(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ដោយសហការជាមួយក្រសួងយុត្តិធម៌ ក្រសួងផែនការ ក្រសួងសុខាភិបាល អង្គការ Vital Strategies និងអង្គការ Global Health Advocacy Incubator ក្រោមមូលនិធិ Bloomberg Philanthropies បានរៀបចំ «សិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» រយៈពេលមួយថ្ងៃ នៅសណ្ឋាគារហ្គាដិន ស៊ីធី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

សិក្ខាសាលានេះ បានទទួលការអញ្ជើញជាអធិបតីក្នុងពិធីបើកដោយលោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងទទួលបានកិត្តិយសស់អញ្ជើញជាអធិបតីក្នុងពិធីបិទដោយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ននានា ទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាព ដៃគូអភិវឌ្ឍន៍ និងអង្គការ សង្គមស៊ីវិល ដែលមានចំនួនសរុបជាង ៦០០នាក់។

សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន២គឺ៖ ១៖ផ្សព្វផ្សាយឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ អំពីខ្លឹមសារនៃច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង២៖ពិនិត្យ និងពិភាក្សាអំពីឱកាស បញ្ហាប្រឈម និងតម្រូវការនានា សម្រាប់ជាមូលដ្ឋានរៀបចំលិខិត បទដ្ឋានគតិយុត្តក្រោមច្បាប់ សំដៅធានាដល់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបជូនថា ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០៧២៣/០០៩ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ និងត្រូវចូលជាធរមាននៅរយៈពេល១២ខែ ក្រោយថ្ងៃប្រកាស ពោលគឺនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ គឺជាសកម្មភាពអាទិភាពមួយដែលមានភាពចាំបាច់ និងត្រូវអនុវត្តជាបន្ទាន់ ដើម្បីធានាបានថាច្បាប់នេះត្រូវបានអនុវត្តបានទាន់ពេលវេលាកំណត់ និងមានប្រសិទ្ធភាព។ សិក្ខាសាលានេះបានធ្វើឲ្យសិក្ខាកាមយល់កាន់តែច្បាស់អំពីទិដ្ឋភាពរួមនៃច្បាប់ ខ្លឹមសារសំខាន់ៗ និងទិសដៅ ជាអាទិភាព ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់ ស្របតាមតួនាទី និងភារកិច្ចប្រុសបទ័ពក់ព័ន្ធ នីមួយៗ។ ទាំងនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃការអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណ ២០១៧-២០២៦» របស់រាជរដ្ឋាភិបាលកម្ពុជា៕