(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាឲ្យបណ្តាស្នងការនគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវមានផែនការពង្រឹងសមត្ថភាពអង្គភាព បង្កើនការប្រុងប្រយ័ត្ន បង្ក្រាបបទល្មើសចោរប្លន់ ពិសេសប្លន់ប្រដាប់អាវុធឲ្យខាងតែបាន ដើម្បីកាត់បន្ថយការភ័យខ្លាច របស់ប្រជាពលរដ្ឋរតាមមូលដ្ឋាន។ ការព្រមានចាត់វិធានការរបស់នាយនគរបាលជាតិ ខាងលើនេះ បានធ្វើឡើងដើម្បីឆ្លើយតបជាមួយសកម្មភាពប្លន់ នៅតែបន្តកើតមានឡើងតាមបណ្តាខេត្តមួយចំនួន រហូតមានការបាញ់ប្រហារ បណ្តាលឲ្យប្រជាពលរដ្ឋរងគ្រោះទៀតផង។
នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ សភាពការណ៍កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆមាសទី១ លើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ នេត សាវឿន បានថ្លែងថា «ក្នុងបទបញ្ជានេះ សម្រាប់មុខសញ្ញាបទល្មើសដែលនៅសេសសល់អនុវត្តមិនទាន់បាន គឺត្រូវបន្តតាមដានកំណត់រកមុខសញ្ញាឲ្យបាន និងតាមចាប់ឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសឲ្យបាន ពិសេសបទល្មើសជាប់ពាក់ព័ន្ធចោរលួច ឆក់ ប្លន់ប្រដាប់អាវុធ និងបទល្មើសនានាទៀត ដែលទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងអំពើជួញដូរជាដើម»។
នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា បណ្តាស្នងការនគរបាលរាជធានី-ខេត្ត ត្រូវរៀបចំផែនការប្រុងប្រៀបការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានប្រកបដោយភាពទន់ភ្លន់ និងម៉ឺងម៉ាត់ ខណៈនៅថ្ងៃខាងមុខអាចនឹងមានជនឆក់ឱកាសបង្កបាតុភាពផ្សេងៗ ក្នុងឱកាសចលនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៦ ក្នុងចំណោមបទល្មើស ដែលកើតឡើងជារួមជាង១៧០០លើក គឺកម្លាំងនគរបាលមានលទ្ធភាពបង្ក្រាបបានប្រមាណ៨០% ដែលស្មើនឹង១០៦៧ករណី ឃាត់ខ្លួនជនល្មើសបាន១៥៣៧នាក់ ក្នុងនោះបទឧក្រិដ្ឋ៣៧៦នាក់ បទមជ្ឈឹម១១៦១នាក់។ លោកឧត្តម បានបន្តទៀតថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌកើតឡើង១៣៤៩លើកនោះ គឺមានអំពើលួច ប្លន់មានស្ថានទំងន់ទោស កើតឡើង១៤១លើក ថយ១០%។
ដោយឡែក បទល្មើសមជ្ឈឹមក្នុងចំណោម៩៧៤លើក ក្នុងអំពើលួចឆ្លក់មាន៤៨៨លើកថយចុះ៧% នឹងដកហូតអាវុធប្រើខុសច្បាប់បាន១២លើក។ បើតាមលោកឧត្តមសេនីយ៍ ឆាយ គឹមខឿន ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៦ នៅទូទាំងប្រទេស គឺមានតែខេត្តចំនួន៥ប៉ុណ្ណោះ ពុំមានបទល្មើសចោរប្លន់ កើតឡើង ខណៈមានខេត្តចំនួន១៥ផ្សេងទៀត មានបទល្មើសចោរប្លន់នោះកើនឡើងខ្លាំង។ ក្នុងចំណោមខេត្តទាំង៥ ដែលពុំមានបទល្មើសចោរប្លន់កើតមាននោះរួមាន៖ ខេត្តកំពង់ឆ្នាំង កំពង់ធំ មណ្ឌលគិរី កែប និងខេត្តឧត្តរមានជ័យ៕