(កោះកុង)៖ លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង នៅថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមបើកសោហិប និងកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។

អភិបាលរងខេត្តបានផ្ដាំផ្ញើដល់ក្មួយៗដែលជាបេក្ខជនប្រឡងកុំភ័យ កុំតក់ស្លុត និងត្រូវខិតខំធ្វើកិច្ចការឲ្យល្អសំណេរឲ្យច្បាស់ កុំលួចមើលគ្នា ឬចំលងគ្នា ត្រូវយកចិត្តទុកដាក់ខិតខំសរសេរឲ្យបានល្អត្រឹមត្រូវ ទៅលើក្រដាស់វិញ្ញាសារ មុននិងឆ្លើយត្រូវគិតពិចារណាឲ្យបានត្រឹមត្រូវ ហើយត្រូវប្រឹងឲ្យអស់ពីលទ្ធភាព។ លោកអភិបាលខេត្ត សូមជូនពរឲ្យបេក្ខជនប្រឡងទាំងឲ្យប្រឡងជាប់គ្រប់គ្នា។

យោងតាមរបាយការណ៍មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានឲ្យដឹងថា មណ្ឌលប្រឡងក្នុងខេត្តកោះកុង មានមណ្ឌលប្រឡងចំនួន៣៖

១៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង មានបេក្ខជនសរុប៥០៨នាក់ ស្រី២៦១នាក់ និងបន្ទប់ចំនួន២១បន្ទប់។
២៖ អនុវិទ្យាល័យ ជា ស៊ីម ស្មាចមានជ័យ មានបេក្ខជនប្រឡងសរុប៣២៥នាក់ ស្រី១៦៣នាក់ ស្មើនិង១៣បន្ទប់។
៣៖ សាលាបឋមសិក្សាទីរួមខេត្ត មានបេក្ខជនសរុប៤២៤នាក់ ស្រី២២៩នាក់ ស្មើនិង១៧បន្ទប់។

បេក្ខជនប្រលងវិទ្យាសាស្ត្រពិត៤២៤ស្រី២២៩ និងបេក្ខជនវិទ្យាសាស្រ្តសង្គម៨៣៣នាក់ ស្រី៤២៤ សរុប១២៥៤ ស្រី៦៥៣៕