(ភ្នំពេញ)៖ ជាច្រើនលើកច្រើនសារ នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែព្រួយបារម្ភ អំពីក្រុមណាក៏ដោយដែលបង្កើតចលនា ដើម្បីគៀងគរប្រជាពលរដ្ឋប្រឆាំងនឹងច្បាប់ ដែលត្រូវបានលោកចាត់ទុកថា ជាដើមចម និងជាសញ្ញានៃការចាប់ផ្តើមនៃបដិវត្តពណ៌។ ដោយមើលឃើញគំរូ នៃបណ្តាប្រទេសមួយចំនួនដែលធ្លាប់ឆ្លងកាត់បដិវត្តពណ៌នេះឃើញថា ទទួរងនូវការវិនាស បែកខ្ញែកទឹកដី ប្រជាពលរដ្ឋរងទុក្ខវេទនារកទីបំផុតគ្មាន ទើបនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរ ឲ្យខិតខំថែរក្សាសន្តិភាពមួយនេះឲ្យបានគង់វង្ស កុំជឿតាមការញុះញង់របស់ជនមួយចំនួន ព្រោះដោយសារសន្តិភាពដែលមានសព្វថ្ងៃនេះគឺពិបាកនឹងស្វែងរក ពិបាកនឹងបង្រួបបង្រួមណាស់។ ខាងក្រោមនេះគឺជាប្រទេសដែលទទួលរងនូវភាពហិនហោចដោយសារបដិវត្តពណ៌ និងការឈ្លានពានពីប្រទេសមហាអំណាច ដែលកើតឡើងចេញពីការប្រមូលផ្តុំគ្នាក្រោមលេសផ្សេងៗ រហូតបង្កចលាចល បង្កើតអស្ថិរភាពក្នុងប្រទេស ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមរាំរៃមិនអាចងើបរួចឡើយ។
១៖ ប្រទេសអ៊ីរ៉ាក់ ត្រូវបានលោក ច៉ច ដាប់បែលយូប៊ូស ប្រកាសសង្គ្រាមឈ្លានពាននៅឆ្នាំ២០០៣ ដោយសហរដ្ឋអាមេរិក យកលេសថែរក្សាសន្តិភាពចូលកម្ទេចកាន់កាប់ប្រទេសដែលសម្បូរប្រេងមួយនេះ ដោយទម្លាក់លោក សាដាម ហ៊ូសេន ឲ្យចុះចេញពីតំណែង។ ១០ឆ្នាំក្រោយមក បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសកាត់បន្ថយទ័ពពីប្រទេសអ៊ីរ៉ាក់ លោកបណ្ឌិត Wael al dalaimy សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Diego ដែលមានបងប្អូននៅប្រទេសអ៊ីរ៉ាក់ បានប្រាប់សារព័ត៌មាន KPBS News ថា បន្ទាប់ពីសង្គ្រាមត្រូវបានមើលឃើញថា មិនមានអ្វីប្រសើរជាងមុនពេលសហរដ្ឋអាមេរិកលូកដៃឈ្លានពានចូលក្នុងប្រទេសអ៊ីរ៉ាក់នាឆ្នាំ២០០៣ នោះទេ នៅក្នុងប្រទេសអ៊ីរ៉ាក់សព្វថ្ងៃអសន្តិសុខ និងពុករលួយយ៉ាងខ្លាំង ជីវិតរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃប្រឈមមុខនឹងអំពើហិង្សាយ៉ាងឃោរឃៅ ភាពអសន្តិសុខ ហើយប្រជាពលរដ្ឋអ៊ឺរ៉ាក់ភាគច្រើនស្តាយក្រោយ និងចង់ឲ្យប្រទេសនេះវិលទៅរករបបដឹកនាំលោក សាដាម ហ៊ូសេន វិញ។
