(បាត់ដំបង)៖ លោក សុខ លូ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានណែនាំអំពីវិធានការមួយចំនួនជាអាទិ៍ ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាពទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ កើតឡើងភ្លាមៗដោយមិនត្រូវទុកឲ្យមានការរ៉ាំរ៉ៃយូរឡើយ។
ការណែនាំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ដោយផ្ដោតលើរបៀបវរៈសំខាន់ៗ មួយចំនួនរួមមាន ឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣, ឆ្លង និងអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ និងការងារផ្សេងៗ
លោក សុខ លូ បានសំណូមពរដល់សមាជិក សមាជិកាទាំងអស់ មេត្តាពិនិត្យពិភាក្សា និងចូលរួមជួយផ្តល់នូវមតិយោបល់បំពេញបន្ថែមកែសម្រួលរាល់ខ្លឹមសារ និងសកម្មភាពមួយចំនួនទៀត ដែលនៅខ្វះចន្លោះ ដើម្បីដាក់បញ្ចូល ក្នុងគោលបំណងធ្វើឲ្យរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២២ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣នេះ មានភាពត្រឹមត្រូវច្បាស់លាស់ និងតម្លាភាព។
លោកបានបញ្ជាក់ថា ទន្ទឹមនឹងនេះ ត្រូវបន្តចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត់ការឆ្លង នៃជំងឺរាតត្បាតនានាទាំងជំងឺគ្រុនឈីក គ្រុនឈាម រួមទាំងជំងឺកូវីដ-១៩ តាមមូលដ្ឋានភូមិ ឃុំ ស្រុក និងគ្រឹះស្ថានសិក្សានានា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមឲ្យកាន់តែទូលំទូលាយ អំពីសកម្មភាព បេសសកកម្មដែលសាខាកំពុងអនុវត្ត ក៏ដូចជាការផ្សព្វផ្សាយអប់រំបញ្ហានានា ដែលកើតមាននៅក្នុងសង្គម។
លោកបានបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា មិនត្រូវតែរួមចំណែកក្នុងការងារមនុស្សធម៌តែមួយមុខទេ តែការងារសង្គមការផ្សព្វផ្សាយ ក៏ជាភារកិច្ចចាំបាច់របស់កាកបាទក្រហមកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងខេត្ត មានការយល់ដឹងកាន់តែទូលំទូលាយផងដែរ។
បន្ថែមពីនេះ លោកក៏បានក្រើនរំលឹក ដល់មន្រី្តប្រតិបត្តិសាខា អនុសាខា សូមចូលរួមបន្តអនុវត្តរាល់សកម្មភាពការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរ និងសកម្មផុលផុស និងប្រមូលផ្តុំកម្លាំងមនុស្សធម៌ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤រួមមាន៖
*ទី១៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
*ទី២៖ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
*ទី៣៖ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
*ទី៤៖ ការអភិវឌ្ឍស្ថាប័ន។ ម៉្យាងទៀតត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ ជនងាយរងគ្រោះនៅតាមមូលដ្ឋានដូចជាអ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ធ្វើផ្ទះជូនជនទីទ័លក្រជាដើម៕