(អន្តរជាតិ)៖ បន្ទាប់ពីមានព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលបានផ្ទុះឡើងក្នុងប្រទេស តួកគី កាលពីរាត្រីថ្ងៃសុក្ររំលងអាធ្រាតឈានចូលព្រឹកថ្ងៃសៅរ៍នេះ ដោយមានរថក្រោះ និងយោធាជាច្រើនត្រូវបានដាក់ពង្រាយតាមដងផ្លូវ អាវុធ និងគ្រាប់បែកបានផ្ទុះឡើងបន្តបន្ទាប់គ្នា ចំណែកបាតុករក៏បានប្រមូលផ្តុំគ្នា ប្រឆាំងការធ្វើរដ្ឋប្រហារ ដែលបង្កឲ្យមានភាពហ្វឹកវរពេញផ្ទៃប្រទេសនោះ ជំរុញឲ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំងទៅលើស្ថានភាពក្នុងប្រទេស តួកគី។ ឆ្លៀតឱកាសយើងសូមបង្ហាញនូវស្ថានភាពទូទៅនៅក្នុងប្រទេសមួយនេះដូចខាងក្រោម៖
*ព័ត៌មានទូទៅ៖
• ឈ្មោះជាផ្លូវការ៖ សាធារណរដ្ឋតួកគី
• រដ្ឋធានី៖ អង់ការ៉ា
• ទីក្រុងធំជាងគេ៖ អ៉ីស្តង់ប៊ុល
• ភាសាផ្លូវការ៖ តួកគី
• របប៖ របបសាធារណរដ្ឋ បង្កើតឡើងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩២៣
• លទ្ធិ៖ ប្រជាធិបតេយ្យសភានិយម
• ប្រធានាធិបតី៖ លោក Recep Tayyip Erdogan
• នាយករដ្ឋមន្ត្រី៖ លោក Binali Yildirm
• កំណើតមកពី៖ ចក្រភពអូតូម៉ង់
• ផ្ទៃដី៖ ៧៨៣.៣៥៦គីឡូម៉ែត្រការ៉េ (ស្ថិតក្នុងលំដាប់ទី៣៧លើពិភពលោក)
• ផ្ទៃទឹក៖ ១៣ភាគរយ
• ប្រជាពលរដ្ឋ៖ ៧៩.៤៦៣.៦៦៣នាក់ (ស្ថិតក្នុងលំដាប់ទី១៨លើពិភពលោក)
• ដង់ស៊ីតេប្រជាជន៖ ១០២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតក្នុងលំដាប់ទី១០៧លើពិភពលោក)
• GDPសរុប៖ ៧៥១ពាន់លានដុលា្លរ (ស្ថិតក្នុងលំដាប់ទី១៨លើពិភពលោក)
• GDP សម្រាប់ប្រជាពលរដ្ឋម្នាក់៖ ៩.៥៦២ដុល្លារ (ស្ថិតក្នុងលំដាប់ទី៦២លើពិភពលោក)
*ភូមិសាស្ត្រ
ប្រទេស តួកគី ស្ថិតនៅក្នុងឧបទ្វីប Anatolian ក្នុងតំបន់មជ្ឈឹមបូព៌ាភាគខាងលិចទ្វីបអាស៊ី និងភាគអាគ្នេយ៍ទ្វីបអឺរ៉ុប។ ដោយសារប្រទេសនេះ ស្ថិតនៅចន្លោះរវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ដែលនាំឲ្យប្រទេស តួកគី ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានភូមិសាស្ត្រមួយយ៉ាងល្អប្រសើរបំផុត។
ប្រទេសមជ្ឈឹមបូព៌ាមួយនេះមានបន្ទាត់ព្រំដែនជាប់៨ប្រទេសក្នុងនោះមានដូចជា ប្រទេស ស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ អាមេនី ហ្សកហ្ស៊ី ប៊ុលហ្គារី អាហ្សែបែហ្សង់ និងប្រទេសក្រិច។ ប្រទេស តួកគី ក៏មានព្រំប្រទល់ជាប់សមុទ្រខ្មៅ សមុទ្រម៉េឌីទែរ៉ានេ និងអឺជៀនផងដែរ។
*ប្រវត្តិដើមកំណើតរដ្ឋ៖