២៖ ប្រទេស លីប៊ី ៥ឆ្នាំក្រោយពេលដែលមេដឹកនាំ លីប៊ី លោក ហ្គាដាហ្វី ត្រូវបានលោកខាងលិចទម្លាក់ពីតំណែង ដោយសង្ឃឹមថា សន្តិសុខ សន្តិភាព និងប្រជាធិបតេយ្យផុសរូបរាងឡើងនោះ នៅតែជាសុបិន្តនៅឡើយ។ ប្រទេសសម្បូរហូរហៀរដោយប្រេង និងធនធានថាមពលមួយនេះបែកខ្ចាត់ខ្ចាយធ្លាក់ក្នុងភាពចលាចលក្រោយបាត់បង់បុរសខ្លាំងរបស់ខ្លួន។ រដ្ឋាភិបាលថ្មីត្រូវបានលើកបន្ទុបដោយលោកខាងលិចនោះអសមត្ថភាពក្នុងការដឹកនាំប្រទេស មានជម្លោះនយោបាយផ្ទៃក្នុង រហូតបែកខ្ញែកគ្នាបង្កើតចេញជារដ្ឋាភិបាលពីរ។ មិនត្រឹមតែប៉ុណ្ណោះទឹកដីដែលធ្លាប់សុខសាន្តបានក្លាយ ជាឋានសួគ៌សម្រាប់ក្រុមភេរវជនរដ្ឋឥស្លាមធ្វើព្យុះធ្វើភ្លៀង បង្ហូរឈាមជនស្លូតត្រង់ដោយអណាធិបតេយ្យ។ បញ្ហាទាំងនេះបង្ខំឲ្យប្រជាជនលីប៊ីរាប់ពាន់នាក់រត់ភៀសខ្លួនផ្សងព្រេងលែងខ្លាចសេចក្តីស្លាប់ដើម្បីរកជម្រកថ្មី និងកសាងជីវិតថ្មីនៅប្រទេសផ្សេង។
៣៖ ប្រទេសយេមេន បន្ទាប់ពីធ្វើបាតុកម្មទម្លាក់លោកនាយករដ្ឋមន្ត្រី Ali Abdullah Saleh ដោយប្រមូលផ្តុំគ្នាថ្ងៃសុក្រ ដែលហៅថា Friday of Anger (ថ្ងៃសុក្រនៃកំហឹង)។ បន្ទាប់ពីការធ្វើបដិវត្តទម្លាក់រដ្ឋាភិបាលលោក Saleh ប្រទេសទេសធំទីពីរ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតមួយនេះ បានធ្លាក់ចូលក្នុងសង្គ្រាម ស៊ីវិល បែងចែកប្រទេសជាបីផ្នែកគ្រប់គ្រងដោយក្រុមឧទ្ទាមចំនួនពីរផ្នែក និងមួយផ្នែកទៀតគ្រប់គ្រងដោយរដ្ឋាភិបាល។ រៀងរាល់ថ្ងៃក្រុមឧទ្ទាមក្នុងប្រទេសនេះ បានអុកឡុកវាយប្រហារ បំផ្ទុះគ្រាប់បែកនៅក្នុងប្រទេស ប្រយុទ្ធគ្នាដណ្តើមផលប្រយោជន៍ និងអំណាចឥតឈប់ឈរ។ ក្នុងប្រទេសយេមេនសព្វថ្ងៃកំពុងត្រូវបំផ្លាញដោយសារសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់យេម៉េនជាច្រើនម៉ឺននាក់បានស្លាប់ និងជាច្រើន រាប់សិបម៉ឺននាក់ខ្លះទៀតរត់ភៀសខ្លួន ជម្លៀសចេញពីប្រទេសនេះ ដែលធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសដែលក្រីក្របំផុតនៅមជ្ឈិមបូព៌ា។
