(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង» ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី១០ ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង រយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានទូកមកពីបណ្តាខេត្តចំនួន១៨ខេត្ត។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅវេទិកាអុំទូក ដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបងក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា តំណាងសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្រ្តៃយ៍សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជានិងការអញ្ជើញចូល រួមពីថ្នាក់អភិបាល អភិបាលរង រាជធានី ខេត្តទាំង១៨, ថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ និងប្រជាពលរដ្ឋចូលរួមទស្សនាជាច្រើននាក់ផងដែរ។

លោកបណ្ឌិត មាស សារិន បានបញ្ជាក់ថា យោងចំណារអនុញ្ញាតរបស់សម្តេចក្រឡាហោម ស ខេង និងយោងតាមកម្មវិធីប្រកួតកីឡាប្រចាំឆ្នាំរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងយោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងថវិកាគាំទ្រសហព័ន្ធក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ“ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ដល់៣១ ខែធ្នូ ឆ្នាំ២០២៣ នៅវេទិកាអុំទូក ដងស្ទឹងសង្កែ ក្រុងបាត់ដំបង។

ការរៀបចំកីឡាទូកនេះ មានគោលបំណងសំខាន់ខ្លាំងណាស់សម្រាប់សហព័ន្ធ ក្នុងការជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាពល្អៗ យកមកចូលរួមប្រមូ លហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ សម្រាប់ត្រៀមលក្ខណៈ សម្បត្តិ ចូលរួមក្នុងការ ប្រកួតអន្តរជាតិនានា ទៅតាមការអញ្ជើញរបស់សហព័ន្ធអន្តរជាតិ ហើយក៏ជាការប្រកួតបំផុសឲ្យប្រជាជនកម្ពុជាបានស្គាល់ ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីងនៅកម្ពុជា ឲ្យកាន់តែមានភាពផុសផុល ទូលំទូលាយ រីកចំរើន និងទទួលបានការគាំទ្រ និងចាប់អារម្មណ៍កាន់តែច្រើនពីម ហាជនផងដែរ។ សំខាន់ជាងនេះទៅទៀតនោះ គឺដើម្បីសម្រួចទិសដៅ សម្រាប់ត្រៀមធ្វើការប្រមូលផ្តុំហ្វឹកហាត់ ជាក្រុមជម្រើសជាតិ នៅឆ្នាំ ២០២៤ ត្រៀមឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥ ដែលព្រះរាជាណាចក្រថៃ ធ្វើជាម្ចាស់ផ្ទះ។

លោក សុខ លូ បានថ្លែងថា ក្នុងនាមតំណាងសម្តេចក្រឡាហោម ស ខេង ខេត្តបាត់ដំបងបានចូលរួមកិច្ចសហការ សម្របសម្រួលញ៉ាំងឲ្យកម្មវិធីនេះបានដំណើរការប្រកបដោយរលូន។ លោកសូមស្វាគមន៍ ដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី អ្នកសារព័ត៌មាន និងបងប្អូនទស្សនិកជនទាំងអស់។

លោកបន្តថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលវិស័យនេះ រួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនមូលធនសង្គម ព្រមទាំងជួយបំផុសស្មារតី មហាជន យុវជន ឱ្យស្រឡាញ់គាំទ្រវិស័យកីឡា ស្រឡាញ់សុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន ដោយ សម្រេចបាននូវសុខដុមនីយកម្មក្នុងសង្គមជាតិ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍កីឡា ពិតជាបានផ្តល់ ឱកាសល្អ សម្រាប់ធ្វើការផ្លាស់ប្តូរនូវ បច្ចេកទេស និងបទពិសោធន៍ល្អ ជូនដល់កីឡាករនិងគ្រូបង្វឹក ដែលនេះជាមូលដ្ឋាន ជួយពង្រឹងដល់វិស័យកីឡារបស់ជាតិ ឈានទៅរកភាពរីកចម្រើន ក៏ដូចជាការ លើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញ នៅលើឆាកអន្តរជាតិ។

លោកបានបន្តទៀតថា ស្របពេលបច្ចុប្បន្នក្នុងខេត្តបាត់ដំបង សម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ដូចជាទីធ្លា សម្រាប់ដើរហាត់ប្រាណ ដូចជាសួនសម្តេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ វិមានឯករាជ្យ និងបាន រៀបចំសោភ័ណ្ឌភាពច្រាំងស្ទឹងសង្កែការលើកកម្ពស់សោភ័ណភាពទីក្រុង ការស្ដារប្រព័ន្ធលូ ការក្រាលកៅស៊ូ ផ្លូវក្នុងក្រុង ការរៀបចំសួនច្បារ បង្គោលភ្លើងចរាចរណ៍ ការរៀបចំភ្លើងបំភ្លឺសាធារណៈតាមដងផ្លូវ បន្ទប់អនាម័យនិងសួនច្បារជាច្រើនកន្លែង ព្រមទាំងការកែលម្អ និងពង្រីកបណ្តាញអគ្គិសនី ទឹកស្អាត។ល។

តាមរយៈការអភិវឌ្ឍនេះ បានបង្កបរិយាកាសដល់ការវិនិយោគកាន់តែប្រសើរឡើង ព្រមទាំងបានចូលរួម ចលនាប្រឡងប្រណាំងទីក្រុងស្អាត ដែលខេត្តបាត់ដំបង បានទទួលពានរង្វាន់ និងជ័យលាភីជាបន្តបន្ទាប់ ព្រមទាំងបានបង្កលក្ខណៈជូនបងប្អូនប្រជាពលរដ្ឋទាំងអស់បានសប្បាយរីករាយក្រោមដំបូលសន្តិភាព។

លោកថា​ «កត្តាដែលធ្វើឱ្យខេត្តបាត់ដំបងមានការរីកចម្រើនជាបន្តបន្ទាប់ និងមានឱកាសឱ្យរៀបចំពិធីប្រណាំង ទូកនាពេលនេះ ក៏ដូចជាពិធីបុណ្យផ្សេងៗបាន គឺអាស្រ័យដោយប្រទេសជាតិយើងនិយាយជារួម និងដោយឡែកសម្រាប់ខេត្តបាត់ដំបង មានសុខសន្តិភាពពេញលេញ សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ល្អ មានរបៀបរៀបរយ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តបាត់ដំបង យើងខ្ញុំទាំងអស់គ្នា សូមគោរព និងសូមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសូមប្ដេជ្ញាថានឹងថែរក្សា អភិរក្ស និងបន្តអភិវឌ្ឍន៍ ខេត្តបាត់ដំបង ជាបន្តបន្ទាប់លើគ្រប់វិស័យ ព្រមទាំងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក អគារវត្តអារាម មន្ទីរពេទ្យ និងសាលារៀន ក៏ដូចជាសំណង់ផ្សេងៗក្នុងគោលបំណងទាក់ទាញការវិយោគ និងទេសចរណ៍ក្នុង និងក្រៅប្រទេសឱ្យកាន់តែច្រើនឡើង ដើម្បីលើកកម្ពស់ជីវភាពប្រជាជនក្នុងខេត្តបាត់ដំបង ឱ្យប្រសើរឡើង»