(អង់ការ៉ា)៖ ប្រទេសតួកគីបច្ចុប្បន្ន ធ្លាប់មានប្រវត្តិសាស្រ្តដ៏អស្ចារ្យយូរលង់មកហើយ និងជាអាណាចក្រដ៏មានអំណាចខ្លាំងក្នុងតំបន់ ដែលហៅថា ចក្រភព Ottoman, ដែលអាណាចក្រនេះបានគ្រប់គ្រងពីទីក្រុងអ៊ីស្តង់ប៊ុល ជាមួយនឹងការកាន់អំណាចដ៏យូរអង្វែង។ ក៏ប៉ុន្តែឈ្មោះសាធារណរដ្ឋតួកគីសព្វថ្ងៃនេះ គឺជាប្រទេសដ៏វ័យក្មេងមួយនៅឡើយ ដែលទើបបានបង្កើតឡើងតិចជាងមួយសតវត្សរ៍ប៉ុណ្ណោះ ហើយក៏តែងជួបនឹងវិបត្តិរដ្ឋប្រហារជាញឹកញាប់ផងដែរ។

អត្រាខ្ពស់នៃការចលាចលរដ្ឋប្រហារនេះមិនមែនជាការចៃដន្យនោះទេ។ មូលហេតុពិតមួយដែលនៅពីក្រោយនៃការធ្វើរដ្ឋប្រហារ គឺទាក់ទងទៅនឹងប្រព័ន្ធរៀបចំរបស់រដ្ឋាភិបាលប្រទេសតួកគី ។ ទស្សនាវដ្តី TIME ធ្លាប់បានបកស្រាយថា បន្ទាប់ពីមានរដ្ឋប្រហារកំពុងកើតឡើង រដ្ឋធម្មនុញ្ញប្រទេសនេះបានប្រទានសិទ្ធិអំណាចដល់យោធាដើម្បីលូកដៃចូលអន្តរាគមន៍នៅពេលចាំបាច់ ហើយមេដឹកនាំយោធាមិនទទួលរងសម្ពាធពីក្រុមមេដឹកនាំនយោបាយឡើយ។

* រដ្ឋប្រហារឆ្នាំ ១៩៦០

ជារដ្ឋប្រហារដំបូងបង្អស់កើតឡើងនៅប្រទេសតួកគី ដែលបណ្តាលមកពីការកើនឡើងនៃកំដៅនយោបាយរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង។ នាយករដ្ឋមន្រ្តី Adnan Menderes និងប្រធានាធិបតី Ceral Bayar បានបន្ធូរការកែទម្រង់ដែលគេឲ្យឈ្មោះថា Ataturk Reforms ដែលបានប៉ុនប៉ងធ្វើទំនើបភាវូបនីយកម្មប្រទេសតួកគី ក្នុងទសវត្សឆ្នាំ១៩២០ និង១៩៣០។ កំណែទម្រង់ទាំងនោះមានដូចជាការបោះបង់ចោលច្បាប់ឥស្លាម ការជម្រុញឲ្យនារីឈប់ពាក់ស្បៃបាំងក្បាលបាំងមុខ ហើយនាមចូលនូវវប្បធម៌លោកខាងលិចជាដើម។ ពេលមានរដ្ឋប្រហារកើតឡើង ទាំងនាយករដ្ឋមន្រ្តី ទាំងប្រធានាធិបតីសុទ្ធតែត្រូវបានឃុំខ្លួន ដោយចោទប្រកាន់ពីបទក្បត់ជាតិ និងទោសរាប់មិនអស់ ហើយឧត្តមសេនីយ៍ Cemal Gursel បានកាន់អំណាចជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ក្នុងពេលតែមួយ។

* រដ្ឋប្រហារឆ្នាំ ១៩៧១ ជារដ្ឋប្រហារទៅលើសេដ្ឋកិច្ច

រដ្ឋប្រហារនេះបានកើតឡើងដោយសារតែភាពរង្គោះរង្គើនៃផ្នែកសេដ្ឋកិច្ច ដែលកើតឡើងនៅចុងទសវត្សឆ្នាំ១៩៦០។ ការដាំក្បាលចុះនៃកំណើនសេដ្ឋកិច្ច ការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុ កំណើនអតិផរណា បណ្តាលឲ្យមានចលនាបាតុកម្មយ៉ាងផុសផុលពីសំណាក់កម្មករ។ ក្នុងខែមិនាឆ្នាំ១៩៧១ មានក្រុមមេដឹកនាំយោធាមួយក្រុមបានបង្ខំអ្នកអានវិទ្យុមួយរូប ឲ្យអាននូវអនុស្សារណៈមួយច្បាប់ឲ្យឮៗ ប្រាប់ប្រជាជននៃប្រទេសតួកគីថា «ជាថ្មីម្តងទៀតរដ្ឋាភិបាលបានរុញឱ្យប្រទេសរបស់យើង ធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ និងភាពចលាចលសង្គមនិងសេដ្ឋកិច្ច ដូច្នេះកងកម្លាំងប្រដាប់អាវុធតួកគី សូមបំពេញកាតព្វកិច្ចស្របច្បាប់របស់ខ្លួន ដើម្បីការពារសាធារណរដ្ឋ និងដណ្តើមយកអំណាចគ្រប់គ្រងប្រទេស»