៤៖ ប្រទេស អ៊ុយ ក្រែន បន្ទាប់ពីមានបាតុកម្មហិង្សាក្នុងទីក្រុងគៀវនៅឆ្នាំ ២០១៤ ប្រឆាំងនឹងសមត្ថកិច្ចទាមទារទម្លាក់ប្រធានាធិបតី Viktor Yanukovych ដែលជាប់ឆ្នោតនៅឆ្នាំ២០១០នោះ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសអ៊ុយក្រែនកំពុងមានសង្គ្រាមស៊ីវិល ដែលក្នុងរយៈពេល ២០ខែចុងក្រោយនេះ បានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ចំនួនប្រមាណ ៩០០០នាក់ ក្រុមប្រដាប់អាវុធចំនួនប្រមាណ ៩១១៥នាក់ ហើយជនរងគ្រោះមានប្រមាណ ២០៧៩៧នាក់ នេះបើយោងតាមសារពត៌មាន Express របស់ប្រទេសអ៊ុយក្រែន។
៥៖ ប្រទេស ស៊ីរី ដើមចមដែលនាំឲ្យប្រទេសមួយនេះរងគ្រោះ ដោយសង្គ្រាមស៊ីវិលដែលសម្លាប់មនុស្សសរុបរហូតទៅដល់ ៤៧ម៉ឺននាក់ និងជាច្រើនលាននាក់ទៀតកំពុងរត់ភៀសខ្លួនទៅប្រទេសដទៃដើម្បីគេចពីសេចក្តីស្លាប់ គឺកើតឡើងដំបូងនៅឆ្នាំ២០១១ ដោយរូបភាពនៃការប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារសន្តិភាព។ បាតុកម្មនោះបានប្រែក្លាយទៅជាបាតុកម្មហឹង្សា កន្លែងខ្លះបាតុករមានអាវុធបាញ់តទល់នឹងសមត្ថកិច្ច ដែលចុងបញ្ចប់ឈានទៅដល់បង្កើតក្រុមឧទ្ទាមជាច្រើនដូចជា ក្រុម Isis ក្រុម Hezbola ក្រុម Kurds និងក្រុមឧទ្ទាមផ្សេងទៀត វាយប្រហារគ្នាទៅវិញទៅមក ដណ្តើមអំណាចនៅក្នុងប្រទេសមួយនេះ។
ប្រទេសរងគ្រោះដោយសារបដិវត្តពណ៌ដែលបានរៀបរាប់ខាងលើនេះ ត្រូវបានមេក្លោងនៃចលនាបះបោរប្រើប្រាស់ហេតុផលទាមទារលទ្ធិប្រជាធិបតេយ្យ និងសេរីភាព ដើម្បីទាក់ទាញប្រជាពលរដ្ឋចូលរួមឲ្យបានច្រើន បន្ទាប់មករុញ្ញចលនានេះឲ្យក្លាយទៅជាបដិវត្តពណ៌ ដើម្បីសម្រេចគោលបំណងពិតនៅពីក្រោយខ្នងគឺផ្លាសប្តូររបប និងផ្លាស់ប្តូរមេដឹកនាំ នៅក្នុងប្រទេសនោះ ដែលកន្លងមកមានដូចជា លោក សាដាម ហ៊ូសេន លោក អាសាធ លោក ហ្គាដាហ្វី ជាដើមដូចបានរៀបរាប់ខាងលើ។ តែជាលទ្ធផល គឺបណ្តាប្រទេសទាំងនោះកំពុងរងនូវទុក្ខវេទនាជាទីបំផុត ជាពិសេសប្រជាពលរដ្ឋនៅក្នុងប្រទេសទាំងនោះផ្ទាល់។
ភស្តុតាងនៃសេចក្តីវិនាសខ្លោចផ្សារនៃប្រទេសទាំងនោះ ត្រូវបានបង្ហាញតាមវីដេអូមួយចំនួនដែលធ្វើឲ្យពិភពលោកមិនអាចទប់ទឹកភ្នែកបាន ដែលមានដូចជា រូបភាពក្មេងប្រុសម្នាក់ ដែលត្រូវបានជួយសង្គ្រោះពីគំនរអគារបាក់បែកបណ្តាលមកពីការបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសស៊ីរី ដែលធ្វើឲ្យមនុស្សនៅទូទាំងពិភពលោក មាន ការអាណិតអាសូរយ៉ាងខ្លាំង។ វីដេអូមួយទៀតដែលគ្រូពេទ្យបានវះយកទារកពីម្តាយដែលបានស្លាប់បណ្តាលមកពីការបំផ្ទុះគ្រាប់បែក ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះទារកនោះរហូតបានដឹងខ្លួន គឺបានបង្ហាញពីទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងប្រទេសដែលមានបដិវត្តពណ៌។
