(កណ្តាល)៖ អភិបាលខេត្តកណ្ដាល បានប្រគល់ប្លង់ដីជាប្រភេទប្លង់រឹងចំនួន១,០៩០ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិបឹងក្រោម និងភូមិបឹងកណ្ដាល និងឃុំខ្ពបអាទាវ ស្រុកលើកដែក។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ បានថ្លែងថា ការទទួលបានប័ណ្ណនាឱកាសនេះ គឺមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឲ្យបានល្អ ហើយសូមឲ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង។

លោកអភិបាលខេត្ត បានបន្តថា ការចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធានាកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។

ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋខិតខំបង្កើនផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្ម ឲ្យកាន់តែកើនឡើងថែមទៀត។ លោកក៏បានស្នើដល់ក្រុមការងារកំពុងសាងសង់ផ្លូវតាមតំបន់ព្រំដែន ដែលបានតបភ្ជាប់ពីឃុំក្អមសំណរ ស្រុកលើកដែក ទៅឃុំព្រែកជ្រៃ ស្រុកកោះធំ សូមពន្លឿនការសាងសង់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសការដឹកផលដំណាំក៏ដូចជាទំនិញនានា។

លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឲ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន១៨១ លើកស្មើនឹង២៥៩,៦៧៩ប័ណ្ណ ហើយថ្ងៃនេះ គឺជាលើកទី១៨២ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋមកពីភូមិបឹងក្រោម និងភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល សរុបចំនួន១,០៩០ប័ណ្ណ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត និងក្រុមការងារទាំងអស់ ដែលបានបំពេញបំណងជូនពួកគាត់ ដ្បិតប្លង់ដីនេះពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគាត់៕