(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្ត និងប្រធានក្រុមការងារខេត្ត នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ មន្រ្តីមន្ទីរពាក់ព័ន្ធ លោក-លោកស្រីអភិបាលស្រុក កងកម្លាំង ព្រមទាំងស្ថានីយជញ្ជីងទាំង២កន្លែង បើកកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យ អនុវត្តលើការរឹតបណ្តឹងលក្ខណៈបច្ចេកទេសយានយន្តលើដងផ្លូវ ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ។

ក្នុងឱកាសនោះដែរ លោក គង់ គឹមនី បានណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត បន្តសហការគ្នាជាមួយនគរបាល និងកងរាជអាវុធហត្ថ ត្រូវចុះផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងច្បាប់នានា គ្រប់គោលដៅដែលបានកំណត់ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍មួយចំនួន សម្រាប់យកទៅអនុវត្តដូចជា៖

១៖ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងឯកសារយានយន្ត ចុះណែនាំម្ចាស់យានដ្ឋានកែច្នៃតំឡើងយានយន្តខុសលក្ខណៈបច្ចេកទេស តាមបណ្តាក្រុងស្រុក។
២៖ សូមក្រុមការងារចម្រុះខេត្តសហការគ្នា ជាមួយអាជ្ញាធរស្រុក ចុះឃាត់អប់រំ ធ្វើកិច្ចសន្យា និងត្រួតពិនិត្យឯកសារឲ្យបានច្បាស់លាស់ ចំពោះរថយន្តដឹកជញ្ជូនថ្ម និងត្រូវណែនាំម្ចាស់រថយន្ត ឲ្យចងរឹតបានត្រឹមត្រូវ និងមិនត្រូវបើកបរល្បឿនលឿន ដែលបង្កឲ្យមានការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។
៣៖ សូមបន្តយកចិត្តទុកដាក់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឲ្យបានហ្មត់ចត់ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះណែនាំដល់ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅតាមគោលដៅពីបញ្ហា ល្បឿនបើកបរ ផ្ទុកសំពីងសំពោង ការគ្រប់គ្រងយានដ្ឋានតំឡើងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងការដឹកលើសទម្ងន់កម្រិតកំណត់។
៤៖ ត្រូវបន្តទប់ស្កាត់ និងរឹតបន្តឹងឲ្យបានដាច់ខាត នូវការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
៥៖ បន្តគាំទ្រ និងជំរុញដល់សកម្មភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស ឲ្យមានភាពសកម្ម និងហ្មត់ចត់ ក្នុងការគ្រប់គ្រង យានដ្ឋាន ជួសជុលកែច្នៃយានយន្ត ការត្រួតពិនិត្យ ការកាត់តរថយន្តខុសបច្ចេកទេសរួមចំណែក ក្នុងការគ្រប់គ្រងយានយន្តឲ្យបានរៀបរយ និងមានសុវត្ថិភាពល្អប្រសើរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។
៦៖ ត្រូវខិតខំបន្តចុះអប់រំ ផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក តាមបណ្ដាគ្រឹះស្ថានរដ្ឋ និងឯកជន និងមូលដ្ឋានក្រុង/ស្រុក និងឃុំ/សង្កាត់ ជាពិសេសនៅតាមដងផ្លូវសំខាន់ៗ។

លោកអភិបាលរង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារកន្លងមក បានជោគជ័យតាម ផែនការសកម្មភាព ហើយធ្វើយ៉ាងណារក្សាសាមគ្គីភាពផ្ទៃក្នុង និងបន្តសហការអនុវត្តការងារ ជាមួយគណៈបញ្ជាការឯកភាពស្រុក ឲ្យបានល្អ និងមានប្រសិទ្ធភាព៕