(ភ្នំពេញ)៖ សមត្ថកិច្ចក្រសួងមហាផ្ទៃបានចាប់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធបន្លំធ្វើជាមន្ត្រីក្រសួងបរិស្ថាន និងយកឈ្មោះកូនប្រុស​ថ្នាក់ដឹកនាំទៅរកស៊ីទិញលក់ដីឲ្យ អ្នកវិនិយោគទុនបរទេស​ដោយ​យកលុយពីគេជិត១លានដុល្លារ​ថាយកទៅទិញដីអោយ ពេលបានលុយគេចបាត់ដីក៏អត់ លុយក៏អស់ហើយត្រូវជនរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនតែម្ដងទៅ។

ជនសង្ស័យទាំង៣នាក់នោះរួមមាន៖ទី១.ឈ្មោះ សួន មាន ភេទប្រុស អាយុ៤៧ឆ្នាំ បន្លំធ្វើជាមន្ត្រីបរិស្ថាន ហើយទំនងជាមេក្លោង។ ទី២ឈ្មោះ ហង្ស សុខា ភេទប្រុស អាយុ៤៧ឆ្នាំ និងទី៣ឈ្មោះ ស៊ុន សុខហេង  ភេទប្រុស អាយុ៥៨។ ចំណាត់ការចាប់ខ្លួននេះ ធ្វើឡើងតាមបណ្តឹង​របស់ជនរងគ្រោះឈ្មោះសូ ណាវី បានដាក់ពាក្យបណ្តឹងប្តឹងទៅ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។ក្នុងចំណោម​ជនសង្ស័យទាំង៣នាក់នេះ មានម្នាក់ឈ្មោះ សួន មាន បានយកឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងកូនថ្នាក់ដឹកនាំជាន់ខ្ពស់ដើរទិញដីឲ្យអ្នកវិនិយោគបរទេស ក្នុងតម្លៃជិត១លានដុល្លារ នៅភូមិ​ឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែធាតុពិតមិនមានដីអោយនោះទេ ពេលជនរងគ្រោះទារលុយវិញ មិនមានលុយសងហើយយកឈ្មោះកូនថ្នាក់ដឹកនាំទៅគំរាមទៀត។ចំណែក​ជនសង្ស័យម្នាក់ទៀត ឈ្មោះ ហង្ស សុខា ក៏បានយកឈ្មោះលោក ហ៊ុន ម៉ានី ប្រធានសហភាពសម្ព័ន្ធ​យុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ ទៅដើរទិញលក់ដីពីឈ្មោះ ស៊ុន សុខហេង  ប៉ុន្តែត្រូវបានបែកការណ៏។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនិងបញ្ជូនខ្លួនមកតុលាការ កាលពីថ្ងៃទី១០ មិថុនា។ មកដល់ព្រឹកថ្ងៃទី១១ មិថុនា នេះ ពួក​គេកំពុងស្ថិតនៅក្នុងការ​សាកសួរអំពីដំណើររឿង ឆបោកក្នុងការទិញលក់ដី ដែលមានតម្លៃជិត ១លានដុល្លារ​នៅឡើយដោយ​មានព្រះរាជអាជ្ញារងហុឹង ប៊ុនថន ជាអ្នកកាន់សំណុំរឿង តែ​លទ្ធផលយ៉ាង​ណានោះគេនៅមិន​ទាន់ដឹងនៅឡើយទេ៕