(ភ្នំពេញ)៖ ការប្រកួតកីឡាប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែវិច្ឆិកា ដោយសម្ព័ន្ធកីឡាប៊ូល និងប៉េតង់កងយោធពលខេមរភូមិន្ទ បន្ដគ្រងជើងឯកជាក្រុមដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងចំណោម ៥៣សម្ព័ន្ធ-ក្លិប ដែលចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ។

យោងតាមលទ្ធផលបច្ចេកទេស នៃការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានក្រុមកីឡាប៉េតង់ចំនួន ៤ ប៉ុណ្ណោះ ដែលដណ្ដើមបានមេដាយមាស ក្នុងនោះក្រុមកីឡាប៉េតង់កងយោធពលខេមរភូមិន្ទ ដណ្ដើមបានមេដាយសរុប ៥គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១), សម្ព័ន្ធកីឡាប៉េតង់ មយក ខេត្តបាត់ដំបង ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ខណៈក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនិងក្លិបប៊ូល និងប៉េតង់សន្ដិភាព ដណ្ដើមបានមេដាយមាស ១គ្រឿងដូចគ្នា ។

ថ្លែងក្នុងពិធីបិទការប្រកួតខាងលើ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីគ្រប់រូបនេះ ។ យ៉ាងណាកីឡា តែងមានឈ្នះ និងចាញ់ ដូច្នេះលោកបានសំណូមពរកុំឲ្យមានការរើសអើងគ្នា ផ្ទុយទៅវិញ ត្រូវមានការអបអរ ឬលើកទឹកចិត្តគ្នាទៅវិញទៅមក ពិសេសត្រូវបន្ដការខំប្រឹងហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតបន្ទាប់ ទាំងជាតិ និងអន្ដរជាតិ ។

លើសពីនេះ សហព័ន្ធក៏ត្រៀមផែនការចុះពង្រឹងបន្ថែមដល់សម្ព័ន្ធ-ក្លិប តាមរាជធានី-ខេត្ត ដើម្បីជំរុញការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីឲ្យកាន់តែមានប្រសិទ្ធភាព ។ ដូច្នេះលោកបានស្នើឲ្យបណ្ដាសម្ព័ន្ធ-ក្លិបជាសមាជិក ត្រូវសិក្សាស្វែងយល់លក្ខខណ្ឌកំណែទម្រង់ថ្មីឲ្យបានច្បាស់ជាមួយសហព័ន្ធ ដើម្បីធានាបាននូវសង្គតិភាពការងារួម តាមរយៈការកែសម្រួលកម្មវិធីធ្វើតេស្ដសមត្ថភាពប្រចាំខែដល់កីឡាករ-កីឡាការិនីទាំងអស់ ពិសេសគឺក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតជាតិ-អន្ដរជាតិនានា ទាំងក្នុង និងក្រៅប្រទេស ។ លោក សុខ សូកាន បន្ថែម ៕