(ភ្នំពេញ)៖ ក្រុមហ៊ុន Guangzhou Youdi Bio-technology ដែលជាក្រុមហ៊ុនផលិតផលិតផល​វេជ្ជ​សាស្ត្រ​ដ៏ធំមួយ​របស់​ចិន បានសម្លឹងរកការវិនិយោគលើការផលិតផលិតផលវេជ្ជសាស្ត្រ​នៅក្នុងប្រទេស​កម្ពុជា។

នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ លោក Li Laiqing អគ្គនាយកក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បានចូលជួបពិភាក្សាផ្ទាល់ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាលើគម្រោងដ៏ធំខាងលើនេះ។

ជំនួបនេះបានជជែកពិភាក្សាលើគម្រោងវិនិយោគរបស់​ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រផលិតផលិត​ផល​វេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារប្រទេសកម្ពុជា និងនៅ​ក្នុង​តំបន់។ បន្ថែមក្នុងកិច្ចប្រជុំ ក្រុមហ៊ុនក៏បានបង្ហាញគោលបំណងក្នុងការពិនិត្យលទ្ធភាព​បង្កើតឱ្យមាន​តំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត ដែលរួមបញ្ចូលលើការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រាវជ្រាវ​នវានុវត្តន៍ មន្ទីរពេទ្យ និងគ្លីនិកជាដើម។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Guangzhou Youdi Bio-Technology Co., Ltd. នេះគឺជាក្រុមហ៊ុន​មួយ​ក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលលោកឧបនាយករដ្ឋមន្ត្រី បានទស្សនកិច្ចក្នុងកំឡុង​ដំណើរ​ទស្សនកិច្ច​គោះទ្វារទាក់ទាញវិនិយោគិន នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។

ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលជា​សហ​គ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានឯកទេសក្នុងការអភិវឌ្ឍ ផលិត ចែកចាយវត្ថុ​ធាតុដើមឱសថ សារធាតុសម្រាប់ផលិតផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។ ក្រុមហ៊ុន​​នេះ​រួម​បញ្ចូលការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត ការចែកចាយ សេវាកម្មស្រាវជ្រាវរកបច្ចេកវិទ្យា វិទ្យាសាស្ត្រ​ដែលទាក់ទងនឹងថ្នាំ និងឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យជាដើម៕