(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយជិត ៦០០លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍរយៈពេល៣ ឆ្នាំគិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ នៅចំពេលដែលប្រទេសម្ចាស់ជំនួយមួយចំនួនដូចជសហគមន៍អឺរ៉ុប ក៏ដូចជាអាមេរិកជាដើម ព្រមានកាត់ផ្តាច់ជំនួយពីកម្ពុជា។ ការប្រកាសផ្តល់ជំនួយនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង នៅប្រទេសម៉ុងហ្គោលី នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចថា «មុននេះបន្តិច ខ្ញុំបានជួបទ្វេរភាគីជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-ចិន និងបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់។ នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ជំនួយឥតសំណងឲ្យកម្ពុជា ចំនួន ៣៦០០លានយន់ ប្រហាក់ប្រហែលជិត៦០០លានដុល្លាអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០១៦ ដល់២០១៨»។
សម្តេចតេជោ ក៏បានឲ្យដឹងផងដែរថា ចិនបានយល់ព្រមតាមសំណើរបស់សម្តេច ដោយផ្តល់ថវិកាសម្រាប់ដំណើការបោះឆ្នោត ដល់វិស័យសុខាភិបាល អប់រំ ទឹកស្អាតជា ស្រះទឹក អណ្តូងទឹក ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ប្រទេសចិន បានក្លាយជាប្រទេស ដែលបានផ្តល់ជំនួយច្រើនជាងគេបំផុត សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ ការប្រកាស ផ្តល់ជំនួយរបស់ចិន សម្រាប់កម្ពុជា នៅពេលនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីបណ្តាប្រទេសមួយចំនួន ជាពិសេសសហភាពអឺរ៉ុប ក៏ដូចជាអាមេរិក បានព្រមានកាត់ផ្តាច់ជំនួយ ក៏ដូចជាការផ្តល់ជំនួយភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងៗនោះ៕