(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើ Facebook Page ផ្លូវការថា នាយករដ្ឋមន្ត្រីជប៉ុន តាមរយៈសម្តេចបានអញ្ជើញ លោក ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំវ័យក្មេងនៅកម្ពុជា ទៅទស្សនកិច្ចនៅជប៉ុន។ ក្នុងនាមជាឪពុក សម្តេចក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលមានមនោសញ្ចេតនារាប់អាន ដល់កូនប្រុសរបស់សម្តេច។
Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ព្រឹកនេះខ្ញុំបានពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេ ដោយផ្តោត សំខាន់លើ ទំនាក់ទំង សហប្រតិបត្តិការ ទ្វេភាគីកម្ពុជាជប៉ុន។ ខែ កញ្ញា ២០១៦ ខាង មុខនេះនឹងមានការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ព្រមពេលដែល ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២បាន កើនឡើងដល់ជាង១០០០ លានដុល្លារ កាលពីឆ្នាំ២០១៥កន្លងទៅ និងបន្តកើនឡើង ជាមួយការវិនិយោគ និង ទេសចរណ៌កំពុងមានកំណើន។ ខ្ញុំក៏បានពិភាក្សាជាមួយ នាយករដ្ឋមន្ត្រី ជប៉ុនអាបេ លើកិច្ចសហការជួយគ្នា ក្នុងកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ។ នាយករដ្ឋមន្ត្រីជប៉ុនតាមរយៈខ្ញុំ ក៏បានអញ្ជើញ ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំវ័យក្មេង ទៅទស្សនកិច្ចនៅជប៉ុន។ ក្នុងនាមជាឳពុក ខ្ញុំបានថ្លែងអំណរគុណគាត់ ដែលមានមនោសញ្ចេតនា រាប់អានដល់កូនប្រុសរបស់ខ្ញុំ»។
នេះជាលើទី២ហើយ ដែលនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញ លោក ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំវ័យក្មេងនៅកម្ពុជា ទៅទស្សនកិច្ចនៅជប៉ុន ដែលកាលពីលើកទី១ លោក ហ៊ុន ម៉ាណែត ត្រូវបានអញ្ជើញដោយ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ហាតូយ៉ាម៉ា ហើយនេះជាកិតិ្តយសមួយសម្រាប់កម្ពុជា មានថ្នាក់ដឹកនាំកំពូលប្រទេសមួយនេះ បានចាប់អារម្មណ៍ពីសកម្មភាពការងាររបស់លោក ហ៊ុន ម៉ាណែត កូនប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ហើយក៏ជាថ្នាក់ដឹកនាំវ័យក្មេងមួយរូប ក្នុងចំនោមថ្នាក់ដឹកនាំវ័យក្មេងមួយចំនួនទៀត នៅកម្ពុជា៕