(ភ្នំពេញ)៖ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៦នេះ គឺជាខួប២ឆ្នាំនៃកិច្ចព្រមព្រៀង២២ កក្កដា ឆ្នាំ២០១៤ ដែលជាការចរចា បញ្ចប់ជម្លោះនយោបាយ ក្រោយបោះឆ្នោតឆ្នាំ២០១៣។ កិច្ចព្រមព្រៀងនេះ គណបក្សប្រឆាំង បានបញ្ឈប់សកម្មភាពតវ៉ានៅតាមទីសាធារណៈដោយវិលចូលរួមធ្វើការ នៅរដ្ឋសភាជាមួយគណបក្សប្រជាជនកម្ពុជា ហើយគណបក្សទាំងពីរបានប្តេជ្ញាសន្ទនាគ្នា ព្រមព្រៀងបែងចែក អំណាចគ្នាក្នុងរដ្ឋសភា និងធ្វើកំណែទម្រង់មួយចំនួនជាដើម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានឱ្យដឹងថា រហូតដល់ពេលនេះ កិច្ចព្រមព្រៀង២២កក្កដា នៅតែមានអត្ថន័យ និងតម្លៃសម្រាប់ គណបក្សប្រជាជនកម្ពុជា ហើយថាគណបក្សប្រជាជនកម្ពុជា មិនបានបិទទ្វារចរចា ជាមួយគណបក្សសង្រ្គោះជាតិនោះឡើយ ក៏ប៉ុន្តែគណបក្សកាន់អំណាច បានសម្រេចថា ការចរចាជាមួយ CNRP នឹងធ្វើទៅបាន បន្ទាប់ពីតុលាការបញ្ចប់នីតិវិធី របស់ខ្លួន រួចរាល់លើដៃគូសន្ទនាម្ខាងទៀត ដើម្បីកុំឱ្យការចរចានេះមានសម្ពាធលើតុលាការ។
លោក សុខ ឥសាន បានប្រាប់ Fresh News ឱ្យដឹងថា «គណបក្សទាំងពីរពុំបានបែរខ្នងដាក់គ្នាទេ ជាពិសេសគណបក្សប្រជាជនកម្ពុជា គឺមិនបានបិទទ្វារវប្បធម៌សន្ទនាទេ ព្រោះដោយមូលហេតុអ្វី? គឺវប្បធម៌សន្ទនានេះវាជា គំនិតផ្តួចផ្តើមតាំងពីដើមមករបស់គណបក្សប្រជាជនកម្ពុជា អញ្ចឹងវាហុចលទ្ធផលជាច្រើនណាស់ដល់ប្រទេសជាតិយើង អញ្ចឹងយើងមិនអាចបោះបង់ចោល វប្បធម៌សន្ទនាបានទេ ក៏ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ វាមានបញ្ហាដែលតុលាការកំពុងតែអនុវត្តនីតិវិធីចំពោះជនល្មើសច្បាប់មួយចំនួន អញ្ចឹងបើយើងជួបពិភាក្សាគ្នា ក្នុងក្របខណ្ឌវប្បធម៌សន្ទនានេះ វានាំឱ្យជះឥទ្ធិពលដល់តុលាការ ឬក៏ឆាឆៅទៅលើនីតិវិធីរបស់តុលាការ អញ្ចឹងបានជាគណបក្សប្រជាជនកម្ពុជា កំណត់ថា មិនបិទទ្វារវប្បធម៌សន្ទនាទេ ពេលណាដែលតុលាការបញ្ចប់ នីតិវិធីរបស់ខ្លួនសព្វគ្រប់ហើយ យើងនឹងពិនិត្យលទ្ធភាព ដំណើរការឡើងវិញនូវវប្បធម៌សន្ទនានេះ»។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោត និងគណបក្សសង្រ្គោះជាតិដែលទទួលបាន៥៥កៅអី ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥នោះ បានសម្រេចធ្វើការចរចាដើម្បីបញ្ចប់ជម្លោះនយោបាយដ៏តានតឹងដែលអូសអន្លាយរយៈពេល១ឆ្នាំ។ កិច្ចព្រមព្រៀងនេះ មានលក្ខខណ្ឌចំនួន៧ចំណុច ដែលក្នុងនោះមានទាំងការបែងចែកអំណាចនៅក្នុងរដ្ឋសភា ការធ្វើកែទម្រង់ការរៀបចំការបោះឆ្នោត និងរៀបចំក្បាលម៉ាស៊ីនព្រឹទ្ធសភាឡើងវិញផងដែរ។
កិច្ចព្រមព្រៀងនោះរួមមាន៖
ប្រការទី១៖ គណបក្សទាំងពីរបានឯកភាពគ្នាលើដំណោះស្រាយនយោបាយ ដោយចូលរួមធ្វើការជាមួយគ្នា នៅក្នុងស្ថាប័នរដ្ឋសភា ដើម្បីឈានទៅដោះស្រាយបញ្ហានានារបស់ប្រទេសជាតិ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ប្រការ២៖ ផ្អែកតាមស្មារតីនៃសេចក្ដីប្រកាសរួម នៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ គណបក្សទាំងពីរបានឯកភាពគ្នា ដើម្បីកែទម្រង់ការបោះឆ្នោត ដោយរៀបចំស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័នដែលមានឯករាជ្យពេញលេញ ដោយមានចែងក្នុងជំពូកមួយដោយឡែកនៃរដ្ឋធម្មនុញ្ញ ហើយសមាសភាពនៃស្ថាប័ននេះ ត្រូវជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានចំនួន០៩រូប ក្នុងនោះសមាសភាព៤រូប ជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល, សមាសភាព៤រូប ជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល ហើយសមាសភាព១រូបទៀត គឺត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ត្រូវដំណើរការរៀបចំ ឱ្យមានការជ្រើសរើសដោយបើកចំហ និងតម្លាភាព នូវសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដាក់ជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ ក្នុងករណីដែលខកខានមិនបានរៀបចំ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានស្រាប់ ត្រូវបន្តការងាររបស់ខ្លួនបន្តទៀត និងមានសមត្ថកិច្ចដើម្បីចាត់ចែងរៀបចំការបោះឆ្នោតតាមច្បាប់។ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត មានថវិកាស្វយ័តសម្រាប់ដំណើរការ។ គណបក្សទាំងពីរឯកភាពគ្នា ឱ្យគណៈកម្មការចម្រុះដែលមានស្រាប់ បន្តពិភាក្សាគ្នារៀបចំក្របខណ្ ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ ស្របតាមសេចក្ដីប្រកាសរួមរវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងនោះ ដោយរួមទាំងការរៀបចំបញ្ជីឈ្មោះ បោះឆ្នោតជាថ្មី។
ប្រការ៣៖ គណបក្សទាំងពីរឯកភាពគ្នាកំណត់ឡើងវិញ នូវកាលបរិច្ឆេទសម្រាប់ការបោះឆ្នោត នាពេលខាងមុខ។
ប្រការ៤៖ គណបក្សទាំងពីរឯកភាពគ្នា ក្នុងការរៀបចំឱ្យមានការបែងចែកអំណាចដាច់ពីគ្នា រវាងអំណាចនីតិបញ្ញតិ្ត និងអំណាចនីតិប្រតិបត្តិ។ គណបក្សទាំងពីរឯកភាពគ្នាធ្វើការសិក្សា ដើម្បីឈានទៅធ្វើវិសោធន៍កម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដើម្បីឱ្យស្ថាប័ននេះ អាចបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ក្នុងនោះលើកកម្ពស់តួនាទី និងសិទ្ធិអំណាចរបស់គណបក្សមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលក្នុងរាជរដ្ឋាភិបាល ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ គណបក្សទាំងពីរឯកភាពគ្ នារៀបចំក្បាលម៉ាស៊ីនរដ្ឋសភា ដោយបែងចែកតួនាទីដឹកនាំនៅក្នុងគណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភា តាមរូបមន្ដ៧ទល់៦ ដោយត្រូវបង្កើតបន្ថែម គណៈកម្មការជំនាញថ្មីមួយទៀត ហើយដោយមានប្រធានរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា, អនុប្រធានទី១ មកពីគណបក្សសង្គ្រោះជាតិ និងអនុប្រធានទី២ មកពីគណបក្សប្រជាជនកម្ពុជា។ គណៈកម្មការដែលបង្កើតថ្មី ជាគណៈកម្មការទី១០ មានឈ្មោះថា «គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ» ដោយបំបែកចេញពីគណៈកម្មការទី៤ ហើយដូរឈ្មោះគណៈកម្មការទី៤ មកជា «គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ»។ គណៈកម្មការដែល គណបក្សប្រជាជនកម្ពុជាធ្វើជាប្រធាន និងធ្វើជាលេខាធិការ រួមមាន គណៈកម្មការទី២, គណៈកម្មការទី៤, គណៈកម្មការទី៥, គណៈកម្មការទី៦, គណៈកម្មការទី៩។ គណៈកម្មការដែលគណបក្សសង្គ្រោះជាតិធ្វើជាប្រធាន និងធ្វើជាលេខាធិការ រួមមានគណៈកម្មការទី១, គណៈកម្មការទី៣, គណៈកម្មការទី៧, គណៈកម្មការទី៨ និងគណៈកម្មការទី១០។ គណៈកម្មការនីមួយៗមានសមាសភាព០៩រូប។ គណៈកម្មការដែលគណបក្សណាធ្វើជាប្រធាន គណបក្សនោះមាន០៥រូប និងគណបក្សមួយទៀតមាន០៤រូប។
