(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង តំណាងឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បាននាំទៀនវស្សា និងទ័យវត្ថុប្រគេនព្រះសង្ឃគងនៅវត្តមុនីជលទ្ធារាម ហៅវត្តជ្រោយស្វាយ ស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្នុងឱកាសនោះ លោក ហាក់ ឡេង ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានសំឡេងឆ្នោតលើសលុប និងអរសាទរគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនីតិកាលទី៧ សម្រាប់ដឹងនាំប្រទេសបន្តពីសម្តេចតេជោ។
លោក ហាក់ ឡេង បានបន្តថា ការគាំទ្ររបស់ប្រជាពលរដ្ឋពិតជាត្រូវតាមកាលៈទេសៈ ពីព្រោះប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមរាប់រយឆ្នាំមកហើយ ទើបតែមានសន្តិភាពក្នុងរច្ចកាលសម័យសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្តេចបានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនជូនប្រទេសជាតិជូនប្រជាពលរដ្ឋ និងធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្បីល្បាយនៅលើពិភពលោកទៀតផង។
លោកបានបន្ថែមថា ដើម្បីសន្តិភាព ស្ថិរភាព នយោបាយឈ្នះឈ្នះ ដើម្បីអភិវឌ្ឍប្រទេស សម្តេចតេជោបានជ្រើសតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីដឹកនាំប្រទេសរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងដើម្បីបន្តដឹកនាំប្រទេសរក្សាសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
ពុទ្ធបរិស័ទចំនុះជើងវត្ត ពិសេសលោកតាលោកយាយបានលើកឡើងថា យើងគ្រប់គ្នាមិនចង់បានសង្រ្គាមទេ ពីព្រោះពួកគាត់បានឆ្លងកាត់សង្រ្គាមគ្រប់ជំនាន់មកហើយ ហើយប្រទេសមានសន្តិភាព មានសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានរកសន្តិភាព សេរីភាព ការអភិវឌ្ឍជូនប្រទេសជាតិបានដោយជោគជ័យ ហើយពួកគាត់បានជឿជាក់ថា មានតែគណបក្សប្រជាជនតែ១គត់ ដែលដឹកនាំប្រទេសជាតិកាន់តែមានភាពរីកចម្រើនទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ទៀនវស្សា និងទ័យវត្ថុត្រូវប្រគេនព្រះសង្ឃមានទៀនវស្សា អង្ករ ស្លាដក សាប៊ូលាងចាន ប្រេងឆា មី ត្រីខ ទឹកសុីអុីវ អំបិល ស្ករស ប៊ីចេង ទឹកត្រីភេសជ្ជៈ រួមនឹងបច្ច័យកសាងវត្តមួយចំនួនផងដែរ៕