(កំពង់ស្ពឺ)៖ ដើម្បីទទួលស្វាគមន៍ទេសចរមកលេងកម្សាន្តក្នុងពិធីប្រណាំងទូក «ង» អបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងធ្វើឡើងពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងកងកម្លាំងទាំង៣ប្រភេទ ក្នុងខេត្តកំពង់ស្ពឺ ប្រមាណជាង៥០០នាក់ បាននាំគ្នាសម្អាតអនាម័យបរិស្ថាន នៅក្នុងក្រុង និងបានអំពាវនាវដល់ទេសចរជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋឱ្យមកលេងកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ ឱ្យបានច្រើនកុះករ។

ការអនាម័យ សម្អាតបរិស្ថាននេះធ្វើឡើងនៅតាមដងផ្លូវសំខាន់ៗទីធ្លាសាធារណៈ សួនច្បារ កន្លែងប្រារព្ធពិធិដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

ក្នុងពិធីនេះលោក វ៉ី សំណាង បានថ្លែងថា៖ «ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ គឺមានតួនាទីសំខាន់បំផុតក្នុងការចូលរួមថែរក្សា និងសំអាតអនាម័យបរិស្ថាន នៅតាមលំដ្ឋានរបស់ខ្លួន ក៏ដូចជាចូលរួមក្នុងសកម្មភាពសំអាតអនាម័យនៅតាមទីសាធារណៈ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តរបស់យើងមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តបានច្រើនកុះករ នាឱកាសដែលខេត្តកំពង់ស្ពឺ ប្រារព្ធនូវពិធីប្រណាំងទូក «ង» នាពេលខាងមុខ»

តំណាងយុវជន ស.ស.យ.ក ខេត្តកំពង់ស្ពឺ ដែលបានចូលសម្អាតបរិស្ថានកញ្ញា សេង លក្ខិណា បានរៀបរាបថា ក្នុងនាមកញ្ញាជាយុវជន ក៏ដូចជាពលរដ្ឋខេត្តកំពង់ស្ពឺ ពិតជាមានមោទនភាព និងសប្បាយចិត្តយ៉ាងខ្លាំង ដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ ហើយបានរៀបចំពិធីប្រណាំងទូកយ៉ាងធំ សម្រាប់ឱ្យប្រជាពលរដ្ឋ ក្នុងខេត្តក៏ដូចភ្ញៀបជាតិ អន្តរជាតិបានទស្សនាកម្សាន្តសប្បាយ ហើយពិសេសជាងនេះ គឺបានរៀបចំកែលម្អសោភ័ណភាពក្រុងបានយ៉ាងស្អាតគួរជាទីគាប់ចិត្ត។

ចំណែកឯលោក ស៊ូ សុផាណ្ណា តំណាងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលបានចូលរួមសម្អាតបរិស្ថាន នៅតាមមាត់ទឹកក្នុងស្ទឹងព្រែកត្នោត ដែលជាទីកន្លែងសម្រាប់រៀបចំការប្រណាំងទូក «ង» បានបង្ហាញពីការពេញចិត្តចំពោះការដឹកនាំរបស់អភិបាលបាលខេត្តកំពង់ស្ពឺ ដែលបានខិតខំរៀបចំធ្វើឱ្យខេត្តកាន់តែមានភាពទាក់ទាញ និងល្បីល្បាញ តាមរយៈគម្រោងអភិវឌ្ឍន៍នានា ពិសេសការរៀបចំពិធីប្រណាំងទូក «ង» ដែលបានខកខានអស់រយៈពេលជាងពីរឆ្នាំមកហើយ។

ប្រជាពលរដ្ឋក្នុងខេត្តពិតជាពេញចិត្តចំពោះការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ ក៏ដូចជាកែប្រែមុខមាត់ខេត្តឱ្យមានភាពស្រស់បំព្រងនារយៈពេលកន្លងមកនេះ ក្រោមអណត្តិដឹករបស់លោក វ៉ី សំណាង។ ក្នុងន័យនេះ គឺលោកមានមោទនភាពដែលមានមេដឹកនាំល្អ បានរស់នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានបេះដូងស្រឡាញ់ខេត្តកំពង់ស្ពឺ៕