ប្រការ៥៖ គណបក្សទាំងពីរឯកភាពគ្នាពិនិត្យ រៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា។
ប្រការ៦៖ គណបក្សទាំងពីរឯកភាពគ្នាធ្វើការកែទម្រង់ និងពង្រឹងស្ថាប័នជាតិសំខាន់ៗ ជាពិសេសស្ថាប័នឯករាជ្យនានា ឱ្យអាចបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។
ប្រការ៧៖ គណបក្សទាំងពីរឯកភាពក្នុងការសិក្សា ដើម្បីឈានទៅធ្វើវិសោធនកម្មបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងនេះ។
សម្រាប់គណបក្សសង្រ្គោះជាតិវិញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ ក៏បានរម្លឹកឡើងវិញនូវកិច្ចព្រមព្រៀង២២កក្កដាឆ្នាំ២០១៤នេះដែរ។ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នាព្រឹកថ្ងៃសុក្រនេះថា គណបក្សសង្រ្គោះជាតិនៅតែទទូចឱ្យមាន ការចរចាគ្នា ដើម្បីរកដំណោះស្រាយ ដោយឈរលើគោលការណ៍អហិង្សា។ ជាមួយគ្នានេះ លោកស្រី មូរ សុខហួរ អះអាងថា គណបក្សសង្រ្គោះជាតិ ចង់ឱ្យមានភាគីទី៣ ដើម្បីវាយតម្លៃលើការអនុវត្តកិច្ចព្រមព្រៀងនេះផងដែរ។
លោកស្រី មូរ សុខហួរ បានថ្លែងថា «គណបក្សសង្រ្គោះជាតិ ជាថ្មីម្តងទៀត សូមបញ្ជាក់ថា រៀងរាល់ដំណោះស្រាយទាំងឡាយ រវាងគណបក្សទាំងពីរ យើងសូមឱ្យមានការជជែកគ្នាតាមវប្បធម៌សន្ទនា ដោយយើងយកដំណោះស្រាយឈរលើគោលការណ៍អហិង្សា លើសពីនេះទៀត គណបក្សសង្រ្គោះជាតិ សូមជំរាបថា អ្វីដែលគណបក្សសង្រ្គោះជាតិចង់ឃើញ គឺការវាយតម្លៃលើការអនុវត្ត នៃកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ហើយយើងសូមឱ្យការវាយតម្លៃនេះដើម្បីឱ្យមានការអនុវត្តឱ្យបានត្រឹមត្រូវតម្លាភាព យើងស្វាគមន៍ យើងសូមអញ្ជើញឱ្យមានភាគីដទៃទៀត ចូលរួមបើកសិក្ខាសាលាវាយតម្លៃនៃកិច្ចព្រមព្រៀង»។
ទោះជាយ៉ាងណា ក្នុងកិច្ចព្រមព្រៀង២២កក្កដានេះ ត្រូវបានសាធារណជនមើលឃើញថា ពុំទាន់អនុវត្តបានពេញលេញនៅឡើយទេ។ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏បានទទួលស្គាល់ថា កិច្ចព្រមព្រៀង២២កក្កដា ឆ្នាំ២០១៤ នេះពុំទាន់ត្រូវបានអនុវត្តឱ្យមានប្រសិទ្ធភាព ពេញលេញទាំងស្រុងនៅឡើយ ដោយសារនៅចំណុចខ្លះមិនទាន់បានអនុវត្តដូចជា ចំណុចទី៥ ការរៀបចំក្បាលម៉ាស៊ីនព្រឹទ្ធសភា ការដាក់អនុប្រធានទី១ រដ្ឋសភាមកពីគណបក្សសង្រ្គោះជាដើម។ លោក សុខ ឥសាន ក៏បានចោទប្រកាន់ផងដែរថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើខុសនឹងកិច្ចព្រមព្រៀង ដោយសារតែការលាបពណ៌មកលើរដ្ឋអំណាចដោយពុំមានមូលដ្ឋាន។
លោកថា «នេះជាទម្លាប់របស់ ឯកឧត្តម សម រង្ស៊ី តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤មក ឯកឧត្តម សម រង្ស៊ី មិនដែលបានអនុវត្តត្រឹមត្រូវ តាមគោលការណ៍ដែលបានឯកភាពគ្នា និងចុះហត្ថលេខាទេ»៕