(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា «លិខិតចំហររបស់ប្រធានអង្គការ Global Witness គឺសំបុត្រពុំមានតម្លៃ ក្នុងការចាប់អារម្មណ៍ ឬធ្វើបទអត្ថាធិប្បាយបកស្រាយនៃខ្លឹមសារនោះទេ» ហើយលោកបានចាត់ទុកលិខិតនោះ ជាលិខិតវិទ្ធង្សនា និងជាឯកសារបំភ្លៃបោកប្រាស់ប្រាស់ចាកពីការពិត និងមូលដ្ឋានច្បាប់នៅកម្ពុជា។
ការប្រតិកម្មបែបនេះរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីមានលិខិតចំហរមួយរបស់ Global Witness ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដោយទាមទារឲ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់លើករណីឃាតកម្ម លោកបណ្ឌិត កែម ឡី និងបង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើល តាមរយៈបណ្តាញសារព័ត៌មាន ដែលបានសាកសួរខ្ញុំ អំពីលិខិតចំហររបស់ Global Witness ដែលជាអង្គការមាននិន្នាការ នយោបាយរបស់ភ្នាក់ងារបរទេស ក្នុងការប្រឆាំងជាលក្ខណៈសួនតួ និងប្រព័ន្ធ វាយប្រហារចំពោះរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ក្នុងករណីផលប្រយោជន៍អាថ៌កំបាំងណាមួយ ដើម្បីញុះញង់អុចអាលសាធារណជន តាមរយៈសេចក្តីថ្លែងការណ៍ ឬរបាយការណ៍ប្រឌិត និងនិន្នាការនយោបាយ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលដដែលរូបនោះបានបន្តទៀតថា «លិខិតចំហរដែលធ្វើមកកាន់សម្តេចតេជោ ហ៊ុន សែន នោះបើតាមអ្នកសារព័ត៌មានបានសួរខ្ញុំ គឺ សំបុត្រចំហរនោះពុំមានតម្លៃ ក្នុងការចាប់អារម្មណ៍ ឬធ្វើបទអត្ថាធិប្បាយ បកស្រាយនៃខ្លឹមសារ នូវចំណែកណាមួយ ឬទាំងស្រុងរបស់សំបុត្រនោះឡើយ»។
លោកបានបន្តអះអាងថា «ខ្ញុំចាត់ទុកថា វាជាលិខិតវិទ្ធង្សនា និងជាឯកសារបំភ្លៃ បោកប្រាស់ប្រាស់ចាកពីការពិត (តាមការពិសោធន៍កន្លងមក) និងមូលដ្ឋានច្បាប់នៅកម្ពុជា។ កម្ពុជា ជារដ្ឋអធិបតេយ្យ និងឯករាជ្យ គឺគ្មានកាតព្វកិច្ច ក្នុងការឆ្លើយតប បកស្រាយក្នុងប្រការណាមួយនោះឡើយ។ ព័ត៌មាននេះចាត់ទុកបន្ថែម នៃការក្រើនរំលឹកដល់បណ្តាញសារព័ត៌មានទាំងអស់ នូវគោលជំហរ និងក៏ជាសិទ្ធិដែលត្រូវបានគោរពជាដាច់ខាត»៕