(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកញ្ញាម្សិលមិញ ពិធីសម្ពោធការបោះពុម្ពផ្សាយថ្មីនៃសៀវភៅណែនាំស្តីពី «ការធ្វើអាជីវកម្មនៅកម្ពុជាឆ្នាំ ២០២៣-២០២៤» (Gude «Entreprendre au Cambodge 2023-2024» ជាភាសាបារាំង) ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ រ៉ាហ្វិល ឡឺរ៉ូយ៉ាល់ ដ៏មានកិត្យានុភាពនៅរាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងក្រោម អធិបតីភាពរបស់លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក កែប៊ិន សូរស្មី ប្រធាន សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន សៀវភៅណែនាំស្តីពីការធ្វើអាជីវកម្មនៅកម្ពុជា នេះផ្តល់ជូនដោយមិនគិតថ្លៃ ត្រូវបានបោះពុម្ពផ្សាយរៀង រាល់ពីរឆ្នាំម្តង និងជាឧបករណ៍ដ៏សំខាន់មួយសម្រាប់សហគ្រិនបារាំង ដែលមានបំណងចង់ជោគជ័យនៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។

ការបោះពុម្ពផ្សាយលើកទី ២ នៃសៀវភៅណែនាំស្តីពី ការធ្វើអាជីវកម្មនៅកម្ពុជានេះ ធ្វើឡើងក្នុងពេលដ៏សំខាន់សម្រាប់កម្ពុជា ខណៈពេលដែលយើងកំពុងតែឃើញការរុះរើរដ្ឋមន្ត្រីដ៏ច្រើន និងការប្រកាសឱ្យប្រើ ប្រាស់ច្បាប់ថ្មីស្តីពីការវិនិយោគ ការធ្វើអាជីវកម្មនៅកម្ពុជា នៅតែមានភាពងាយស្រួលជាងប្រទេសដទៃ ទៀតនៅក្នុងតំបន់ ប៉ុន្តែនៅតែចាំបាច់ត្រូវជូនដំណឹងឱ្យបានសមស្របដល់អ្នកដែលទើបមកថ្មី ក៏ដូចជាអ្នក ដែលមានវត្តមានរួចហើយ អំពីឱកាស និងភាពជាក់លាក់នៃទីផ្សារកម្ពុជា ក៏ដូចជាចំណុចដែលត្រូវពិចារណា ដោយប្រុងប្រយ័ត្នចំពោះរាល់ការវិនិយោគ។ នេះបើតាមការលើកឡើងរបស់លោក កែប៊ិន សូ រស្មី។

ការបោះពុម្ពផ្សាយថ្មីនេះ ត្រូវបានសម្របសម្រួលដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ផ្តល់ នូវការវិភាគដែលមានបច្ចុប្បន្នភាពអំពីវិស័យសេដ្ឋកិច្ចគន្លឹះរបស់ប្រទេស និងឱកាសដែលវិស័យទាំងនោះផ្តល់ជូន សៀវភៅណែនាំនេះត្រូវបានបែងចែកជាច្រើនផ្នែកចាប់ផ្តើមដោយបទបង្ហាញទូទៅអំពីកម្ពុជា ដែលជួយឱ្យអ្នកអានទទួលបានការយល់ដឹងស៊ីជម្រៅអំពីបរិបទសេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា។ សៀវភៅ ណែនាំនេះក៏ផ្ដល់នូវដំបូន្មានសំខាន់ៗដើម្បីឈ្វេងយល់អំពីបរិយាកាសធុរកិច្ចកម្ពុជា និងចាប់យកឱកាសផ្នែកពាណិជ្ជកម្មដែលកំពុងតែរីកចម្រើនឡើងផងដែរ៕