(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបនឹងការប្រើប្រាស់ពាក្យពាល របស់តំណាងរាស្រ្តអូស្រ្តាលី លោក ហុង លីម មានដើមកំណើតខ្មែរ, ដែលលោកបានប្រើប្រាស់ ពាក្យប្រមាថ មាក់ងាយ ចំពោះពូជកំណើតដែល មាតាបិតារបស់ខ្លួន ផ្តល់កំណើតមានឈាមជ័រជាខ្មែរ។
ការឆ្លើយតបរបស់លោក ផៃ ស៊ីផាន ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្ររូបនោះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ លោក ជុន ច័ន្ទបុត្រ នាយកវិទ្យុអាស៊ីសេរី របស់បរទេសដែលនិយាយជាខេមរភាសា ដោយដាក់ចំណងជើងថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ចាត់ទុករបបនៅកម្ពុជាជារបបតិរច្ឆាន»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅកាន់តំណាងរាស្រ្តពាលរបស់អូស្រ្តាលីមួយនេះ ដោយខ្លឹមសារយ៉ាងដូច្នេះថា៖
«នេះជាការសោកស្ដាយជាមួយនឹងភាពអាម៉ាស់ធំមួយជំនួសឲ្យតំណាងរាស្ត្រអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ ហុង លីម ដែលលោកបានប្រើប្រាស់ ពាក្យប្រមាថ មាក់ងាយ ចំពោះពូជកំណើតដែល មាតាបិតារបស់ខ្លួន បានឲ្យកំណើតដែលមានឈាមជ័រជាខ្មែរ ហើយប្រឆាំងនិងអ្នកដណ្ដើមរស់ ពីរបបពិឃាត ប៉ុល ពត ដែលកំពុងមានវត្តមានសព្វថ្ងៃនេះ។
«មានលក្ខណៈតិរច្ឆានដូចសព្វថ្ងៃ» ដែលលោកតំណាងរាស្ត្ររូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ លោកជុន ច័ន្ទបុត្រ ជាអ្នកទទួល ខុសត្រូវវិទ្យុអាស៊ីសេរី របស់បរទេសដែលនិយាយជាខេមរភាសា ដោយដាក់ចំណងជើងថា “តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលីចាត់ទុករបបនៅកម្ពុជាជារបបតិរច្ឆាន”។
ចម្លើយរបស់ខ្ញុំ ចំពោះអ្នកតំណាងរាស្ត្រអូស្ត្រាលី ដែលបានលើកឡើងថា «មានលក្ខណៈតិរច្ឆានដូចសព្វថ្ងៃ» បានសេចក្ដីថា ទាំងមហាក្សត្រ ព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករ អ្នកតំណាងរាស្ត្រ បញ្ញាវ័ន្ត មន្ត្រីរាជការ ទាំងនោះជាសត្វតិរច្ឆានទាំងអស់មែនដែរឬទេ? ដែលគេបាននឹងកំពុងរស់នៅក្នុងរបបរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រទីពីរ។