ប្រទេស តួកគី មានមនុស្សមកតាំងទីរស់នៅតាំងពីសម័យបុរាណមកម្ល៉េះ។ ប្រទេស នេះធ្លាប់មានប្រវត្តិបំបែកចេញពីចក្រភពអូតូម៉ង់ ដែលចក្រភពនេះមានដើមកំណើតឡើងតាំងពីសម័យបុរាណ គឺនៅដើមសតវត្សរ៍ទី១៣មកម្ល៉េះ។ ចក្រភពអូតូម៉ង់ បានបង្រួបបង្រួមជាមួយឧបទ្វីបអាណាតូលី បង្កើតជាចក្រភពមួយ លាតសន្ធឹងទៅលើដែនដីភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប ភាគខាងលិចអាស៊ី និងភាគខាងជើងទ្វីបអាហ្វ្រិក បានក្លាយជាមហាអំណាចដ៏សំខាន់មួយក្នុងតំបន់អាស៊ីអឺរ៉ុប និងអាហ្វ្រិក កាលពីដើមសម័យទំនើប។
ចក្រភពមួយនេះ បានរីកចម្រើនដល់កំពូលនៅរវាងសតវត្សរ៍ទី១៥ ដល់សតវត្សរ៍ទី១៧ ជាពិសេសក្នុងអំឡុងសម័យឆ្នាំ១៥២០ដល់ឆ្នាំ១៥៦៦។ ឆ្នាំ១៦៩៩ ចក្រភពដ៏មានឥទ្ធិពលក្នុងតំបន់មួយនេះ បែរជាធ្លាក់ចុះជាខ្លាំង។ បន្ទាប់មកនៅក្នុងពឹ្រត្តិការណ៍ធ្វើរដ្ឋប្រហារឆ្នាំ១៩១៣ ចក្រភពអូតូម៉ង់ ត្រូវបានគ្រប់គ្រងដោយក្រុមទាហានបីក្រុម។ ហើយពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ចក្រភពអូតូម៉ង់ ដែលកំពុងបាត់បង់ឥទ្ធិពលមួយនេះត្រូវប្រឈមមុខនឹងសង្គ្រាមលោកលើកទីពីរថែមទៀត។
ពីឆ្នាំ១៩១៩ដល់ឆ្នាំ១៩២២ សង្គ្រាមផ្តាច់ខ្លួនរបស់តួកគី ត្រូវបានផ្ទុះឡើង រហូតបង្កើតបានជាប្រទេសសាធារណរដ្ឋតួកគីទំនើបថ្មីមួយក្នុងឆ្នាំ១៩២៣ ដោយមានលោក Ataturk ជាប្រធានាធិបតីទីមួយរបស់តួកគី ហើយឈ្មោះរបស់លោកត្រូវបានគេប្រើប្រាស់សម្រាប់ហៅអាកាសយាន្តដា្ឋនដ៏សំខាន់មួយក្នុងប្រទេស តួកគី រហូតមកទល់បច្ចុប្បន្ន។
*សេដ្ឋកិច្ច៖
ប្រទេស តួកគី មានGDPសរុបតម្លៃជាទឹកប្រាក់ ៧៥១ពាន់លានដុលា្លរ(ស្ថិតក្នុងលំដាប់ទី១៨លើពិភពលោក) ចំណែក GDPសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានតម្លៃជាទឹកប្រាក់ ៩.៥៦២ដុល្លារ(ស្ថិតក្នុងលំដាប់ទី៦២លើពិភពលោក)។ ដោយសារកំណើនសេដ្ឋកិច្ច និងការឈានមុខគេផ្នែកទំនាក់ទំនងការទូត ធ្វើឲ្យប្រទេសនេះ ត្រូវបានគេទទួលស្គាល់ថាជាមហាអំណាចមួយក្នុងតំបន់។
ក្នុងទំនាក់ទំនងលើឆាកអន្តរជាតិ តួកគីបានក្លាយជាសមាជិករបស់អង្គការសហប្រជាជាតិ សមាជិករបស់អង្គការណាតូ ស្ថានិកអង្គការ OECD អង្គការOSCE អង្គការOIC និងG-20។ ប្រទេសមហាអំណាចនៅតំបន់មជ្ឈឹមបូព៌ាមួយនេះ បានក្លាយជាសមាជិកទីមួយរបស់ក្រុមប្រឹក្សាអឺរ៉ុប ក្នុងឆ្នាំ១៩៤៩ និងជាសមាជិកពេញលេញរបស់EEC ក្នុងឆ្នាំ១៩៨៧។
*នយោបាយ៖
ប្រទេស តួកគី ប្រកាន់យកលទ្ធិប្រជាធិតេយ្យសភានិយម ចាប់តាំងពីប្រទេសនេះក្លាយប្រទេសសាធារណដ្ឋ តាំងពីឆ្នាំ១៩២៣មកម្ល៉េះ។ រដ្ឋធម្មនុញ្ញក្តោបក្តាប់ទៅលើប្រព័ន្ធច្បាប់ ព្រមទាំងបង្កើតជាគោលការណ៍សំខាន់ៗក្នុងប្រទេស តួកគី។ ប្រធានាធិបតីជាប្រមុខរដ្ឋ និងកាន់អំណាចសំខាន់ជាងគេក្នុងប្រទេស។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ត្រូវបានធ្វើឡើងក្នុងរយៈពេល៥ ឆ្នាំម្តង។ សូមបញ្ជាក់ថា ប្រធានាធិបតីកំពុងកាន់អំណាចបច្ចុប្បន្នលោក Tayyip Erdogan ជាប្រធានាធិបតីមួយរូប ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់លើកដំបូងបំផុត។
