(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ១០កន្លែងឲ្យនិស្សិត ទីម័រមកសិក្សានៅកម្ពុជា។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងជំនួប សំណេះសំណាលរបស់សម្តេច ជាមួយលោក Rui Maria de Aruajo នាយករដ្ឋមន្រ្តីទីម័រ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
យោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅមុននេះបន្តិចថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសទីម័រនៅ ថ្ងៃនេះ សម្តេចទទួលបានការបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ និងកក់ក្តៅបំផុតពីសំណាក់ នាយករដ្ឋមន្រ្តីទីម័រលោក Rui Maria de Aruajo។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងជំនួបសំណេះសំណាលជាមួយនាយករដ្ឋមន្រ្តីទីម័រ កិច្ចព្រមព្រៀងចំនួន៣ ត្រូវបានចុះហត្ថលេខារួមមាន៖ ១) កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច ២)កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ និង ៣) អនុស្សារណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៃវិស័យការងារ។
បើតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពីពិធីចុះហត្ថលេខា ប្រមុខដឹកនាំនៃប្រទេសទាំងពីបានធ្វើសន្និសីទកាសែតរួមគ្នា ដោយគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងសហប្រតិបតិបត្កិការរួមលើវិស័យមួយចំនួនដូចជា វិស័យ កសិកម្ម ពាណិជ្ជកម្ម រ៉ែនិងថាម (អណ្តូងប្រេង)។
នាយករដ្ឋមន្រ្តីទីម័រ បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានគាំទ្រ និងជួយជំរុញទីម័រ ដើម្បីឆាប់បានចូលជាសមាជិកអាស៊ាន និង សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ( WTO)។ សម្តេចតេជោ ក៏បានអញ្ជើញនាយករដ្ឋមន្រ្តីទីម័រ ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (WEF) និងទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅឆ្នាំ២០១៧ ខាងមុខនេះផងដែរ។
សម្រាប់រាត្រីនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយនាយករដ្ឋមន្រ្តីទីម័រ នៅវិមានរដ្ឋាភិបាល ដើម្បីរិតចំណងមិត្តភាព និងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឲ្យកាន់តែល្អរឹងមាំ ថែមទៀតក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