(ភ្នំពេញ)៖ ក្រសួងបរិស្ថានប្រកាសអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ វិទ្យាស្ថានកំណើនបៃតងសកល (GLOBAL GREEN GROWTH INSTITUTE - GGGI) បង្ហាញទស្សនវិជ្ជមានចំពោះកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។

ក្នុងឱកាសផ្តល់បទម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននៅពេលថ្មីៗនេះ, កញ្ញា Shomi Kim តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានលើកឡើងថា កម្ពុជាបានប្រកាសទៅកាន់ពិភពលោកថា កម្ពុជា បានរៀបចំខ្លួនរួចរាល់ហើយក្នុងការធ្វើពាណិជ្ជកម្មកាបូន។

កញ្ញា Shomi Kim បានបញ្ជាក់ថា ក្នុងការធ្វើអាជីវកម្មកាបូននាកន្លងមកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល (GGGI) បានជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំខ្លួនដើម្បីអនុវត្តនូវវិធានមាត្រាទី៦ ដែលបានចែងពីការធ្វើអាជីវកម្មកាបូន ជាពិសេសគឺជាក្របខណ្ឌមួយសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេរភាគីរវាងប្រទេសពោលគឺរវាងប្រទេសអ្នកទិញ និងប្រទេសអ្នកលក់ អាចចូលរួមសហការគ្នា បានដើម្បីកាត់បន្ថយ និងបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

តំណាងប្រចាំប្រទេស (GGGI) បានបន្ថែមថា តាមរយៈការអនុវត្តវិធាន មាត្រាទី៦ នៃកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុនេះដែរ យើងបានធ្វើសិក្ខាសាលាជាច្រើន ដើម្បីឱ្យភាគីពាក់ព័ន្ធនៅកម្ពុជាបានយល់ និងការអនុវត្តវិធានមាត្រា៦នេះ ប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេសទី១ នៃសមាជិក GGGI ដែលមានចំនួនសរុប ៤៨ប្រទេស បានគាំទ្រវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ៕