(មូស្គូ)៖ វាបានក្លាយជារឿងក្តៅស្លឹកត្រចៀកខ្លាំងសម្រាប់មហាអំណាចចិន និងរុស្ស៊ី ដែលកូរ៉េខាងត្បូងបាន សម្រេចយល់ព្រម​ឲ្យអាមេរិក ដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ដ៏ចម្រូង​ចម្រាស់​នៅ លើទឹកដីឧបទ្វីបកូរ៉េ ហើយទីក្រុងមូស្គូបានចេញសេចក្តីថ្លែង​ការណ៍គំរាមថា ប្រសិនបើអាមេរិកហ៊ានដាក់ពង្រាយប្រព័ន្ធ THAAD មែននោះ រុស្ស៊ីក៏នឹងប្រមូលគ្រាប់មីស៊ីល​របស់ខ្លួននៅដាក់​នៅភាគ ខាងកើតប្រទេស ដែលកៀកនឹងតំបន់នោះវិញផងដែរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានចេញផ្សាយនៅមុននេះបន្តិច នាយប់ថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦ ទៀតថា សេចក្តីព្រមានខាងលើនេះ ត្រូវបានចេញផ្សាយដោយគណកម្មាធិការប្រដាប់អាវុធ រុស្ស៊ី ដែលជាចំណុះនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ឬក៏សភាជាន់ខ្ពស់ ដែលមានលោក Evgeny Serebrennikov ជាប្រធាន ក្រោយពីទទួលបានព័ត៌មានថា អាមេរិក និងកូរ៉េខាងបានសម្រេច កិច្ចព្រមព្រៀងជាមួយគ្នា ដែលគ្រោងនឹងអនុវត្តនៅចុងឆ្នាំ ២០១៧។

លោក Evgeny Serebrennikov បានថ្លែងដូច្នេះថា «យើងកំពុងតែធ្វើការពិចារណាទៅលើ ការដាក់ពង្រាយរបស់កូរ៉េខាងត្បូង និងអាមេរិក ដើម្បីត្រៀមរៀបចំផែនការ​យោធារបស់​យើងដែរ។ នៅក្នុងកិច្ចសហការជាមួយក្រសួងការពារជាតិ យើងនឹងមានសេចក្តីសម្រេចថ្មីមួយ នៅក្នុងការ ពង្រឹងវិស័យការពារនៅទិសនោះ រួមទាំងការដាក់ពង្រាយគ្រាប់មីស៊ីល និងសព្វាវុធផ្សេងៗ»

គួរបញ្ជាក់ថា ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងភ្លាមៗហើយ ក្រោយពីកិច្ចព្រមព្រៀង រវាងអាមេរិក និងកូរ៉េខាងត្បូងសម្រេចបានភ្លាមៗដែរនោះ។ ដោយឡែកនៅតែកូរ៉េខាងជើង ហាក់ មិនទាន់បញ្ចេញប្រតិកម្មអ្វីទេ ដោយទំនងរវល់តែ​រឿងតស៊ូសង្គ្រាមសម្តីជាមួយអាមេរិក ដែលបានដាក់ មេដឹកនាំ គីម ជុងអ៊ុន និងមន្ត្រីកំពូលៗដទៃទៀត ទៅក្នុងបញ្ជីខ្មៅនៃការរំលោភសិទ្ធិមនុស្សនោះ៕