(ស្វាយរៀង)៖ លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ប្រសិនបើជាយុវជនគ្មានជំនាញ គ្មានចំណេះដឹង នោះមិនអាចប្រកួតប្រជែងរកការងារសមរម្យបានទេ ដូច្នេះលោកបានជំរុញឱ្យយុវជនចាប់យកជំនាញកុំព្យូទ័រ បន្ថែមជាមួយចំណេះដឹងទូទៅ ដើម្បីមានសមត្ថភាពរកការងារសមរម្យ។

ការថ្លែងបែបនេះរបស់លោករដ្ឋលេខាធិការ ធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សកម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានតាមអ៉ីនធឺណិត (ប៊ីប) និងសិស្សរៀនកុំព្យូទ័រ (Word, Excel & Power Point)នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង។

លោករដ្ឋលេខាធិការ សេរី ជំនះ បានឱ្យដឹងថា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំបានរីកដុះដាលចាប់ពីទីក្រុងរហូតដល់ជនបទ ដោយមានសាលារៀនរាប់ម៉ឺនខ្នង ធ្វើឲ្យសិស្សានុសិស្សមានលទ្ធភាពរៀនសូត្រក្រៀបយកចំណេះវិជ្ជា តាំងពីបឋមសិក្សារហូតដល់មហាវិទ្យាល័យ ទាំងអស់នេះផ្ដើមចេញពីកត្តាសន្តិភាព អរគុណដល់សន្តិភាពដែលបាននាំមកនូវអ្វីៗគ្រប់យ៉ាងដល់ប្រជាជនខ្មែរ។

លោកបានបន្ថែមថា កម្មវិធីប៊ីបមានកិច្ចសហការ៣ស្ថាប័ន ទី១.ក្រសួងអប់រំ យុវជន និងកីឡា ទី២. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទី៣. មានការជួយគាំទ្រពីអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា។ ដូច្នេះជាឱកាសមួយសម្រាប់សិស្សានុសិស្ស ដើម្បីឆក់យកឱកាសនៅពេលនេះក្នុងការរៀនយកជំនាញ ព្រោះនាពេលបច្ចុប្បន្ន និងទៅអនាគតនៅតាមបណ្ដារោងចក្រ ក្រុមហ៊ុនផ្សេងៗ គេត្រូវការបុគ្គលិកដែលមានជំនាញ និងចំណេះដឹង និងកាត់បន្ថយកម្លាំងពលកម្មដោយកម្លាំង ព្រោះកាលណាបច្ចេកវិទ្យាទំនើប គេត្រូវការអ្នកដែលមានជំនាញពិតប្រាកដក្នុងការធ្វើការងារ។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះសាលារៀនបានមកដល់ផ្ទះរបស់សិស្សានុសិស្ស ដូច្នេះត្រូវតែខិតខំរៀនសូត្រ បើឈប់រៀនព្រោះតែក្រ អ្នកនឹងក្លាយជាអ្នកក្រមួយជីវិតព្រោះតែឈប់រៀន កុំបោះបង់ដោយសារស្ថានភាពគ្រួសារក្រ គឺត្រូវរៀនពេញមួយជីវិត។ នៅពេលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ការវិនិយោគយ៉ាងច្រើនលើជំនាញឌីជីថលនឹងជួយបង្កើនឱកាសរបស់យុវជន និងមនុស្សចំណាស់ក្នុងការទទួលបានការងារដែលមានគុណភាពខ្ពស់ និងបន្ថយហានិភ័យនៃការបាត់បង់ការងារ។ ឥឡូវនេះ គឺជាពេលវេលា ដើម្បីគិតឡើងវិញនូវការផ្តល់ជំនាញដោយប្រើ វេទិកានិម្មិត និងបច្ចេកវិទ្យាទូរស័ព្ទចល័ត ព្រមទាំងអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាលឱ្យភាពរហ័សរហួនក្នុងការផ្តល់នូវវគ្គសិក្សា និងសញ្ញាបត្រដែលត្រូវនឹងតម្រូវការទីផ្សារផងដែរ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ចំពោះការងារមជ្ឈមណ្ឌលយុវជនបានបើកវគ្គបណ្តុះបណ្តាលជំនាញខ្លី «កុំព្យូទ័រ» ដល់យុវជនចំនួន៦វគ្គអ្នកចូលរួមសរុប១៥០នាក់ ស្រី៨៥នាក់ ក្នុងនោះ៖
* ជំនាញកុំព្យូទ័រ២វគ្គ សរុប៦០នាក់ ស្រី២៩នាក់។
* ជំនាញកុំព្យូទ័រ១វគ្គ សរុប២៥នាក់ ស្រី១២នាក់។
* ជំនាញកុំព្យូទ័រ២វគ្គ សរុប៣៨នាក់ ស្រី២៦នាក់។
* ជំនាញកុំព្យូទ័រ១វគ្គ សរុប២៧នាក់ ស្រី១៨នាក់។

មជ្ឈមណ្ឌលយុវជនបានសហការជាមួយអគ្គនាយកដ្ឋានយុវជន បានផ្សព្វផ្សាយកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណេត (ប៊ីប) ទទួលចុះឈ្មោះសិស្សចូលរៀនបានចំនួន៥៦នាក់ ស្រី២២នាក់ ហើយបានរៀនចប់ចំនួន៣៣នាក់ ស្រី២១ និងប្រឡងជាប់ជាស្ថាពរចំនួន៣៣នាក់ ស្រី២១នាក់ផងដែរ។

ជាមួយគ្នានេះ លោកអនុប្រធានមន្ទីរអប់រំខេត្តក៏បានអំពាវនាវដល់សិក្សានុសិស្សដែលបោះបង់ការសិក្សាក្នុងកម្រិតថ្នាក់បឋមភូមិ សូមធ្វើការចុះឈ្មោះចូលរៀនបន្តជាមួយកម្មវិធី (ប៊ីប) ឲ្យបានគ្រប់ៗគ្នា ដើម្បីជាស្ពានចម្លងឲ្យបានចូលរៀនបន្តនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ក្នុងការចាប់យកជំនាញ និងចំណេះពិតប្រាកដ ដើម្បីឲ្យមានអនាគតល្អប្រសើរផងដែរ៕