(ភ្នំពេញ)៖ បន្ទាប់ពីប្រតិកម្មសម្តែងការខកចិត្ត ចំពោះការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី ដែលមានចែងប្បញ្ញត្តិ អំពីនីតិវិធី នៃការអនុញ្ញាត ឲ្យក្រឡាបញ្ជី ចូលប្រកបវិជ្ជាជីវៈមេធាវី តាមការស្នើសុំរបស់ក្រសួងយុត្តិធម៌នោះ, នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ លោក គឹម សន្តិភាព ក្នុងនាមជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ សូមធ្វើការបកស្រាយចំពោះករណីចំណាប់អារម្មណ៌ ពីសាធារណៈមតិទាក់ទងនឹងសេចក្តីព្រាងស្តីពី «លក្ខន្តិកៈក្រឡាបញ្ជី»។
លោក គឹម សន្តិភាព លើកឡើងដោយឆ្លើយតបនឹងជុំវិញសាធារណៈមតិ និងសេចក្តីព្រាងស្តីពី «លក្ខន្តិកៈក្រឡាបញ្ជី» ដូចខាងក្រោម៖
១៖ សេចក្តីព្រាងស្តីពីលក្ខន្តិកៈក្រឡាបញ្ជី ដែលមានការចាប់អារម្មណ៍នេះ គឺគ្រាន់តែជាសេចក្តីព្រាងបឋមរបស់ក្រុមការងារបច្ចេកទេសតែប៉ុណ្ណោះ គឺពុំទាន់បានឆ្លងយោបល់ថ្នាក់ដឹកនាំក្រសួងសម្រេចនៅឡើយទេ គឺស្ថិតក្នុងដំណើរការប្រមូលមតិយោបល់បន្ថែមតែប៉ុណ្ណោះ។
២៖ ក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណដល់សាធារណៈមតិ ដែលមានចំណាប់អារម្មណ៍លើកសេចក្តីព្រាងបឋមនេះ និងសូមលើកទឹកចិត្តផ្តល់យោបល់នានា បន្ថែមដើម្បីជាធាតុចូលល្អៗក្នុងការរៀបចំលក្ខន្តិកៈក្រឡាបញ្ជីនេះ។
៣៖ ក្រសួងយុត្តិធម៌ នឹងសូមប្រកាសជាឱឡារឹកថា ការរៀបចំសេចក្តីព្រាងលក្ខន្តិកៈក្រឡាបញ្ជីនេះ នឹងធ្វើការសិក្សាទាំងទិដ្ឋភាពច្បាប់ដែលមានកន្លងមក និងក្របខ័ណ្ឌអន្តរជាតិផងដែល ដើម្បីធានាបានការអនុវត្តល្អនាពេលអនាគត។
ការចេញមកបកស្រាយរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅពេលនេះ ធ្វើឡើងបន្ទាប់ពីបងប្អូនជាមេធាវីសំដែងនូវការខកចិត្ត ចំពោះការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី ដែលមានចែងប្បញ្ញត្តិអំពីនីតិវិធីនៃការអនុញ្ញាតឲ្យក្រឡាបញ្ជី ចូលប្រកបវិជ្ជាជីវៈមេធាវី តាមការស្នើសុំរបស់ក្រសួងយុត្តិធម៌។ ប៉ុន្តែនៅពេលនេះត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា សេចក្តីព្រាងស្តីពីលក្ខន្តិកៈក្រឡាបញ្ជីនេះ គឺគ្រាន់តែជាសេចក្តីព្រាងបឋមរបស់ក្រុមការងារបច្ចេកទេសតែប៉ុណ្ណោះ គឺពុំទាន់បានឆ្លងយោបល់ថ្នាក់ដឹកនាំក្រសួងសម្រេច នៅឡើយទេ៕