វីដេអូមួយទៀតគឺក្មេងប្រុសជនជាតិស៊ីរីអាយុ៣ឆ្នាំ ត្រូវបានគេរកឃើញស្លាប់អណ្តែតមកទើ នឹងឆ្នេសមុទ្រប្រទេសតួកគី ព្រោះតែលិចទូកដែលពួកគេជិះភៀសខ្លួន បានបង្ហាញឲ្យពិភពលោកឃើញថា បដិវត្តពណ៌ពិតជាឃាតករយ៉ាងពិតប្រាកដ។ បើឃើញពីទុក្ខវេទនាយ៉ាងនេះទៅហើយ ហេតុអ្វីបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជានៅតែគគ្លើនហ៊ានប្រកាសខ្លួនចូលរួមបដិវត្តពណ៌ខ្មៅ Black Monday យ៉ាងដូច្នេះ? ឬក៏ពួកគេព្រោះតែចង់បានអំណាចចង់ឲ្យប្រទេសកម្ពុជា ដែលទើបតែងើប រួចផុតពីសង្គ្រាមខំប្រឹងអភិវឌ្ឈយ៉ាងលំបាករហូតរីកចំរើន មានថ្ងៃនេះ ចូលទៅក្នុងភ្លើងសង្គ្រាមម្តងទៀតឬអ្វី? ទង្វើរបស់បក្សប្រឆាំងដែ ញុះញង់បញ្ចុះបញ្ចូល ឲ្យប្រជាពលរដ្ឋចូលរួមយុទ្ធនាការអាវខ្មៅ ដែលជាលេសនៃការផ្លាស់ប្តូររបបនេះ ពិតជាមិនអាចអត់ឱនឱ្យបានឡើយ ព្រោះជាទង្វើបំផ្លាញជាតិឲ្យរលាយ។ ការមិនអាចអត់ឱនឲ្យបានអាចជាជាគំនិតរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនលាននាក់។
ដូចគ្នានេះដែរ នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងដឹកនាំប្រទេសក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ប្តេជ្ញាជាដាច់ខាតក្នុងការគោរពរដ្ឋធម្មនុញ្ញ ការពារសន្តិភាព ស្ថិរភាព ជូនប្រទេស និងប្រជាពលរដ្ឋកម្ពុជា។ ការប្រកាសប្រឆាំងនឹងបដិវត្តពណ៌ខ្មៅនៅកម្ពុជា របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាត្រឹមត្រូវខ្លាំងណាស់ បើមើលទៅលើបទពិសោធន៍ហិនហោចនៃប្រទេសដែលធ្លាប់ឆ្លងកាត់បដិវត្តពណ៌នេះ។ សូមបក្សប្រឆាំងឈប់ធ្វើពើមិនដឹងអំពីវិនាសកម្មដែលកើតឡើង ពីបដិវត្តពណ៌នេះ ហើយកុំចង់តែបានអំណាចហ៊ានធ្វើអ្វីៗគ្រប់សព្វបែបយ៉ាងសូម្បីតែបំផ្លាញប្រទេសខ្លួនឯងក៏ហ៊ានប្រព្រឹត្តដែរនោះ គឺជាអំពើឧក្រិដ្ឋ ទោសក្បត់ជាតិ ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត៕
អត្ថបទដោយ៖ បាន វិភាគ