(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា លោកមិនចង់ឲ្យបរទេស លូនដៃចូលអន្តរាគមន៍ បញ្ហារបស់កម្ពុជាឡើយ តែលោក ចង់ឲ្យភាគីនយោបាយខ្មែរ រួមគ្នា ដោះស្រាយទំនាស់រវាងខ្មែរ និងខ្មែរវិញ។
ការអះអាងរបស់លោក កឹម សុខា បានធ្វើឡើង ខណៈដែលលោក ចូលរួមនៅក្នុងម្មវិធី « វគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំ ខេត្តកណ្ដាល(ក្រុមការងារ ក្រុមទ្រទ្រង់ គណៈកម្មាធិការប្រតិបត្ដិ ខេត្ត-ក្រុង-ស្រុក)» ធ្វើនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាព្រឹក ថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០១៦។
យោងតាម Facebook Page ផ្លូវការរបស់លោក កឹម សុខា បានបញ្ជាក់ថា« តើខ្មែរយើង អាចដោះស្រាយបញ្ហារវាងខ្មែរ និងខ្មែរបាន ឬ ទេ? ខ្ញុំសង្កេតឃើញថាកន្លងមក ពេលណាភាគីនយោបាយខ្មែរ ឈ្លោះគ្នា កាន់តែខ្លាំង បរទេសក៏ចូលអន្ដរាគមន៍កាន់តែច្រើន ទោះបីគេចូលក្នុងគោលបំណងល្អ ឬ មិនល្អ សម្រាប់យើងក៏ដោយ។ បើយើងទុកវិបត្ ដិនយោបាយនេះ ឲ្យអូសបន្លាយ ឬ រាលដាលកាន់តែខ្លាំង កម្ពុជាចៀសមិនផុតពីអន្ដរជាតិ លូកដៃចូលអន្ដរាគមន៍ មិនខានឡើយ។ ដូច្នេះ ខ្ញុំសូមអំពាវនាវឲ្យភាគីនយោបាយខ្មែរ បើមិនចង់ឲ្យបរទេសលូកដៃចូលអន្ដរាគមន៍ ក្នុងកិច្ចការនយោបាយយើងទេ យើងជាខ្មែរខ្លួនឯង ត្រូវតែរិះរកមធ្យោបាយដោះស្រាយការខ្វែងគំនិតគ្នា(ទំនាស់)នេះ រវាងខ្មែរ និងខ្មែរឲ្យបាន»។
នេះជាការអំពាវនាវ របស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ខណៈដែលដំណឹងនៃការជួបចរចាគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ មិនទាន់មានពន្លឺនៅឡើយ។ មិនទាន់មានពន្លឺដោយសារតែ បច្ចុប្បន្ននេះ សង្កេតឃើញថា ក្បាលម៉ាស៊ីនដឹកនាំ គណបក្សសង្រ្គោះជាតិ កំពុងតែមានភាពមិនច្បាស់លាស់ ត្រង់ថា លោក សម រង្ស៊ី ដែលជាប្រធានដឹកនាំ ក្រុមការងារសំលេងសភាភាគតិចកំពុង និរទសខ្លួននៅក្រៅប្រទេស និងតែងតែរិះគន់ និងវាយប្រហារខ្លាំងៗ លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំណែកប្រធានស្តីទីក្រុមការងារនេះ គឺលោក កឹម សុខា មិនហ៊ានដើរហើរដោយសេរីដូចមុន ដោយសារតែ ជាប់បណ្តឹង ពីកញ្ញា ខុម ច័ន្ទតារាទី ហៅ ស្រីមុំ និងកញ្ញា ធី សុវណ្ណថា ជាដើម៕