(សៀមរាប)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២២ នៅស្រុកវ៉ារិន គោលដៅទី២ ក្រោមអធិបតីភាព លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពិន ប្រាកដ អភិបាលរងខេត្ត ស្ថិតនៅបរិវេណសាលាស្រុកវ៉ារិន។
ក្នុងនោះក៏មានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព កងកម្លាំង អាជ្ញាធរស្រុក ឃុំ នៃស្រុកវ៉ារិន និងស្រុកអង្គរជុំ អង្គការសង្គមស៊ីវិល វិស័យឯកជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីស្រុកទាំងពីរចំនួន៥០០នាក់។
លោក ពិន ប្រាកដ បានលើកឡើងថា វេទិកានេះពិតជាបានបង្ហាញឲ្យឃើញពីសមទ្ធិផលរយៈពេលមួយឆ្នាំរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកទាំងពី ក្នុងការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត ដើម្បីបម្រើសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោក អ៊ាន ឃុន បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនេះ និងផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះ ការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការ ជាអទិភាព និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
គួរជម្រាបថា វេទិកានេះក៏បានបើកទូលាយដល់ប្រជាពលរដ្ឋ ដើម្បីលើកឡើងពីទុក្ខកង្វល់នៅក្នុងមូលដ្ឋាន ដែលបានជួបប្រទះកន្លងមក។ ក្នុងនោះក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ ដោយផ្តោតទៅលើបញ្ហា អគ្គិសនី ផ្លូវថ្នល់ ការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ សុំមណ្ឌលសុខភាព ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បច្ចេកទេសកសិកម្ម ករណីសមត្ថកិច្ចចាប់ផាកអ្នកបើកបរត្រាក់ទ័រ និងមានសំណួរផ្ទាល់មាត់ចំនួន១២សំណួរ និងសំណូមពរសរសេរចំនួន១៤សំណួរផងដែរ។
មន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូលឲ្យអស់កង្វល់ ដែលប្រជាពលរដ្ឋមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ៕