(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឬទ្ធី បានសម្រេចដាក់ពិន័យខ្លួនឯង ដោយទិញត្រីឆ្ពិនជាង ២០០គីឡូក្រាម ទៅព្រលែងចូលទឹកទំនប់នៅតំបន់អភិវ ឌ្ឍន៍កែវផុស ដោយសារតែរូបលោកទៅចូលរួមទិវាមច្ឆជាតិក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ឧកញ៉ា ម៉ុង ឬទ្ធី ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាលដទៃទៀត នឹងត្រូវទៅចូលរួមទិវាមច្ឆជាតិ ១ កក្កដា នៅអាងទឹកអន្លង់ជ្រៃ ភូមិអន្លង់ជ្រៃ ឃុំប្រាំបី ម៉ុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ តែទាំងលោកឧកញ៉ា ម៉ុង ឫទ្ធី រួមនិងមន្រ្តីរាជរដ្ឋាភិបាលមួយចំនួនទៀត បានទៅដល់ក្រោយសម្តេចតេជោ ហ៊ុន សែន ដោយសារថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញទៅដល់កន្លែងរៀបចំកម្មវិធីលឿនជាងការគ្រោងទុក។
ឧកញ៉ា ម៉ុង ឫទ្ធី បានសម្តែងការសោកស្តាយចំពោះភាពយឺតយ៉ាវរបស់លោក។ លោកឧកញ៉ា បានបញ្ជាក់នៅទំព័រ Facebook របស់ លោកយ៉ាងដូច្នេះ «កាលពីព្រឹកមិញនេះ ខ្ញុំមានការសោកស្តាយខ្លាំងណាស់់ខំភ្ញាក់តាំងពីព្រលឹម ដើម្បីទៅចូលរួមក្នុងទិវាមច្ឆជាតិលើកទី១៤ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅអាងទឹកអន្លង់ជ្រៃ ភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ តែគួឲ្យសោកស្តាយបំផុតនៅពេល កំពង់ធ្វើដំណើរដល់ផ្លូវបត់ចូលទៅកាន់ទីតាំងប្រារព្ធពិធី បានទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីតាំងប្រារព្ធ ពិធីមុនទៅហើយ»។
លោកឧកញ៉ា បន្តថា «ពេលនោះ ខ្ញុំគ្មានផ្លូវណាជ្រើសរើសក្រៅតែពីខំស្រូតរូតដំណើរបង្ហួសមកតាមច្រកច្បារមនឡើង តាមផ្លូវជាតិលេខបួន មកដល់តំបន់អភិវឌ្ឍន៍កែវផុសរកទិញត្រីឆ្ពិនជាង ២០០គីឡូ នាំកូនចៅមកប្រលែងចូលទំនប់ទឹក ដើម្បីចូលរួមអបអរសាទរក្នុងទិវាមច្ឆជាតិ លើកទី១៤នេះ នឹងដើម្បីពិន័យដោយសារកំហុសខ្លួនទៅចូលរួមយឺតយ៉ាវ»៕