(ភ្នំពេញ)៖ មន្រ្តីជំនិតបំផុតមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៥ ខែមិថុនានេះថា «សម្តេចតេជោ ហ៊ុន សែន មិនបានស្កប់ស្កល់ទៅនឹងលិខិតមួយសន្លឹករបស់លោក សម រង្ស៊ី នោះទេ ព្រោះលិខិតនេះមិនបានបង្ហាញពីភាពទទួលខុសត្រូវរបស់លោក សម រង្ស៊ី ក្នុងនាមជាប្រធានគណបក្សនោះទេ»។
មន្រ្តីជំនិតបំផុតដដែលរូបនោះបានបញ្ជាក់ទៀតថា ការលើកឡើងនៅក្នុងលិខិតនោះមានលក្ខណៈកេងចំណេញផ្នែកនយោបាយ, ហើយការពិតគណបក្ស សង្គ្រោះជាតិ ជាបក្សដែលចូលចិត្តប្រើប្រាស់អំពើហឹង្សា លាបពណ៌ ប្រមាថ និងវាយប្រហារគេឯង ប៉ុន្តែបែរជាលើកឡើងថា ខ្លួនជាអ្នកប្រឆាំងនឹងទង្វើនេះទៅវិញ។
ចំណែកមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់លោក សម រង្ស៊ី ដែលលឺនឹងត្រចៀកផ្ទាល់បានទម្លាយប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះដែរថា ការពិតលោក សម រង្ស៊ី ជាអ្នកនិយាយនៅក្នុងអង្គប្រជុំផ្ទាល់តែម្តង ដោយបញ្ជា និងបង្គាប់ឲ្យសកម្មជន របស់ខ្លួន (Brady N Young ឈ្មោះនៅក្នុង Facebook) ឲ្យធ្វើទង្វើវាយប្រហារ និងប្រមាថកាតទានចំពោះភរិយា និងកូនប្រុសរបស់សម្តេចតេជោ ប៉ុន្តែនៅពេលនេះបែរជាធ្វើលិខិតសម្តែងការសោកស្តាយទៅវិញ។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា លិខិតដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន គឺគ្រាន់តែជាលិខិតបោកប្រាស់តែប៉ុណ្ណោះ និងជាការសារភាពរបស់លោក សម រង្ស៊ី ជាសាធារណៈថា គ្មានសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសកម្មជនគាំទ្ររបស់ខ្លួន។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីរូបនោះបានបញ្ជាក់ថា «សារលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន មួយច្បាប់នេះ មិនអាចជ្រៀតចូលកិច្ចការ របស់ស្ថាប័នតុលាការនោះទេ»៕