(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិតនៅក្នុងខេត្តបាត់ដំបងចំនួនជាង២០០រូប។

លើកឡើងនាឱកាសនោះលោក Liu Zhijie អគ្គកុងស៊ុលស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាបបានកត់សម្គាល់ពីប្រសាសន៍របស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានរំលេចពីសមិទ្ធផលនានារបស់កម្ពុជាទទួលបានក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានផ្តល់ចំណងជើងថា ចំណងមិត្តភាពចិននិងកម្ពុជាកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកាន់តែស៊ីជម្រៅ និងបានគូសបញ្ជាក់ពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិនផងដែរ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលជាសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្មនៃបណ្តាប្រទេសនានាជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន ដោយការអភិវឌ្ឍរបស់ប្រទេសចិនជាអ្វីដែលមនុស្សជាតិទាំងអស់គ្នាប្រាកដជាអាចទទួលបានផលប្រយោជន៍ ហើយការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនជាការសង់ស្ពានមេត្រីភាពកាន់តែរឹងមាំក្នុងការចងស្ពានមេត្រីភាព រក្សាបាននូវមិត្តភាព សមភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបង្កើតនិងបង្កើនទំហំនំខេកផលប្រយោជន៍ដល់ពិភពលោក ក្នុងគោលបំណងកសាងបាននូវសហគមន៍រួមវាសនារបស់មនុស្សជាតិ។

 

លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្ថែមថា ទំនើបកម្មបែបផែនប្រទេសចិនមានបង្កប់នូវលក្ខណៈពិសេសមួយនោះគឺ «វិបុលភាពរួម» ប្រទេសចិននឹងបើកទូលាយក្នុងកម្រិតកាន់តែខ្ពស់ ដើម្បីចែករំលែកឱកាសទីផ្សារកាន់តែច្រើនដល់ពិភពលោក។

លោកបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមជាមួយនឹងក្តីសង្ឃឹមដែរថាអង្គពិធីទាំងមូលបានទទួលនូវពុទ្ធិកាន់តែស៊ីជម្រៅពីប្រទេសចិនទំនើបដែលមិនធ្លាប់ធ្វើអាណានិគម មិនដែលឈ្លានពាន មិនដែលបង្កសង្គ្រាម ហើយប្រទេសចិនមានបង្កើនឆន្ទៈក្នុងយន្តការពហុភាគីនិយមដោយផ្តល់ក្តីសង្ឃឹមយ៉ាងស្មោះដល់ភពផែនដីអភិវឌ្ឍរីកចម្រើនដោយសន្តិភាពនិងស្ថិរភាព។

ជាមួយគ្នានោះលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង និងជាសហនាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជាបានលើកដែរថា លោកធ្លាប់បានទៅទស្សនកិច្ចសិក្សាប្រទេសចិនជាច្រើនដង ហើយបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងសមិទ្ធផលដ៏អស្ចារ្យនៅក្នុងវិស័យទាំងឡាយ។

លោកបានបន្តថា ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ បក្សកុម្មុយនិស្តចិនក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង បានប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាអភិវឌ្ឍន៍ដែលផ្តោតអាទិភាពលើប្រជាជន សម្រេចបាននូវគោលដៅមួយរយឆ្នាំទី១ ដឹកនាំប្រជាជនចិនឱ្យសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រកសាងសង្គមមួយដែលមានភាពរីកចម្រើនមធ្យមក្នុងគ្រប់ជ្រុងជ្រោយផងដែរ៕