(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែសីហានេះ ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើដ៏អសីលធម៌របស់កម្មាភិបាល និងក្រុមបុគ្គលវៀតណាម ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និង សេចក្តីថ្លៃថ្នូ របស់ប្រមុខដឹកនាំកំពូលនៃប្រទេសជាតិមួយ ដែលមានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែល Fresh News ទើបទទួលបានមុននេះបន្តិចបានបញ្ជាក់ថា «មួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំហរដ៏ច្បាស់លាស់របស់កម្ពុជាទាក់ទង នឹងបញ្ហាសមុទ្រចិនខាងត្បូង មានកម្មាភិបាល និងបុគ្គលជនជាតិវៀតណាមមួយក្រុម បានចូលក្នុងទំព័រ Facebook ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយធ្វើការជេរប្រមាថលើកសម្តេចតេជោ ដោយប្រើពាក្យសម្តីធ្ងន់ៗ និងព្រហើនជាទីបំផុត ដែលបង្ហាញពីលក្ខណៈជាជនគ្មានភាពថ្លៃថ្នូរ»។
ក្រសួងការបរទេសកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើដ៏អសីលធម៌របស់កម្មាភិបាល និងក្រុមបុគ្គលវៀតណាមនេះ និងសូមធ្វើការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណរបស់កម្មាភិបាល និងក្រុមបុគ្គលដែលបានប្រព្រឹត្តអំពើប្រមាថយ៉ាងអសីលធម៌មកលើប្រមុខដឹកនាំកំពូលរបស់កម្ពុជា។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា៖