្នោតខាងមុខ បានដោយមធ្យោបាយណា?