(ភ្នំពេញ)៖ បន្ទាប់ពីព្រះអង្គម្ចាស់ ធម្មិកោ បានបង្ហោះនៅលើហ្វេសប៊ុករបស់ព្រះអង្គ នាពេលថ្មីៗនេះ ដោយភ្ជាប់ជាមួយនឹងរូបថតរបស់ព្រះអង្គដែលបង្ហាញការគោរពដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះមហាក្សត្រិយ៍នរោត្តម មុនិនាថសីហនុ រួមជាមួយនឹងរូបថតផ្សេងៗទៀតដែលបង្ហាញពីការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅឋាន និងដីធ្លី។ ព្រះអង្គម្ចាស់បានសរសេរថា៖ «ខ្ញុំសូមនិយាយឲ្យច្បាស់ថា ខ្ញុំគោរពស្រឡាញ់ព្រះមហាក្សត្រ ក៏ប៉ុន្តែខ្ញុំប្រឆាំងរបបតិរច្ឆានដឹកនាំដោយ CPP ជាដាច់ខាត»។
នៅថ្ងៃទី១២ ខែសីហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រតិកម្មឆ្លើយតបទៅនឹងការលើកឡើងរបស់ ព្រះអង្គ ម្ចាស់ ធម្មិកោ ថា អ្វីដែលជាការលើក ឡើងរបស់ទ្រង់ គឺជាការធ្វើយុទ្ធនាការ ដើម្បីឱ្យគេទទួលស្គាល់ខ្លួនឯងតែប៉ុណ្ណោះ ដែលគេឈប់យកចិត្តទុកដាក់យូរណាស់ហើយ ទោះបីជាគាត់ខំប្រឹងពន្យល់ ប្រជាពលរដ្ឋយ៉ាងណា ក៏គេដឹងច្បាស់ពីរបប និងរដ្ឋបាល ដែលកើតចេញពីរដ្ឋធម្មនុញ្ញនេះហើយ ដែលរបបនេះមានចែងពីព្រះមហាក្សត្រ។ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បានមាក់ងាយទៅលើរបបដឹកនាំរបស់រដ្ឋ ជាពិសេសព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋអស់មួយជីវិត ព្រោះការប្រមាទរបបដឹកនាំនេះ ប្រៀបបីដូចជាប្រមាទលើព្រះមហាក្សត្រ។
មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យដដែលរូបនោះបានបន្តអះអាងយ៉ាងដូច្នេះថា «មិនមែនបានសេចក្ដីថា ទ្រង់មានងារជាព្រះរាជវង្សានុវង្សហើយ មានសិទ្ធិក្នុងការប្រមាទ និងមាក់ងាយពីរបបរដ្ឋនោះទេ ពីព្រោះកម្ពុជាធ្លាប់មានបទពិសោធន៍មួយ រួចមកហើយ គឺការផ្ដួលរំលំព្រះបរមរតនកោដ ព្រះនរោត្តម សីហនុ គឺគ្មាននរណាក្រៅពី ខ្សែរាជវង្សខ្លួនឯងទេ គឺទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ដែលជាអ្នកបំផ្លាញ អ្នកប្រឆាំងនឹងរបបដឹកនាំប្រឆាំងរបស់ព្រះបរមរតនកោដ ដោយបានធ្វើរដ្ឋប្រហារ ក្រោយពីទទួលបានជំនួយគាំទ្រពីពួកបរទេស ដូច្នេះអំពើប្រមាទ អំពើប្រឆាំងជាមួយរបបរាជាណាចក្រទី២នេះ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល មិនអនុញ្ញាតដាច់ខាត។ ទោះជាជាប់ខ្សែព្រះរាជវង្សានុវង្ស ឬនរណាក៏ដោយ យើងសម្រេចចិត្តប្ដេជ្ញាការពារព្រះរាជាណាចក្រកម្ពុជាទី២ របស់យើងនេះ ហើយយើងក៏យល់ឃើញផងដែរថា រដ្ឋបាលដែលដកចេញ និងដាក់ចូល គឺតាមរយៈការបោះឆ្នោតនេះឯង»។
អាស្រ័យហេតុដូច្នេះ ការលើកឡើងរបស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ គឺការប្រមាទប្រឆាំងនឹងរបបរដ្ឋ ក៏ដូចជាប្រឆាំងនឹងព្រះមហាក្សត្រ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ និងប្រឆាំងនឹងប្រជាពលរដ្ឋខ្មែរផងដែរ។ ប្រសិនបើប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលវិញនោះ គឺអាចនិយាយបានថា ជាការប្រមាថដល់ប្រជាពលរដ្ឋ លើសកន្លះនគរ ព្រោះថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋលើសកន្លះនគរ បោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស។
សូមជំរាបថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា របបបច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនថា ជា «របបតិរច្ឆាន» ខណៈដែលសមាជិកសភា អូស្ត្រាលីដើមកំណើតខ្មែរលោក ហុង លីម កំពុងតែត្រូវបានថ្កោលទោស ដោយស្ថាប័នកំពូលៗរបស់រដ្ឋាភិបាល បន្ទាប់ពីលោកបានប្រមាថរបបដឹកនាំបច្ចុប្បន្នដូចគ្នានេះ ប៉ុន្តែនៅពេលនេះទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មចំពោះការប្រមាថនេះផងដែរ៕