ខ្ញុំបានលឺ និងដឹងថា អ្នកជំនួញធំៗ និង អ្នកនយោបាយរបស់សហរដ្ឋអាមេរិក ដែលមានគតិយុត្តិធម៌ ចំពោះភាពសុច្ចរិត និងតកភាពរបស់ខ្មែរបានវាយតម្លៃខ្ពស់ ចំពោះបរិយាកាស និងស្ថានភាពល្អរបស់កម្ពុជា ដែលគេមានសេចក្ដីរីករាយ និងមានសង្ឃឹមលើកិច្ចសហការ ក៏ដូចជាបំណងនៃការបណ្ដាក់ទុនរកស៊ី នៅក្នុងកម្ពុជា។ បំណងរបស់ពាណិជ្ជករទាំងអស់នោះ គឺបង្ហាញជាសារធារណៈនូវស្ថានភាពអំណោយផល នៅក្នុងធុរកិច្ចរបស់ពួកគេ គឺទាំងកិច្ចពាក់ព័ន្ធ នឹងផ្លូវច្បាប់ក៏ដូចជា បញ្ហាពុករលួយ ដែលគេតែងតែចោទប្រកាន់ផងដែរ។
នៅក្នុងនេះដែរ ខ្ញុំពិតប្រាកដមិនជឿជាក់ថា លោកជំទាវអគ្គរដ្ឋទូតអូស្ត្រាលី Angela Corcoran ដែលឈរជើងនៅកម្ពុជា រួមជាមួយនឹងស្ថានទូតបរទេស ចំនួនរាប់សិប ដែលកំពុងតែបំបេញបេសកកម្ម ការងារទូតរបស់ពួកគេ នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននោះ ប្រាកដធ្វើការជាមួយរបបតិរច្ឆាននេះឡើយ។
សូម្បីតែអង្គការសហប្រជាជាតិ ក៏ពុំបានវាយតម្លៃមកលើប្រទេសកម្ពុជាដល់ថ្នាក់នេះដែរ សូមលោកតំណាងរាស្រ្ត ហុង លីម ពិចារណាអំពី (ឥរិយាបថពាល) របស់លោកសារជាថ្មីម្ដងទៀត។
ការធ្វើឃាតជនជាតិស្បែកខ្មៅ លោក Luther King ដែលជាសកម្មជនសិទ្ធមនុស្ស ក៏មិនស្ដែងថា ពួកស្បែកសរ ជាក្រុម ឫ រស់នៅក្នុងរបប តិរច្ឆាននៅក្នុងពេលនោះឡើយ។ ហើយគួរឲ្យសោកស្ដាយបន្ថែមទៀតនោះគឺ ប្រជាពលរដ្ឋអូស្រ្តាលីដែលមានឈាមជ័រប្លែកៗគ្នា បានផ្ដល់សេចក្ដីគាំទ្រ និង ទុកចិត្តតាមរយៈសន្លឹកឆ្នោត ដែលគេសង្ឃឹមថា លោក ហុង លីម ជាមនុស្សថ្លៃថ្នូរ ដែលមិនគួរមានចរិតថោកទាបប្រើពាក្យពាលលាបពណ៌ កម្ពុជាបច្ចុប្បន្នដូច្នេះនោះទេ ហើយអំពើនេះក៏អាចធ្វើឲ្យមានភាពអាម៉ាស់ និងស្រអាប់ពណ៌ដល់ប្រជាពលរដ្ឋអូស្រ្តាលីមួយចំនួន ដែលមាន អ្នកតំណាងរបស់ខ្លួនអសីលធម៌ដូច លោក ហុង លីម បែបនេះ។
ខ្ញុំជឿជាក់ថា លោកជំទាវអគ្គរដ្ឋទូតអូស្រ្តាលី Angela Caarcoran ច្បាស់ជាជួយអន្តរាគមន៍ស្វែងរក យុត្តិធម៌លើករណីអាក្រក់របស់តំណាងរាស្រ្ត ហុង លីម ដើម្បីថ្វាយ និងផ្ដល់ជូនដល់ព្រះមហាក្សត្រ និង ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃផងដែរ។
យើងខ្ញុំ ជាមន្រ្តីរាជការ កងប្រដាប់អាវុធ មានជំនឿថា កម្មករ កសិករ និង ពាណិជ្ជករទាំងអស់ ពុំអាចទទួលយកបានចំពោះការប្រើប្រាស់ពាក្យពាលប្រកបដោយ ឥរិយាបថថោកទាប មិនឆ្លុះបញ្ចាំង ឫសាកសម និង សីលធម៌ គុណធម៌ ដែលជាអ្នកតំណាងរាស្រ្ត នៃប្រជាជាតិស៊ីវីល័យ និងស្ថេរភាពជាមួយនឹងការងារ ទូតនៃទំនាក់ទំនង និងសហប្រតិបត្តិការល្អរវាងកម្ពជា និង អូស្រ្តាលី នោះឡើយ»៕