ចំណែកដំណែងជានាយករដ្ឋមន្ត្រី ត្រូវបានបោះឆ្នោតជ្រើសរើសដោយសភាជាតិតាមរយៈការបោះឆ្នោតបង្ហាញភាពទុកចិត្ត។ ជាទូទៅនាយករដ្ឋមន្ត្រី គឺជាមេដឹកនាំបក្សនយោបាយណាដែលមានអាសនៈច្រើនជាងគេនៅក្នុងសភា។ នាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក Binali Yildirim ត្រូវបានជ្រើសរើសជំនួសឲ្យលោក Ahmet Davutoglu កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។
*វិស័យយោធា៖
កងកម្លាំងប្រទេសតួកគី រួមមានកងទ័ពជើងគោក ជើងទឹក និងដែនអាកាស។ នាយសេនាធិការត្រូវបានតែងតាំងឡើងដោយប្រធានាធិបតី។ ចំណែកក្រុមប្រឹក្សារដ្ឋមន្ត្រីទទួលខុសត្រូវចំពោះមុខសភាក្នុងបញ្ហាសន្តិសុខជាតិ និងការរៀបចំកងកម្លាំងការពារជាតិ។ យ៉ាងនេះក្តី សិទ្ធអំណាចក្នុងការប្រកាសសង្គ្រាម ការដាក់ពង្រាយកម្លាំងយោធារបស់តួកគីនៅបរទេស ឬច្បាប់អនុញ្ញាតឲ្យយោធាបរទេស ដាក់ពង្រាយក្នុងប្រទេស តួកគី ជាតួនាទីតែមួយគត់របស់សភា។ ហេតុនេះហើយបានជាក្នុងពេលមានរដ្ឋប្រហារកើតឡើង យោធាចាំបាច់ត្រូវគ្រប់គ្រងទៅលើសភាជាមុន តាមរយៈការប្រើប្រាស់អាវុធ និងកម្លាំងជាដើម។ ជាក់ស្តែងការធ្វើរដ្ឋប្រហារនៅតួកគីនៅថ្ងៃសៅរ៍នេះ ពួកយោធាបានធ្វើការទម្លាក់គ្រាប់បែកនៅសភា ខណៈមន្ត្រីទាំងអស់កំពុងរៀបចំកិច្ចប្រជុំ។
តួកគីជាប្រទេស ដែលមានកងកម្លាំងយោធាធំជាងគេក្នុងអង្គការណាតូ បន្ទាប់ពីសហរដ្ឋអាម៉េរិក ដោយមានវត្ថមានយោធាប្រមាណជា ៤៩៥ពាន់នាក់ នេះបើយោងតាមការសន្និដ្ឋានរបស់អង្គការណាតូកាលពីឆ្នាំ២០១១កន្លងទៅនេះ។ ជាមួយគ្នានេះដែរ ប្រទេស តួកគីជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំរបស់អង្គការណាតូ ដែលជាផ្នែកមួយនៃក្រុមគោលនយោបាយចែករំលែកព័ត៌មាននុយក្លេអ៊ែរ។ ប្រជាពលរដ្ឋជាបុរសជនជាតិតួកគីគ្រប់រូបដែលមានកាយសម្បទាគ្រប់គ្រាន់ តម្រូវឲ្យចូលបម្រើការងារយោធាក្នុងរយៈពេលយ៉ាងហោចណាស់ពី៣សប្តាហ៍ដល់១មួយឆ្នាំ អាស្រ័យលើការទីតាំងអប់រំ និងការងាររបស់បុគ្គលនោះ។
*សាសនា៖
ប្រទេស តួកគី ជាប្រទេសដែលគោរពប្រតិបត្តិសាសនាឥស្លាមច្រើនជាងគេរហូតដល់៩៦ភាគរយ សាសនាគ្រិស្ត០,៣ភាគរយ និងសាសនាដទៃ ឬអ្នកគ្មានសាសនាចំនួន៣,២ភាគរយ។
*វប្បធម៌៖
ប្រទេស តួកគី មានវប្បធម៌ជាច្រើនចំរុះបញ្ជូលគ្នាដូចជា វប្បធម៌ផ្ទាល់របស់តួកគី វប្បធម៌អូតូម៉ង់ និងវប្បធម៌លោកខាងលិច។ ចំណែកប្រពៃណីវិញ គឺអនុវត្តន៍តាមប្រពៃណីរបស់ចក្រភពអូតូម៉ង់ ដោយបានបន្តរហូតមកដល់បច្ចុប្បន្ន។ ការច្របល់បញ្ជូលគ្នានៃវប្បធម៌របស់តួកគី ជាលទ្ធផលបណ្តាលមកពីការបញ្ជូលគ្នារវាងវប្បធម៌ជនជាតិ តួក និងជនជាតិដទៃទៀតដែលបានធ្វើចំណាកស្រុកចេញពីតំបន់អាស៊ីកណ្តាល មករស់នៅលើទឹកដីនេះ៕