ល្បិចនោះត្រូវបានគេប្រើដោយជោគជ័យ ហើយត្រូវបានគេស្គាល់ថាជា «ការធ្វើរដ្ឋប្រហារដោយអនុស្សរណៈ» ។ នាយករដ្ឋមន្រ្តី Suleyman Demirel ក៏បានលាលែងពីតំណែងប៉ុន្មានម៉ោង ក្រោយពីការប្រកាសអនុស្សារណៈនោះ។

* រដ្ឋប្រហារឆ្នាំ១៩៨០ ជារដ្ឋប្រហារយោធារវាងក្រុមនិយមឆ្វេងនិងក្រុមនិយមស្តាំ

បន្ទាប់ពីការអូសបន្លាយដ៏វែងនៃនយោបាយជម្លោះផ្ទៃក្នុង ដែលសភាមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន, ច្បាប់ជាច្រើនមិនត្រូវបានអនុម័តអស់រយៈពេលជាច្រើនខែ និងការវាយប្រហារភេរវកម្មកើតឡើងជាហូរហែ។ ក្រុមនិយមឆ្វេង និងក្រុមនិយមស្តាំ បង្កហិង្សាលើគ្នាទៅវិញទៅមក មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ សេដ្ឋកិច្ចបន្តធ្លាក់ចុះ ។
ការពិតទៅរដ្ឋប្រហារកើតមានតាំងពីចុងឆ្នាំ១៩៧៩មកម្ល៉េះ តែរបបយោធាចាំរហូតដល់ខែកញ្ញា ឆ្នាំ១៩៨០ ទើបបានប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក រួចប្រកាសរំលាយរដ្ឋាភិបាលតាមរយៈការផ្សាយក្នុងទូរទស្សន៍ជាតិ។ ហើយក្រុមប្រដាប់អាវុធបានតែងតាំងឧត្តមសេនីយ៍ Kenan Evren ជាប្រធានាធិបតី និងបានដឹកនាំជាតិត្រឡប់មកភាពប្រក្រតី និងមានស្ថេរភាពវិញ។

* រដ្ឋប្រហារឆ្នាំ១៩៩៧៖ រដ្ឋប្រហារយោធាក្នុងកំឡុងពេលគណបក្សឥស្លាមកាន់អំណាច

គណបក្សឥស្លាមបានឈ្នះការបោះឆ្នោតក្នុងឆ្នាំ១៩៩៥ និងកាន់អំណាចពេញលេញក្នុងឆ្នាំ១៩៩៦ ក៏ប៉ុន្តែក្នុងដើមឆ្នាំ១៩៩៧ ខាងយោធាបានបង្ខំលោកនាយករដ្ឋមន្រ្តី Necmettin Erbakan ចុះចេញពីតំណែង ហើយបិទចោលគណបក្សឥស្លាមក្នុងឆ្នាំ១៩៩៨។

* រដ្ឋប្រហារឆ្នាំ ២០១៦

យោធាមានបំណងទម្លាក់រដ្ឋាភិបាល ដោយប្រមូលផ្តុំកម្លាំងគ្រប់គ្រងទីក្រុងធំៗដូចជា អង់ការ៉ា និង អ៊ីស្តង់ប៊ុល កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ប៉ុន្តែមិនបាន សម្រេចនោះទេ ដោយរដ្ឋាភិបាលបានព្យាយាមគ្រប់គ្រងស្ថានការណ៍បានឡើងវិញ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

សូមជំរាបថា កង​កម្លាំងយោធា ១៦៦៣នាក់ នៅទូទៅប្រទេសត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីធ្វើរដ្ឋប្រហារដោយកម្លាំង​យោ​ធា​នៅព្រឹកថ្ងៃទី១៦ ខែកក្កដា នេះបើការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅមុននេះប្រធានាធិបតីតួកគី លោក Recep Erdogan បានប្រកាសឲ្យដឹងថា នៅពេលនេះរដ្ឋប្រហារ​ដោយ​យោធាត្រូវបានបញ្ចប់ ហើយនៅខណៈនេះ រដ្ឋាភិបាលបាននិងកំពុងតែគ្រប់គ្រង់ស្ថាន​ការណ៍ទាំងមូល។

ក្រោយពីលោកប្រធានាធិបតីតួកគី បានប្រកាសថា រដ្ឋប្រហារយោធាត្រូវបានបញ្ចប់ សារព័ត៌មាន Reuters ក៏បានរាយការណ៍មកថា មានមនុស្ស ៩០នាក់បានស្លាប់ និងរបួស១១៥៤នាក់ ហើយក្នុងចំណោមអ្នកស្លាប់​ទាំងនោះ ​មាន​មន្ត្រីប៉ូលិស១៧នាក់៕

រដ្ឋប្រហារឆ្នាំ១៩៦០