(ប៉េកាំង, ចិន)៖ ក្នុងដំណើរទស្សនកិច្ចជាថ្មីលើទឹកដីមិត្តចាស់ពីសំណាក់បុរសខ្លាំង របស់កម្ពុជាតេជោសែន, រដ្ឋាភិបាលកម្ពុជា និងចិន បានឈានទៅដាក់ចេញនូវកិច្ចសហប្រតិបត្តិការថ្មីមួយទៀត ដែលហៅថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។
កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តថ្មីមួយទៀតរវាងកម្ពុជា និងចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងកម្រិតថ្មីមួយទៀត។
ក្រោមកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នេះ កម្ពុជា និងចិន បានឯកភាពគ្នាអភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការដោយផ្តោតសំខាន់លើវិស័យចំនួន៥រួមមាន៖ នយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល និងសន្តិសុខ។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ ត្រូវបានបញ្ជាក់លំអិតដូចខាងក្រោម៖
១៖ នយោបាយ៖ ប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឱ្យបានពេញលេញ ពង្រឹងការផ្លាស់ប្តូរអន្តរភាគីគ្រប់កម្រិត ទាំងក្នុងក្របខណ្ឌរដ្ឋ បក្ស និងយុវជន និងបន្តកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
២៖ សមត្ថភាពផលិតកម្ម៖ ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងការបន្ស៉ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ។ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាប្លិ៍អុបទិក ឃ្លាំងស្តុក និងភស្តុភារកម្ម ហើយចិននិងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងផ្លូវដែក។
៣៖ កសិកម្ម៖ សិក្សាបង្កើត (ច្រករបៀងមច្ឆា និងអង្ករ) អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ីទំនើប ពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើប ស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀត។
៤៖ ថាមពល៖ ជំរុញកិច្ចសហប្រតិបត្តិការលើថមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺ និងប្រភពថាមពលស្អាតដទៃទៀត ស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតង ស្ថិរភាព និងពឹងផ្អែកបាន។
៥៖ សន្តិសុខ៖ ចាប់យកសក្តានុពល នៃយន្តការកិច្ចសហប្រតិបត្តិការ រវាងយោធាទាំងពីរ តាមរយៈការពង្រឹងការផ្លាស់ប្តូរកងកម្លាំងសមភាគី និងសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា និងបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងមន្រ្តីអនុវត្តច្បាប់។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន៕