(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលសារព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី០៩ ខែកក្កដានេះថា កម្ពុជានឹងមិនចូលរួម​ក្នុងការបញ្ចេញ​ជំហររួម​ណា​​មួយ​ចំពោះ សាលដីការបស់តុលាការអន្តរជាតិ លើវិវាទរវាងប្រទេសហ្វីលីពីន និងប្រទេសចិននោះទេ។

ក្រសួងការបរទេសកម្ពុជា សូមធ្វើការបញ្ជាក់សារជាថ្មីអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរការរបស់តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ នៅទីក្រុងឡាអេ ដែលគ្រោងនឹងប្រកាសនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ខាងមុនេះ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានបញ្ជាក់ថា៖
ទី១៖ កម្ពុជាយល់ឃើញថា បណ្តឹងរបស់ប្រទេសហ្វីលីពីន គឺដើម្បីសុំឲ្យតុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍  ដោះស្រាយជំលោះរបស់ខ្លួនជាមួយប្រទេសចិន ហើយដំណើរការនេះ មិនពាក់ព័ន្ធជាមួយរដ្ឋទាំង​អស់ជាសមាជិក ASEAN ឡើយ។

ទី២៖ ដោយហេតុនេះ កម្ពុជានឹងមិនចូលរួមក្នុងការបញ្ចេញជំហររួមណាមួយចំពោះសាលដីកា តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ ដែលនឹងធ្វើការសម្រេចលើវិវាទប្រទេសហ្វីលីពីន និងប្រទេសចិននោះ​ឡើយ។

ទី៣៖ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាមិត្តរបស់ភាគីជំលោះទាំងសង្ខាង និងក្នុងគោលបំណងរក្សាសន្តិភាព សន្តិសុខ ស្ថេរភាព នៅសមុទ្រចិនខាងត្បូង ក៏ដូចជាដើម្បីរក្សា​ផលប្រយោជន៍​ដ៏ធំធេងសម្រាប់តំបន់ទាំងមូល ដែលបានមកពីទំនាក់ទំនងសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តដ៏ល្អប្រសើរវាង ASEAN និងចិននោះ កម្ពុជាសូមអំពាវនាវដល់ប្រទេសហ្វីលីពីន និងប្រទេសចិន បន្តដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា៖