(ភ្នំពេញ)៖ ជាការពិតណាស់ ពិធីមង្គលការរបស់មហាសេដ្ឋីល្បីឈ្មោះ អ្នកឧកញ៉ា គិត ម៉េង និង អ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន គឺពិតជារឿងមួយ ដែលជាទីចាប់អារម្មណ៍ខ្លាំងណាស់ សម្រាប់​ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ដោយពិធីមង្គលការមួយនេះ បានសម្រិតសម្រាំងរៀបចំ មាន​ភាព​ល្អប្រណិត និងអធិកអធមល្អឥតខ្ចោះ ហើយសូម្បីតែកាដូសម្រាប់ជូនភ្ញៀវកិត្តិយស​ ក៏ជាទឹកអប់ម៉ាកល្បី ដែលកុម្ម៉ង់ពីប្រទេសបារាំងផងដែរ ។

នៅក្នុងនោះដែរ សូម្បីតែពិធីមង្គលការនេះ មិនមានពិធីហែជំនូនក៏ពិតមែន តែគេសង្កេតឃើញថា អ្នកឧកញ៉ាមានការយកចិត្តទុក គ្រប់រឿងក្នុងពិធីមង្គលការមួយនេះ ដោយគ្រាន់តែកាដូជូនភ្ញៀវសម្រាប់​ពេលល្ងាច ក៏ជាកាដូទឹកអប់ម៉ាកល្បី ដែលកុម្ម៉ង់ពីប្រទេសបារាំង ព្រោះថាដើម្បីឲ្យសមនឹងកិត្តិយស ម្យ៉ាងមង្គលការនេះ មានវត្តមានភ្ញៀវកិត្តិយស អ្នកមុខអ្នកការរាប់ពាន់នាក់ អញ្ជើញចូលរួមអបអរសាទរ ថ្ងៃមង្គលការជូនពរជ័យ ដល់គូស្វាមីភរិយាមួយគូនេះ ក្នុងនោះក៏មានថ្នាក់ដឹកនាំកំពូលៗ របស់​រាជរដ្ឋាភិបាល អញ្ជើញជាកិត្តិយសចូលរួម ដ៏ខ្ពង់ខ្ពស់ ហេតុដូចច្នេះគ្រប់យ៉ាងត្រូវតែរៀបចំឲ្យបានល្អ ។

សូមបញ្ជាក់ថា ពិធីមង្គលការលំដាប់មហាសេដ្ឋីអ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន នឹងធ្វើឡើងនៅថ្ងៃទី២០ ខែមីនាស្អែកនេះ ដោយលោកឧកញ៉ា រៀបចំពិធីជប់លៀងពេលល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចំនួន ៥អាគារជាប់គ្នា (L,K,J,I,H) ។ នៅក្នុងនោះ ឧកញ៉ាជាអ្នកកំដរកូនកំលោះទាំង ៣នាក់នោះ ត្រូវបានទម្លាយបែបចុងមាត់ចុងកថាមាន លោក ឧកញ៉ា ប៉េង ហួត ជាម្ចាស់បុរី ប៉េង ហួត លោកឧកញ៉ា ប៊ុន ហៃ ជាអគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងឧកញ៉ា ម្នាក់ទៀត ឈ្មោះ ហុង ជាម្ចាស់ហាងពេជ្រដ៏ធំមួយ នៅក្នុងទីក្រុងភ្នំពេញ។
ជាមួយគ្នានេះ ភរិយារបស់​លោកឧកញ៉ាទាំង ៣នេះ ក៏នឹងក្លាយជាអ្នកកំដរខាងកូនក្រមុំផងដែរ ។​ ហើយអ្នកដឹកដៃកូនកំលោះ ត្រូវបានលោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជាអ្នកដឹកដៃ រីឯកូនក្រមុំត្រូវបានលោកជំទាវ ហ៊ីង ប៊ុនហៀង ជាអ្នកដឹកដៃ ៕