(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០១ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ តាមតម្រាយផ្លូវដូចខាងក្រោម៖
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងរៀបចំជួបជុំសមាជិក សមាជិកានៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតនៅបុរីដើមមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយមានអ្នកចូលរួមចំនួន ១៥០នាក់ បន្ទាប់មក នៅវេលាម៉ោង ០៧៖៣០នាទី ក្បួននឹងហែចេញពីទីតាំងជួបជុំ បត់ស្តាំចូលផ្លូវចំការដូង (ផ្លូវលេខ២១៧) បត់ឆ្វេងចូលផ្លូវទួលពង្រ បន្តដំណើរទៅមុខ បន្ទាប់មកបត់ស្តាំចូលផ្លូវជាតិលេខ៣ឆ្ពោះទៅស្ពានអាកាសចោមចៅ រួចបត់ស្តាំចូលមហាវិថីចោមចៅ ឆ្ពោះទៅច្រមុះជ្រូកស្ទឹងមានជ័យ បន្តចូលមហាវិថីសម្តេចមុនីរ៉េត បត់ឆ្វេង ក្រោមស្ពានអាកាសស្ទឹងមានជ័យចូលផ្លូវលេខ២៧១ បត់ឆ្វេងចូលផ្លូវលេខ២០០៤ បត់ស្តាំចូលផ្លូវណតប្រ៊ីដ បន្តដំណើរក្រោមស្ពានអាកាសផ្សារដីហុយចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ រួចបត់ស្តាំចូលផ្លូវលេខ១៩៧២ រហូតដល់ផ្ទះលេខ៣២ ឈប់សម្រាកអាហាថ្ងៃត្រង់។
នៅវេលាងម៉ោង ១៤៖០០នាទី ក្បួនបន្តដំណើរចេញពីទីតាំង សម្រាកតាមបណ្តោយផ្លូវលេខ១៩៧២ បត់ឆ្វេងចូលផ្លូវលេខ១០០៧ ឆ្ពោះទៅបត់ឆ្វេងចូលផ្លូវលេខ៥៩៨ បន្តទៅរង្វង់មូលកាំកូស៊ីធំ រួចបត់ឆ្វេងចូលមហាវិថីអង្គរ បន្តដំណើរទៅបត់ស្តាំចូលមហាវិថីឈ្នះឈ្នះ បន្ទាប់មក បត់ស្តាំចូលផ្លូវជាតិលេខ៥ ឆ្ពោះទៅទីលានប្រជាធិបតេយ្យ ដើម្បីរំសាយ។
ក្នុងយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយផ្លូវនានាដែល គណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៦៖០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់៕