(ភ្នំពេញ)៖ លោក គឹម សុខ អតីតសកម្មជនគណបក្សរណឫទ្ធិ ដែលក្លាយជាអ្នកវិភាគនយោបាយ ត្រូវបានតុលាការផ្តន្ទាទោសជាថ្មី ដាក់ពន្ធនាគារ១៨ខែ ពិន័យប្រាក់៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងជំងឺចិត្តដល់ដើមបណ្តឹងចំនួន៥០លានរៀល ពាក់ព័ន្ធនឹងករណីញុះញង់ និងបរិហារកេរ្តិ៍ជាសាធារណៈចំពោះ ប្រមុខរដ្ឋាភិបាលកម្ពុជា។

ការប្រកាសសាលក្រមនេះ បានធ្វើឡើងដោយកំបាំងមុខ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ ដោយចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង សុជាតិ និងលោក សិត វណ្ណ: ជាតំណាងអយ្យការ។

សំណុំរឿង «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ» ដែលតុលាការចោទប្រកាន់លើ លោក គឹម សុខ ត្រូវបានតុលាការលើកយកមកជំនុំជម្រះកំបាំងមុខ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ខណៈដែលភាគីចុងចោទមានមេធាវីការពារក្ដីគឺ លោក ជូង ជូងី។

ក្នុងសំណុំរឿងនេះ លោក គឹម សុខ ត្រូវបានប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន ក្រោយពីលោកចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៧ថា បានបង្កើតប្រព័ន្ធសម្លាប់មនុស្សរួចរកឃាតកមិនដែលឃើញ។

លោក គឹម សុខ ក៏ធ្លាប់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្តងហើយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ដោយបានដាក់ទោសរយៈពេល ១៨ខែ ពិន័យ ៨លានរៀលចូលថវិការដ្ឋ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន ៨០០លានរៀល ក្រោមបទចោទប្រកាន់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ថា គណបក្សប្រជាជនកម្ពុជាជាអ្នកសម្លាប់បណ្ឌិត កែម ឡី ។

ក្រោយពេលអនុវត្តទោសចប់កាលពីឆ្នាំ២០១៨ លោក គឹម សុខ ត្រូវបានគេមើលឃើញថា បានមិនបានកែប្រែខ្លួននោះឡើយ ដោយបន្តចោទប្រកាន់លើរាជរដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន៕